រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអះអាងថា ចំនួនគ្រោះថ្នាក់ចរាចរណ៍មួយថ្ងៃៗមិនទាន់ថយចុះនោះទេ ក្នុងមួយរយៈពេលនេះ ។ សម្តេច ស ខេង ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍លើកទី១២ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ យ៉ាងដូច្នេះថា ៖ «តាមខ្ញុំតាមដានជាប្រចាំរៀងរាល់ថ្ងៃនោះ គឺចំនួនគ្រោះថ្នាក់ចរាចរណ៍មិនមែនថយចុះនោះទេ ។
នេះជាសញ្ញាមួយបង្ហាញថាការគោរពច្បាប់ក្នុងពេលធ្វើដំណើរហាក់បីដូចជា មានការធ្លាក់ចុះ ។ ការពិតហើយយើងក៏ត្រូវមានមើលឃើញកក្តាផ្សេងទៀត ដែលបណ្តាលឲ្យគ្រោះថ្នាក់ចរាចរណ៍ដូចជា កំណើតយានយន្តកើនរហូត៣០% នៅឆ្នាំ២០១៨ ហើយដើមឆ្នាំ២០១៩ មកបច្ចុប្បន្ននេះចំនួននេះវាកើនឡើងច្រើនជាងនេះទៀតដោយមិនទាន់គិតពីម៉ូតូ និងទោចក្រយាន្តផង» ។ សម្តេចក៏បានលើកឡើងថា ចំពោះការកើនឡើងយានយន្តដែលធ្វើឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺជាកក្តាមួយដែលគួរចាប់អារម្មណ៍ដែលត្រូវរកដំណោះស្រាយក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឲ្យបានជាអតិបរមាណផងដែរ ។ សម្តេចក៏បានលើកឡើងការប្រារព្ធទិវាគ្រោះថ្នាក់ចរាចរណ៍លើកទី១២ ថ្ងៃនេះ គឺជាការផ្ញើសារណែនាំរបស់រាជរដ្ឋាភិបាលជូនចំពោះអ្នកប្រើប្រាស់ទាំងត្រូវយកអស់ស្មារតីក្នុងការគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបង្កើនការប្រុងប្រយ័ត្នគ្រប់ការធ្វើដំណើរតាមដងផ្លូវ និងមានសីលធម៌យោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក ដែលប្រការទាំងនោះ គឺជាឱសថដ៏ស័ក្តសិទ្ធក្នុងការបំបាត់គ្រោះថ្នាក់ចរាចរណ៍ និងទទួលសេចក្តីសុខជានិច្ចនិរន្ត៍ ។
សម្តេចក៏បានអាះអាងថា គណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានកំពុងតែខិតខំទប់ស្កាត់កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមរយៈការដាក់ចេញផែនការសកម្មភាពដល់គ្រប់យន្តការចំណុះទាំងអស់ និងខិតខំអនុវត្តចាប់ពីពេលនេះតទៅ ។ ជាមួយគ្នានោះដែរ សម្តេចក៏បានអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ចូលរួមអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាកយករដ្ឋមន្ត្រីថា ៖«ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍»ផងដែរ ដោយគោរពតាមខ្លឹមសារដូចជា ៖ មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត់ ។ មិនត្រូវបើកបរស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត ។ គោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឹងម៉ាត់ …..៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ