ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាសាទ​កោះកែរ ក្សត្រ​ជំនាន់​នោះ​សាង​សង់​ឡើង​ផ្តោត​លើ​អ្វី ?

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តព្រះវិហារ ៖ ប្រាសាទ​កោះកែរ មាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំ​មក​ហើយ ស្ថិត​នៅ​ខាងកើត​តំបន់​រាជធានី​អង្គរ​(​អង្គរវត្ត​)​ក្នុងភូមិ​ស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ ចម្ងាយ​ពី​ទីរួមខេត្ត​ប្រមាណ​៥០​គីឡូម៉ែត្រ ។…

ខេត្តព្រះវិហារ ៖ ប្រាសាទ​កោះកែរ មាន​អាយុកាល​ជាង​១​ពាន់​ឆ្នាំ​មក​ហើយ ស្ថិត​នៅ​ខាងកើត​តំបន់​រាជធានី​អង្គរ​(​អង្គរវត្ត​)​ក្នុងភូមិ​ស្រ​យ៉ង់​ជើង ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ ចម្ងាយ​ពី​ទីរួមខេត្ត​ប្រមាណ​៥០​គីឡូម៉ែត្រ ។

តាម​ឯកសារយោង​របស់​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​៩២១ ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ បាន​ចាក​ចោល​អង្គរ​(​យ​សោ​ធ​បុរី​) ហើយ​ប្តូរ​រាជធានី​ទៅ​តំបន់​មួយ​ចម្ងាយ​ប្រមាណ​ជា​១០០​គីឡូម៉ែត្រ​ភាគ​ឦសាន​ក្រុង​អង្គរ​មានឈ្មោះ​ហៅ​ថា «​ធោ​ក​គ​គ្យិ៍​រ​»​ប្រែ​ថា​«​ស្រះ​គគីរ​» ហើយ​បាន​ប្រែ​ក្លាយទៅជា​កោះ​កេរ្តិ៍ ដែល​បច្ចុប្បន្ន​គេ​ហៅ​តំបន់​នេះ​ជា​ផ្លូវការ​ថា «​កោះកែរ​» ។

ក្នុង​ឆ្នាំ​៩២៨ ពេល​ដែល​មហាក្សត្រ​គ្រងរាជ្យ​នៅ​យ​សោ​ធរ​បុ​រៈ បាន​សោយ​ទិវង្គត ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ បាន​ប្រកាស​ខ្លួន​ជា​ស្តេច​ចក្រវាល ព្រម​ជាមួយនឹង​ជំនឿ​នៃ​ការ​គោរព​បូជា​ចំពោះ​ពិធី​ទេវរាជ ពោល​គឺ «​កម្រ​តេ​ង ជគត ត​រាជ​» ។ នៅ​ទីនោះ​ព្រះ​អង្គ​បាន​ចាប់ផ្តើម​ធ្វើ​សកម្មភាព ធំ​ៗ ដូច​ជា​សាងសង់​ប្រាសាទ​ជា​ច្រើន និង​បារាយណ៍​មាន​លំនាំ​ដូច​នៅ​អង្គរ​ដែរ ។ នេះ​ជា​ការ​ស្តែង​ចេញ​នូវ​អំណាច​សេដ្ឋកិច្ច និង​ធនធានមនុស្ស​សម្រាប់​ធ្វើការ​នៃ​រជ្ជកាល​របស់​ព្រះ​អង្គរ និង​ព្រមទាំង​ជា​សញ្ញាណ​នៃ​កម្មវិធី​ថ្មី ។

តាម​សិលាចារឹក​មួយ​បាន​ហៅ​រាជធានី​កោះកែ​រថា «​លិង្គ​បុរី​» គឺ​ស​ម្តៅ​លើ​ព្រះ​លិង្គ​មួយ​យ៉ាង​ធំ​ដែល​បាន​ដាក​តម្កល់​លើ​កំពូល​ប្រាសាទ​ពីរ៉ាមីត​កាល​ជំនាន់​នោះ ។ សិលា​ច​រឹក​បាន​ចារ​លើក​សរសើរ​ពី​វីរភាព​របស់​ព្រះ​អង្គ​ថា គឺជា​ការ​ស្វែងរក​រាជ្យ និង​អំណាច​គ្រប់គ្រង​សេដ្ឋកិច្ច​ពិតប្រាកដ និង​រាជធានី​ថ្កុំថ្កើង​លើ​អាណា​ចក្រ​ទាំងមូល ។ ភាព​រុងរឿង​ក្រៃ​លែង​របស់​ព្រះ​អង្គ​នៅ​ទី​នេះ​មាន​រយៈពេល​តែ​២០​ឆ្នាំ ពោល​គឺ​នៅ​ឆ្នាំ​៩៤១ ទើប​ព្រះ​អង្គ​សោយ​ទិវង្គត ហើយ​ទទួល​មរណៈនាម​ថា «​បរម​ស្វរ​បទ​» ។ ព្រះរាជបុត្រ​របស់​ព្រះ​អង្គ​ព្រះ​នាម​(​ហ​រស​វរ្ម័ន​)​ទី​២ បាន​គ្រងរាជ្យ​បន្ត​រយៈពេល​ខ្លី​ដល់​ឆ្នាំ​៩៤៤ ទើប​ព្រះ​ភាគី​នេ​យ្យ​(​ក្មួយ​)​របស់​ព្រះ​អង្គ គឺ​ព្រះបាទ​រាជេន្ទ្រ​វរ្ម័ន​ទី​២ បាន​យាង​ត្រឡប់ និង​ប្តូរ​រាជធានី​ពី​ធោ​ក​គ​គ្យិ៍​រ​ទៅ​សោយរាជ្យ​នៅ​យ​សោ​ធ​បុ​រៈ​វិញ​។

បច្ចុប្បន្ន​រមណីយដ្ឋាន​កោះ​កេរ្តិ៍ ត្រូវ​បាន​កំណត់​ជា​រមណីយដ្ឋាន​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ដែល​ការពារ​តាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០០៤ ព្រម​ជាមួយ​ព្រះរាជក្រឹត្យ ចុះ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៦ ស្តី​ពី​ការ​ប្រគល់​រមណីយដ្ឋាន​កោះកែរ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​គ្របគ្រង​របស់​អាជ្ញាធរ​ជាតិ​ព្រះ​វិហារ​វិញ ។

ប្រាសាទកោះកេរ្តិ៍ គេ​ចាត់ទុកជា​ប្រាសាទភ្នំ មាន​កម្ពស់​៣៥​ម៉ែត្រ ចែក​ចេញ​ជា​៧​ថ្នាក់​ដូច​មហា​ចេតិយ៍​ពីរ៉ាមីត បែរមុខ​ទៅ​ទិស​ខាងលិច​ទៅ​រក​រាជធានី​អង្គរ មាន​ជណ្តើរ​ចំនួន​៥៥​កាំ (​សព្វថ្ងៃ​មិន​អាច​ប្រើ​បាន​)។ លើ​កំពូល​មាន​រូបចម្លាក់​ទម្រ​ព្រះ​សិវលិង្គ ហើយ​ចំ​កណ្តាល​មាន​មាត់​អណ្តូង​ប្រវែង​៤​ម៉ែត្រ​៤​ជ្រុង​ចុះ​ទៅ ។

នៅ​ជុំវិញ​ប្រាសាទ​នេះ ក្រុម​ស្រាវជ្រាវ​កំពុង​រុករក​ប្រាសាទ តូច​ៗ​ចំនួន​៩៦​បន្ថែម​ទៀត​នៅ ដាច់​ៗ​ពី​គ្នា ដែល​មាន​ចម្ងាយ​ពី​គ្នា​ពី​១​គីឡូម៉ែត្រ ទៅ​៣ ឬ​៤​គីឡូម៉ែត្រ តែ​ប្រាសាទ​ខ្លះ​បាក់បែក​បាត់​រូបរាង និង​នៅ​កប់​ក្នុង​ដី​ជា​ច្រើន​ទៀត ។

ព្រះបាទ​ជ័យ​វរ្ម័ន​ទី​៤ បាន​កសាង​ប្រាសាទ​នេះ​ឡើង​អស់​រយៈពេល​១៤​ឆ្នាំ​ទើប​រួចរាល់ ដោយ​ផ្តោត​ទៅ​លើ​ទេវរូប​លិង្គ​ជា​ធំ​នៃ​តួ​ប្រាសាទធំ និង​តួ​ប្រាសាទ តូច​ៗ​ផង​ដែរ ។ តួ​ប្រាសាទ តូច​ៗ​ជុំវិញ គឺជា​ផល​ប្រយោជន៍​​បាន​ផ្តល់​ជំនឿ​របស់​ប្រជាជន មន្ត្រីរាជការ​សម័យ​នោះ​ក្នុង​ការ​គោរព​ទី​សក្ការបូជា ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ