ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតផល​ថ្នាំជក់​បង្កើត​ហានិភ័យ​ចម្បង​បំផុត​ចំពោះ​អ្នក​ប្រើប្រាស់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ផលិតផល​ថ្នាំជក់​បាន​បង្កើត​ហានិភ័យ​ចម្បង​បំផុត​ចំពោះ​អ្នក​ប្រើប្រាស់ គឺ​ជំងឺមហារីក​សួត និង​មហារីក​សេរី​រា​ង្គ​ផ្សេង​ៗ​ទៀត​ដែល​មនុស្ស​ត្រូវ​ចាក​ចេញពី​ការ​ប្រើប្រាស់​ផ​លិ​ផល​នេះ ។ លោក​វេជ្ជ​ប​ណ្ជិ​ត​អ៊ឹ​ង ភី​រុន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់…

រាជធានី​ភ្នំពេញ ៖ ផលិតផល​ថ្នាំជក់​បាន​បង្កើត​ហានិភ័យ​ចម្បង​បំផុត​ចំពោះ​អ្នក​ប្រើប្រាស់ គឺ​ជំងឺមហារីក​សួត និង​មហារីក​សេរី​រា​ង្គ​ផ្សេង​ៗ​ទៀត​ដែល​មនុស្ស​ត្រូវ​ចាក​ចេញពី​ការ​ប្រើប្រាស់​ផ​លិ​ផល​នេះ ។

លោក​វេជ្ជ​ប​ណ្ជិ​ត​អ៊ឹ​ង ភី​រុន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី​«​ភាព​ជា​អ្នកដឹកនាំ​ក្នុង​ការ​ត្រួតពិនិត្យ​ការ​អនុវត្តន៍​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​នានា​ស្តី​ពី ការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​» នា​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា នៅ​វិមាន​រដ្ឋសភា យ៉ាង​ដូច្នេះ​ថា​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​ធ្វើ​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​ទាំង​អ្នក​ជក់ និង​អ្នក​មិន​ជក់​ដែល​បាន​ស្រូប​ផ្សែង​បារី​ដោយ​អ​ចេតនា ព្រមទាំង​បាន​ធ្វើ​ឱ្យ ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​សង្គម និង​បរិស្ថាន​ថែម​ទៀត ។

លោក​បញ្ជាក់​ថា ៖« ផលិតផល​ថ្នាំជក់ គឺជា​កត្តា​ហានិភ័យ​ចម្បង​ដែល​បណ្តាល​ឱ្យ​កើត​ជំងឺមហារីក​សួត និង​មហារីក​សរីរាង្គ​ផ្សេង​ៗ​ទៀត​ជំងឺ​បេះដូង និង​សរសៃឈាម ជំងឺ​សួត​រ៉ាំរ៉ៃ ជា ដើម​» ។ ជាមួយ​គ្នា​នោះ​ដែរ​លោក​រដ្ឋលេខាធិការ​ក៏​បាន​ឲ្យ​ដឹង​ថា តាម​ការ​ស្រាវជ្រាវ​របស់​អង្គការ​សុខភាព​ពិភពលោក ការ​ប្រើប្រាស់​ថ្នាំជក់ ជា​ពិសេស​ការ​ជក់បារី បណ្តាល​ឱ្យ​ស្លាប់​មនុស្ស លើ​ពិភពលោក​ប្រមាណ​៨.១ លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ ។

រីឯ​អ្នក​មិន​ជក់បារី​ចំនួន​៩​សែន​នាក់​បាន​ស្លាប់​ក្នុង​មួយ​ឆ្នាំ​ដោយ​គ្រាន់តែ​ស្រូប​ផ្សែង​បារី​ពី​គេ ។ ចំណែក​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រជាពលរដ្ឋ​ប្រើប្រាស់​ថ្នាំជក់​ប្រមាណ​២​លាន​នាក់ (​ជក់បារី​ប្រមាណ​ចំនួន​១.៦ លាន​នាក់ និង​ចុក​ថ្នាំជក់​ប្រមាណ​ចំនួន​៤​សែន​នាក់​) ។ លោក​រដ្ឋលេខាធិការ​ក៏​បាន​អះអាង​ថា ក្រសួងសុខាភិបាល និង​គណៈកម្មាធិការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់​បាន​នឹង​កំពុងធ្វើការ​យ៉ាង​យកចិត្តទុកដាក់​បំផុត ដើម្បី​លើកកម្ពស់​សុខុមាលភាព​ប្រជាជន​កម្ពុជា និង​ជំរុញ​ឱ្យ​មានការ​ផ្តល់​សេវា​ប្រកបដោយ​គុណភាព​នឹង​បាន​ទៅ​ដល់​ប្រជាជន​គ្រប់​ទីកន្លែង ។ លោក​បន្ថែម​ថា ទាក់ទង​នឹង​ការ​ការពារ​ជំងឺ​ដែល​បណ្តាល​មក​ពី​ការ​ប្រើប្រាស់​ផលិតផល​ថ្នាំជក់​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់​នូវ​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្តិ​ផ្សេង​ៗ​ផង​ដែរ ។

លោក​បាន​បញ្ជាក់ «​យើង​មាន​មោទនភាព​ក្នុង​ការ​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ទប់ស្កាត់​ការ​ប្រើប្រាស់​ថ្នាំជក់​នៅ​ប្រទេស​កម្ពុជា ។ ទន្ទឹម​នឹង​នេះ​បញ្ហា​ប្រឈម​ក្នុង​ការ​អនុវត្ត​ការ​ត្រួតពិនិត្យ​ថ្នាំជក់​ក៏​មាន​ដូច​ជា ការ​ជ្រៀតជ្រែក​របស់​ឧស្សាហកម្ម​ថ្នាំជក់ និង​ផលិតផល​ថ្នាំជក់ នៅ​តែ​ជា​បញ្ហា​ចម្បង ដោយ​ឧស្សាហកម្ម​ថ្នាំជក់​នៅ​តែ​មាន​ឥទ្ធិពល​ក្នុង​ការ​រារាំង​វិធានការ​ត្រួតពិនិត្យ ផលិតផល​ថ្នាំជក់​តាម​គ្រប់​រូបភាព​» ។ លោក​បាន​បន្ថែម​ថា ទោះជា​យ៉ាងនេះ​ក្តី​គណៈកម្មាធិការ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ និង​ក្រសួងសុខាភិបាល​បាន​នឹង​កំពុង​ខិតខំ​បន្ថែម​ទៀត ដើម្បី​ជំរុញ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថ្នាំជក់​ឱ្យ​កាន់តែ​មាន​កម្រិត​ទាប​ជា​បន្តបន្ទាប់ ។

ក្រសួងសុខាភិបាល​មាន​មោទនភាព​ដោយ​បាន​រួម​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​អាជ្ញាធរ​ដែនដី​ដើម្បី​ជំរុញ​ការ​អនុវត្ត​ច្បាប់​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ឲ្យ​មាន​ប្រសិទ្ធភាព ។ ចំណែក​លោក ស្រី​ឡោក ខេ​ង​ប្រធាន​គណៈកម្មការ​ទី​៨​នៃ​រដ្ឋសភា​បាន​លើក​ឡើង​ថា ការ​កំណត់​ពន្ធ​លើ​ផលិតផល​ថ្នាំជក់​នៅ​មាន​កម្រិត​ទាប​បើ​ធៀប​នឹង​ប្រទេស​ជិតខាង ដែល​យើង​ដឹង​ថា​ការ​តម្លើង​ពន្ធ​គឺ​ចំណូល​ជាតិ​ក៏​ដោយ​ចុះ​។ ដោយឡែក​កម្ពុជា​ក៏​មិន​ទាន់​មាន​មូលនិធិ​ត្រួតពិនិត្យ​ផលិតផល​ថ្នាំជក់ ដើម្បី​ពង្រឹង​យន្តការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​យន្តការ​ការ​ត្រួតពិនិត្យ យន្តការ​អធិការកិច្ច និង​យន្តការ​ផាកពិន័យ ។ យើង​ពិនិត្យ​ឃើញ​ថា​ថ្នាំជក់ គឺជា​ផលិតផល​ប្រើប្រាស់​ស្រប ច្បាប់​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​គ្រប់​រូប ជា​ពិសេស​មនុស្ស​ពេញវ័យ​-​វ័យក្មេង​ដែល​ងាយ​រង​នូវ​ផល​ប៉ះពាល់ និង​ការ​ជះ​ឥទ្ធិពល​ផ្នែក​សុខភាព​-​សុខមាលភាព​សង្គម និង​បរិស្ថាន ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ