ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​រដ្ឋលេខាធិការ ប៊ុ​ន សំបូរ និង​ភរិយា​ជូន​រង្វាន់​ដល់​សិស្ស​ពូកែ​ប្រចាំឆ្នាំ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ប៊ុ​ន សំបូរ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា «​កត្តា​សំខាន់​ដែល​ជា​គ​ន្លឹះ​ក្នុង​ការ​ដឹកនាំ​ប្រទេស គឺ​ធ្វើ​ឲ្យ​ប្រជាជន​បាន​រស់នៅ​ប្រកបដោយ​សន្តិភាព ស្ថិរភាព​នយោបាយ…

រាជធានី​ភ្នំពេញ ៖ លោក ប៊ុ​ន សំបូរ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា «​កត្តា​សំខាន់​ដែល​ជា​គ​ន្លឹះ​ក្នុង​ការ​ដឹកនាំ​ប្រទេស គឺ​ធ្វើ​ឲ្យ​ប្រជាជន​បាន​រស់នៅ​ប្រកបដោយ​សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ​ផ្លូវចិត្ត សេដ្ឋកិច្ច​រីក​ចម្រើន សាសនា​ត្រចះត្រចង់​ហើយ​ទាំង​អស់នេះ​មាន​តែ​គណបក្ស​ប្រជាជន​ប៉ុណ្ណោះ​ដែល​អាច​ធ្វើ​បាន​» ។

លោក​បាន​ថ្លែង​បែប​នេះ​ក្នុង​ឱកាស​ប្រគល់​រង្វាន់​ដល់​ជ័យ​លា​ភី​ជា​សិស្ស​ពូកែ​នៅ​ទូ​ទាំង​សង្កាត់​បឹង​ធំ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចំនួន​១២០ នាក់​នា​ព្រឹក​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០១៩​នេះ នៅ​វិទ្យាល័យ​បឹង​ធំ ដោយ​មានការ​ចូលរួម​អមដំណើរ​ដោយ​ក្រុម​គ្រួសារ សប្បុរសជន មន្ត្រី​មូលដ្ឋាន លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស លោកយាយ លោកតា ប្រមាណ​ជិត​៨០០​នាក់​។

លោក​បាន​មាន​ប្រសាសន៍​ទៅ​កាន់​អង្គពិធី​បន្ថែម​ថា នេះ​ជា​ឆ្នាំ​ទី​២០ ហើយ​ដែល​ក្រុម​គ្រួសារ​របស់​លោក រួម​នឹង​សប្បុរសជន​បាន​រៀបចំ​ពិធី​នេះ​ឡើង ដើម្បី​ជា​ការ​លើកទឹកចិត្ត​ដល់​ក្មួយ​ៗ​ឲ្យ​បន្ត​ខិតខំ​សិក្សា ដើម្បី​មានចំណេះ​ដឹង​ក្លាយជា​កូន​ល្អ សិស្ស​ល្អ មិត្ត​ល្អ និង​ពលរដ្ឋ​ល្អ​ទាំង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត ហើយ​លោក​ក៏​បាន​លើក​ឡើង​នូវ​ដំបូន្មាន​ល្អ​ៗ របស់​ព្រឹទ្ធាចារ្យ​ជំនាន់​មុន​មក​ចែក​ជូន​ក្មួយ​ៗ​គ្រាន់​យក​ជា​គំរូ និង​ទុក​ត្រិះ​រិះ​ពិចារណា ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ផង​ដែរ លោក​រដ្ឋលេខាធិការ​បាន​ពាំនាំ​នូវ​បណ្តាំ​សាកសួរ​សុខទុក្ខ​ពី​ប្រមុខ​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​ជូន​ដល់​លោកតា លោកយាយ លោកគ្រូ អ្នកគ្រូ ព្រមទាំង​ក្មួយ​ៗ​ទាំងអស់​ដែល​លោក​តែង​គិតគូរ​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ។ លោក​បាន​ជម្រាប​ជូន​ដល់​អង្គពិធី​អំពី​សភា​ការណ៍​នយោបាយ​ថ្មី​ៗ​របស់​ប្រទេស​ជាតិ ដែល​កំពុង​មាន​សន្តិភាព សន្តិសុខ សណ្តាប់​ធ្នាក់​ល្អ និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​ទន្ទឹម​នេះ រាជរដ្ឋាភិបាល​ក៏​កំពុង​កំណែទម្រង់​ការងារ​ជា​ច្រើន​សំដៅ​ឲ្យ​ការ​ដឹកនាំ​កាន់តែ​មាន​ប្រ​សិ​ទ្ឋ​ភាព និង​អភិបាលកិច្ច​ល្អ ។

លោក​ក៏​បាន​ជម្រាប​ជូន​អំពី​លទ្ធផល​ខ្ទេចខ្ទាំ វិនាស​ព្រាត់ប្រាស់ ស្លាប់​ជីវិត​មនុស្ស​របស់​ប្រទេស​មួយ​ចំនួន​ដូច​ជា ស៊ែ​រី អេ​ហ្សី​ប ទុ​យ​នេ​ស៊ី​…​ដែល​ទទួល​រង​ដោយសារ​បដិវត្តន៍​ពណ៌ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ចៀសវាង ចូលរួម ឬ​ជឿ​តាម​ការ​ធ្វើ​បដិវត្តន៍​ពណ៌​នេះ ។ លោក​បាន​បន្ថែម​ថា បុព្វបុរស​ខ្មែរ​យើង​បាន​ទូន្មាន​ឲ្យ​យកចិត្តទុកដាក់​ចំពោះ​មនុស្ស​ដែល​ជា​អ្នក​មានគុណ​ទាំងអស់​មាន​៥​ប្រភេទ គឺ​គុណ​ឪពុក គុណ​ម្តាយ ឬ​អាណាព្យាបាល គុណ​ព្រះមហាក្សត្រ ឬ​អ្នកដឹកនាំ​ប្រទេស គុណគ្រូ​បាធ្យាយ និង​គុណ​ញាតិ​មិត្ត​ជិត​ឆ្ងាយ ដែល​បាន​ជួយ​ទុក្ខ​ធុរៈ​របស់​ខ្លួន ហើយ​ចំពោះ​ជាក់ស្តែង​វិញ​នៅ​ប្រទេស​កម្ពុជា​យើង​នេះ នា​សម័យ​ប៉ុ​ល​ពត យើង​ទាំងអស់​គ្នា​បាន​បួងសួង​សូម​ឲ្យ​មាន​អ្នក​ជួយ​រំដោះ​យើង​ឲ្យ​រួច​ចាក​ផុត​ទុក្ខវេទនា​នោះ ពេល​នោះ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​មាន​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ចេញ​តស៊ូ​ដឹកនាំ​ការ​រំដោះប្រទេស ការពារ និង​អភិវឌ្ឍន៍​សង្គម​ជាតិ​យើង​បាន​ដូច​សព្វ​ថ្ងៃនេះ ។

ពាក់ព័ន្ធ​ការ​សិក្សា​របស់​ក្មួយ​ៗ លោក​រដ្ឋលេខាធិការ​បាន​រំលឹក​ក្មួយ​ៗ​ថា ក្មួយ​ៗ​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ស្តាប់​គ្រូ​ពន្យល់ ត្រូវ​រៀន​ហើយ​រៀន​ទៀត កា​សិក្សា​មិន​មាន​ពេល​បញ្ចប់​ទេ ហើយ​ឪពុក​ម្តាយ​ក៏​ត្រូវ​អប់រំ​បន្ថែម​ដល់​ក្មួយ​ៗ​ព្រោះ​ពួក​គេ​នៅ​សាលា​តែ​៤​ម៉ោង​ទេ សល់​ប៉ុន្មាន​ម៉ោង​ទៀត​គឺ​នៅ​ជាមួយ​ឪពុក​ម្តាយ ឬ​អាណាព្យាបាល ។

លោក​និង​លោក​ជំទាវ​ព្រមទាំង​ក្រុម​គ្រួសារ និង​សប្បុរសជន​បាន​ជូន​រង្វាន់​សិស្ស​ពូកែ​ចំណាត់ថ្នាក់​លេខ​១ លេខ​២ និង​លេខ​៣ ចំនួន​១៣០​នាក់ សិស្សានុសិស្ស​ចូលរួម​៤១៩​នាក់​នូវ​ថវិកា សម្ភារ​សិក្សា​សម្លៀក​បំពាក់ លោកគ្រូ​អ្នក គ្រូ​ឆ្នើម​៤​នាក់ នូវ​កង់​ម្នាក់​១ លោកយាយ លោកតា មាតាបិតា​អាណាព្យាបាល​សិស្ស ចូលរួម​១៥០ នាក់​ក្នុង​ម្នាក់​ៗ ថវិកា​២០.០០០ រៀល លោកគ្រូ អ្នកគ្រូ ប្រជា​ការពារ​នូវ​ថវិកា​មួយ​ចំនួន​ផង​ដែរ ។ ក្នុង​ឱកាស​នោះ​ក៏​មានការ​ចាប់ឆ្នោត​ទូរស័ព្ទ​ចំនួន​១០​គ្រឿង ស្ពី​ក​ឃ័​រ (speaker) ១០​គ្រឿង និង​ថវិកា​ចំនួន​១៤០០ ដុល្លារ​អា​មេ​រិ​ក​សម្រាប់​កសាង​បង្ហើយ​របង​សាលា ។ ជាមួយ​គ្នា​នោះ​ក៏​មាន​ពិធី​ទទួលទាន​នំ​បញ្ចុក​សាមគ្គី​ផង​ដែរ ៕ ដោយ​សហ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ