ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ធ្ងន់ធ្ងរ​លោក​ត្រាំ​គម្រាម​ដាក់​ពន្ធ​ថ្មី​បន្ថែម​​ បើមិន​ព្រម​ជួប​នៅ​កិច្ចប្រជុំ G20

4 ឆ្នាំ មុន

​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់​ត្រាំ (Donald Trump) បាន​និយាយ​ថា​លោក​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ដាក់​ពន្ធ​បន្ថែម​លើ​ផលិតផល​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន ដែល​មាន​ចំនួន ៣០០ ពាន់​លាន​ដុល្លារ​អាម៉េរិក​ទៅ​កាន់​សហរដ្ឋអាមេរិក…

​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូ​ណា​ល់​ត្រាំ (Donald Trump) បាន​និយាយ​ថា​លោក​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ដាក់​ពន្ធ​បន្ថែម​លើ​ផលិតផល​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន ដែល​មាន​ចំនួន ៣០០ ពាន់​លាន​ដុល្លារ​អាម៉េរិក​ទៅ​កាន់​សហរដ្ឋអាមេរិក ប្រសិនបើ​មេដឹកនាំ​ចិន​លោក ស៊ី ជី​ន​ភីង មិន​ជួប​គាត់​នៅ​ឯ​កិច្ចប្រជុំ​នៃ​ក្រុម​ប្រទេស G20 ដែល​នឹង​រៀបចំ​ឡើង​នៅ​ប្រទេស​ជប៉ុន​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ភ្នាក់ងារ​សារ​ព​ត៌​មាន CNN កាលពី​ថ្ងៃ​ទី ១១ ខែមិថុនា​ម្សិលមិញ​នេះ ។

​តាំងពី​មានការ​ចរចា​ចំនួន​ពីរ​ថ្ងៃ​កាលពី​ខែ​មុន ក្នុង​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​ជួបនឹង​ឧបសគ្គ​មិន​អាច​ឆ្លង​ផុត​បាន​មក លោក​ប្រធានាធិបតី ត្រាំ បាន​និយាយ​ម្តង​ហើយ​ម្តងទៀត​ថា​លោក​នឹង​ជួប​ជាមួយនឹង​លោក​ប្រធានា​ធិបតី ស៊ី នៅ​ប្រទេស​ជប៉ុន​នា​ថ្ងៃ​ទី ២៨-២៩​ខែមិថុនា ឆ្នាំ ២​ឥ​០១៩ នេះ ប៉ុន្តែ​ប្រទេស​ចិន​មិន​ទាន់​បញ្ជាក់​​ថា ​ពិតជា​មាន​កិច្ចប្រជុំ​នេះ​ពិតមែន​ទេ​។ ព្រម​ជាមួយ​គ្នា​នោះ​ផង​ដែរ មិន​មានការ​ចង្អុលបង្ហាញ​ជា​សាធារណៈ​ថា​មេដឹកនាំ​ចិន​លោក ស៊ី ជី​ន​ភីង បំណង​ចៀស​វេស​ពី​លោក​ត្រាំ នៅ​កិច្ចប្រជុំ​មេដឹកនាំ​ពិភព​លោក​នៅ​អូ​សា​កា​នេះ​ទេ ខណៈ​ពួក​គេ​ទាំង​ពីរ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ពិភាក្សា​គ្នា​ពី​សង្គ្រាម​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ទាំង​ពីរ​។

លោក ត្រាំ បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទ​ជាមួយ​ស្ថានីយទូរទស្សន៍ CNBC កាលពី​ថ្ងៃ​ចន្ទ​ថា «​ខ្ញុំ​គិត​ថា​គាត់​នឹង​ទៅ ហើយ​ខ្ញុំ​គិត​ថា​យើង​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​ហើយ​ខ្ញុំ​គិត​ថា​គាត់​នឹង​ទៅ​ចូលរួម​ប្រជុំ​» ។ »​ខ្ញុំ​នឹង​ភ្ញាក់ផ្អើល ប្រសិនបើ​គាត់​មិន​ទៅ​ចូលរួម​នោះ ។ តែ​ខ្ញុំ​គិត​ថា​គាត់​នឹង​ទៅ ហើយ​ខ្ញុំ​មិន​បាន​ទទួល​ដំណឹង​ថា គាត់​នឹង​មិន​ទៅ​ចូលរួម​នោះ​ទេ ។ យើង​រំពឹង​ថា​នឹង​បាន​ជួប​ប្រជុំ​ជាមួយ​គ្នា ហើយ​ប្រសិន​បើ​​យើង​មិន​អាច​ទេ ឬ​ក៏​យើង​អាច​ជួប​ប្រជុំ មិន​មាន​បញ្ហា​អី​ដែរ​» ។

​គួរ​បញ្ជាក់​ផង​ដែរ​ថា សហរដ្ឋអាមេរិក​បាន​ដាក់​ពន្ធ ២៥% លើ​ផលិតផល​ចិន​ប្រមាណ ២៥០​ប៊ី​លាន​ដុល្លារ​​ទៅ​ហើយ​។ ក្រសួងការបរទេស​របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ច័ន្ទ​ដែរ​ថា​ប្រទេស​ចិន​បើក​ទូលាយ​ក្នុង​ការ​ចរចា​លើ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋអាមេរិក​បន្ត ប៉ុន្តែ​មិន​និយាយ​អ្វី​ទាក់ទិន​នឹង​កិច្ចប្រជុំ​ទេ​។ ភាព​តានតឹង​រវាង​ប្រទេស​ទាំង​ពីរ​បាន​កើនឡើង​យ៉ាង​ខ្លាំង​កាលពី​ខែឧសភា​បន្ទាប់​ពី​រដ្ឋា​ភិបាល​លោក​ត្រាំ​ចោទប្រកាន់​ថា​ប្រទេស​ចិន​បាន​លេខ​ពាក្យ​ស​ម្តី្ក​ក្នុង​ការ​ធ្វើ​កំណែទម្រង់សេដ្ឋកិច្ច​។

សហរដ្ឋអាមេរិក​ទាមទារ​ឲ្យ​មានការ​ធ្វើ​កំណែទម្រង់​ជា​ច្រើន​ពី​ប្រទេស​ចិន​ដូច​ជា​បញ្ឈប់​ការ​បង្ខំ​ឲ្យ​ផ្ទេរ​បច្ចេកវិទ្យា និង​ការ​លួច​រឿង​សម្ងាត់​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ជាដើម​។ ពួក​គេ​ក៏​ចង់​ឲ្យ​ប្រទេស​ចិន​កាត់​បន្ថយ​ការ​ផ្តល់​ឧបត្ថម្ភ​ធន​ដល់​ក្រុមហ៊ុន​រដ្ឋ និង​បើក​ទូលាយ​ទីផ្សារ​បន្ថែម​សម្រាប់​ក្រុមហ៊ុន​អា​មេ​រិ​ក​ដែរ​។

ប្រទេស​ចិន​បាន​ប្រកាស​កាលពី​ថ្ងៃ​ច័ន្ទ​ថា​ការ​នាំ​ចេញ​របស់​ពួក​គេ​កើនឡើង​បាន​១.១%​កាលពី​ខែឧសភា​បើ​ទោះជា​សហរដ្ឋអាមេរិក​បង្កើន​ពន្ធ​ពិតមែន ប៉ុន្តែ​ការ​នាំ​ចូល​បាន​ធ្លាក់​ចុះ​ច្រើន​ជាងគេ​ក្នុង​រយៈពេល​ជិត​៣​ឆ្នាំ​មកនេះ​។ អ្នកវិភាគ​មួយ​ចំនួន​គិត​ថា​អ្នក​នាំ​ចេញ​ក្នុង​ប្រទេស​ចិន​ប្រហែលជា​ប្រញាប់​នាំ​ចេញ​ផលិត​ផល​ទៅ​កាន់​សហរដ្ឋអាមេរិក​ដើម្បី​ជៀសវាង​ត្រូវ​បង់ពន្ធ​ថ្មី​។ ក្រុម​អាជីវកម្ម​អា​មេ​រិ​ក​ជា​ច្រើន​ប្រឆាំង​នឹង​ការ​ដាក់​ពន្ធ ដោយ​មាន​ក្រុមហ៊ុន​ព្រួយបារម្ភ​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្រូវការ​ព្រោះ​តម្លៃ​ផលិតផល​នឹង​កើនឡើង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ