ដីធ្លី​នៅ​តំបន់​នេះ​ឡើងថ្លៃ​ដូច​ព្យុះ​…​ដែល​គេ​នឹក​ស្មាន​មិនដល់


ខេត្តមណ្ឌលគិរី ៖ ក្រុម​មន្ត្រី​អាកាសចរណ៍​ស៊ី​វិល​ចុះ​កំណត់​ព្រំ​ដី និង​សិក្សា​បន្ថែម ដើម្បី​ឈាន​ដល់ការ​អភិវឌ្ឍ​អាកាសយានដ្ឋាន​លើ​ផ្ទៃដី​ទំហំ​ជាង​៣០០​ហិ​កតា ស្ថិត​នៅ​ភូមិ​ពូ​ហ្សា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូរ​រាំង ។

លោក សៀ​ក មុន្នី អភិបាលស្រុក​អូរ​រាំង​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្មី​ៗ​នេះ ប្រតិភូ​របស់​អាកាសចរណ៍​ស៊ី​វិល បាន​ចុះ​ពិនិត្យ​លើ​ទីតាំង​ជាក់ស្តែង​ដែល​បាន​កំណត់​តាំងពីយូរ​មក​ហើយសម្រាប់​អភិវឌ្ឍន៍​ទៅ​ជា​ប្រ​លាន​យន្តហោះ ។ លោក​មុន្នី​ថា ដោយសារ​តែ​នៅ​ទីតាំង​នេះ​ត្រូវ​អភិវឌ្ឍន៍​មាន​គម្រោង​ច្រើន ដូច្នេះ​ផ្ទៃដី​ដែល​ទុក​សម្រាប់​ធ្វើ​ប្រ​លាន​មាន​ទំហំ​ធំ​រាប់រយ​ហិ​កតា ពោល គឺ​មានការ​សង់​ហេដ្ឋារចនាសម្ព័ន្ធ​ជា​ច្រើន​បន្ថែម​ទៀត ។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ថ្លែង​ថា «​គម្រោង​សាងសង់​ប្រ​លាន​យន្តហោះ​នេះ គឺ​គ្រាន់តែ​ខេត្ត​នឹង​អាកាសចរណ៍​ស៊ី​វិល​បាន​សហការ​គ្នា ដើម្បី​រៀបចំ​ទីតាំង​ដី​ទុក​សម្រាប់​យើង កសាង​ប្រ​លាន​យន្តហោះ នេះ​ជា​គម្រោង​មួយ​ដែល​ខេត្ត​បាន​រក​ដី​ទុក ប៉ុន្តែ​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់​យើង​នៅ​មិន​ទាន់​ប្រាកដ​ថា តើ​ត្រូវ​សាងសង់​នៅ​ពេល​ឆាប់​ៗ​នេះ ឬ​ក៏​ទៅ​អនាគត​ខាង​មុខ ពោល គឺ​មិន​ទាន់​កំណាត់​ថា យ៉ាងណា​នោះ​ទេ​…​ដោយសារ​ឥឡូវនេះ យើង​ក៏​មិន​ទាន់​មាន​ថវិកា ឬ​ដៃគូ​សម្រាប់​សាងសង់​ប្រ​លាន​ហ្នឹង​ទេ ប៉ុន្តែ​ជា​ការ​សំខាន់ យើង​ត្រូវ​ត្រៀម​ដី​បម្រុង​ទុក​ជៀសវាង​គ្មាន​ទីតាំង នៅ​ពេល​ដែល​គម្រោង​ត្រូវ​ចាប់ផ្តើម​យើង​មាន​ដី​ទុក​តែ​ម្តង ។ លោក​អភិបាលខេត្ត​បញ្ជាក់​ថា បើ​យើង​មិន​ធ្វើ​អ៊ីចឹង​ទេ យើង​អត់​មាន​ទីតាំង​សម្រាប់​សាងសង់​ទេ ដូច្នេះ ហើយ​បានជា​អាជ្ញាធរ​ខិតខំ​ការពារ​ដី ទុក​រហូត​ទំហំ​ជាង​៣០០​ហិ​កតា​» ។ទោះជា​យ៉ាងណា​គេ​នៅ​មិន​ទាន់​ដឹង​ថា គម្រោង​សាងសង់​ប្រ​លាន​យន្តហោះ​ថ្មី​នេះ នឹង​ចាប់ផ្តើម​សង់​ពិតប្រាកដ​នៅ​ពេល​ណា​នោះ​ទេ តែ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​សម្តែង​សុទ្ធិ​និយម​ថា បើ​គម្រោង​ប្រ​លាន​ត្រូវ​បាន​សង់​រួចរាល់ វា​បាន​ហុច​ផល​យ៉ាងច្រើន​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់ ។ ជា​ពិសេស​វា​នឹង​បម្រើ​ផលប្រយោជន៍​លើ​វិស័យ​ទេសចរណ៍​បាន​ប្រសើរ​ជាង​មុន ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ចំពោះ​វិស័យ​ដីធ្លី​វិញ គេ​សង្កេត​ឃើញ​ថា មាន​ឈ្មួញ​រាប់រយ​នាក់ ពី​ទីក្រុង ជា​ពិសេស​ថៅកែ​ខ្លះ​ស្កាត់​តាំងពី​ខេត្ត​ព្រះ​សីហ​នុ សម្រុក​ទៅ​រក​ទិញ​ដី​នៅ​តំបន់​ស្រុក​អូរ​រាំង ។ ដី​ដែល​មាន​ហាងឆេង​ជាងគេ​នៅ​តំបន់​នេះ គឺ​ដី​នៅ​ឃុំ​ដាក់​ដាំ និង​ឃុំ​សែន​មនោ​រម្យ ដែល​កាលពីមុន​ឆ្នាំ​២០១៨ ដី​នៅ​ទី​នេះ​តាម​បណ្តោយ​ផ្លូវជាតិ មាន​តម្លៃ​ប្រមាណ​ត្រឹម​៥០០​ដុល្លារ ទៅ​៧០០​ដុល្លារ ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ែត្រ ហើយ​ដី​ប្រភេទ​ចម្ការ​មាន​តម្លៃ​ចន្លោះ​ពី​១ ៥០០​ដុល្លារ​ទៅ​៣ ០០០​ដុល្លារ ក្នុង​មួយ​ហិ​កតា តែ​ចាប់ពី​ដើមឆ្នាំ​២០១៩ រហូត​មក​ទល់​បច្ចុប្បន្ន​ដី ទាំងនោះ​បាន​កើន តម្លៃ​ទ្វេ​មួយ​ជា​ដប់ ។

ក្រុម​អ្នក​គួ​ក​ជេ​ដី​នៅ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ដី​នៅ​ស្រុក​អូរ​រាំង​សព្វថ្ងៃ ដែល​នៅ​ជាប់​ផ្លូវជាតិ​មាន​តម្លៃ​ចាប់ពី​១៥០០​ដុល្លារ​ទៅ​៣៥០០​ដុល្លារ ឬ​ថ្លៃ​ជាង​នេះ​ទៅ​តាម​ទីតាំង​ជាក់ស្តែង ហើយ​ដី​ភ្នំ ឬ​ប្រភេទ​ចម្ការ​ធំ​ៗ​បាន​កើនឡើង​រហូត​ដល់​៥០០០​ដុល្លារ ទៅ​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ហិ​កតា ដោយសារ​មាន​នាយទុន​ទិញ​ទុក​លក់​បន្ត ខ្លះ​ទៀត​ទិញ​ប្រភេទ​ដី​មាន​ភ្នំ ឬ​ទឹកអូរ​សម្រាប់​សង់​ជា​រី​ស៊​ត​ទើប​ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​តំបន់​នេះ​ឡើងថ្លៃ​នឹក​ស្មាន​មិន​ដល់ ។

សូម​រំ​ឮ​កថា ខេត្តមណ្ឌលគិរី​បាន​បាត់បង់​ប្រ​លាន​យន្តហោះ​ដែល​មាន​តាំងពី​កាល​បង្កើត​ខេត្ត​នេះ​ដំបូង ក្រោយ​រាជរដ្ឋាភិបាល​សម្រេច​យក​ប្រ​លាន​ចាស់​ធ្វើ​ជា​សួនឧទ្យាន​ជាតិ​មុន​ដំបូង​គេ នៅ​ប្រទេស​កម្ពុជា ដែល​មា​នទី​តាំងនៅ​កណ្តាល​ក្រុង​សែន​មនោ​រម្យ ជិត​រង្វង់​មូល​គោព្រៃ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ