ប្រទេសថៃ៖ យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Bangkok Post ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ៍ កន្លងមកបានឲ្យដឹងថា ក្រសួងថាមពលមានគម្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងម៉ាឡេស៊ី និងឡាវ នៅដើមខែកញ្ញាខាងមុខនេះ ដែលនឹងបង្កើនការធ្វើពាណិជ្ជកម្មអគ្គិសនីកើនឡើងបីដងក្នុងចំណោមប្រទេសទាំងបី ។
កិច្ចព្រមព្រៀងនឹងត្រូវបានចុះក្នុងទីក្រុងបាងកករវាងបុគ្គលជារដ្ឋាភិបាលបីដូចជាអាជ្ញាធរអគ្គិសនីប្រចាំប្រទេសថៃ (Egat) Electricite du Laos និង Tenaga Nasional Berhad ។ ក្រោមកិច្ចព្រមព្រៀងខាងលើ Egat គឺជាអ្នកទិញ ចំណែកឯភាគីពីរទៀតជាអ្នកលក់ ។ អ្នកតំណាងរបស់ប្រទេសទាំងបីនឹងចុះកិច្ចព្រមព្រៀងទិញថាមពលដែលរួមមានកិច្ចព្រមព្រៀងមួយបន្ថែមទៀតដែលទិញអគ្គសិនីប្រមាណ៣០០មេហ្គាវ៉ាត់ ។
គួរបញ្ជាក់ផងដែរថា ប្រទេសទាំងបីបានសាកល្បងការទិញអគ្គិសនីកាលពីឆ្នាំ ២០១៦ និង២០១៧ ដែលមើលឃើញមានការទិញថាមពលប្រមាណ៥០ម៉េហ្គាវ៉ាត់ ។
លោក Kulit Sombatsiri ដែលជាអគ្គលេខាធិកាអចិន្ត្រៃយ៍របស់ក្រសួងថាមពលថៃបាននិយាយថា ប្រទេសទាំងបីនឹងពិភាក្សាពីព័ត៌មានលម្អិតទាក់ទិននឹងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងថ្មី ។
លើសពីនេះទៅទៀត ក្រសួងថាមពលបានប្រកាសថា ពួកគេបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំកិច្ចប្រជុំថ្នាក់ខ្ពស់ទាក់ទិននឹងថាមពល SOME នៅថ្ងៃទី២៤ដល់២៨ ខែមិថុនា ខាងមុខនេះក្នុងទីក្រុងបាងកក ។ លទ្ធផលនៃកិច្ចប្រជុំនេះនឹងត្រូវបានរាយការណ៍ទៅកិច្ចប្រជុំអាស៊ានថ្នាក់រដ្ឋមន្ត្រីស្តីពីថាមពល (AMEM) នៅថ្ងៃទី ៤ដល់៥ ខែកញ្ញា ក្នុងទីក្រុងបាងកកដែរ ។
លោកបានបន្តថា AMEM នឹងពិភាក្សាពីគម្រោងកិច្ចសហប្រតិបត្តិការថាមពលក្នុងតំបន់ ហើយនឹងផ្តោតសំខាន់លើភាពតភ្ជាប់នៃប្រព័ន្ធថាមពលក្នុងអាស៊ីអាគ្នេយ៍ បំពង់ហ្គាស និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាដើម ។ លោកបានបន្ថែមថា ប្រទេសថៃចង់ក្លាយជាអ្នកដឹកនាំក្នុងតំបន់ដើម្បីជំរុញឲ្យមានការបង្កើតប្រព័ន្ធថាមពលប្រចាំអាស៊ីអាគ្នេយ៍ដែលតភ្ជាប់តំបន់ដើម្បីលើកតម្កើងការលូតលាស់សេដ្ឋកិច្ច។
ក្នុងឆ្នាំនេះ ប្រទេសថៃមានគម្រោងរៀបចំអនុស្សារណៈនៃការយោគយល់គ្នាសម្រាប់មជ្ឈមណ្ឌលថាមពលអាស៊ានដើម្បីជំរុញដល់ការខិតខំក្នុងការបង្កើតបណ្តាញថាមពលជីវៈឥន្ធនៈអាស៊ាន និងបណ្តាញស្រាវជ្រាវនិងអភិវឌ្ឍន៍ថាមពលជីវៈឥន្ធនៈជាដើម ៕
ប្រភព ៖ Bangkok Post , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ