ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មកររោង​ចក្រ​​កាត់ដេរ​​តាកហ្វាត​ជាង​១ពាន់​នាក់​នៅ​តែ​បន្ត​​ធ្វើ​កូដ​កម្ម​​ ខណៈ​ថៅ​កែ​​កំពុង​ពិភាក្សា​​គ្នាពី​បញ្ហា​​ប្រាក់

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​ព្រឹកថ្ងៃអង្គារ​ ទី​២៩ មីនា ២០១១ ​នេះ ​កម្មករកាត់ដេរ​​​ជាង​១ពាន់​នាក់ បម្រើ​ការងារ​នៅ​រោងចក្រ​តាក​ហ្វាត ​ស្ថិត​ក្នុង​ភូមិ​​ព្រែក​តា​នូ ​សង្កាត់ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ ​​​បន្ត​អង្គុយ​ជួបជុំគ្នា​​ក្នុងរោងចក្រ​​​រង់​ចាំ​​ដំណោះស្រាយ ​បន្ទាប់ពី​​ពួកគេ​បានបដិសេធ​​មិនទទួល​យកប្រាក់​បំណាច់​ឆ្នាំ ​ប្រាក់អតីត​​ភាព​ការងារ​ក្នុង​ម្នាក់​ៗ​សរុប​​​១៨០ដុល្លារ ​​ដែល​ថៅកែ​​រោងចក្រ​បាន​ដោះ​ស្រាយកាលពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ​​នោះរួច​មក ។ ទោះជាយ៉ាង​ណា ការ​ប្រមូល​​​​ផ្តុំ​អង្គុយ​​រង់ចាំ​ដំណោះស្រាយ​​នា​ពេលនេះ​គឺ​​ពុំមាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដូច​កាលពីថ្ងៃ​ម្សិល​មិញ​​​នោះទេ ។

ប្រភពពី​កម្មករ​​​បាន​ឱ្យ​​​កោះសន្តិ​ភាព​​ដឹង​​នា​ព្រឹកថ្ងៃទី​​២៩ មីនា នេះ​​​ថា ​ថ្ងៃ​​នេះមេធាវី​ និង​ថៅ​កែ​​​រោងចក្រ​នឹង​​បន្ត​ជួ​ប​និយាយ​​គ្នា​ពីបញ្ហា​​ប្រាក់​នេះ ។ ​គួរ​បញ្ជាក់​ថា បន្ទាប់ពី​​តវ៉ា​​ពុំទទួល​បាន​លទ្ធ​ផល​​ចាប់តាំង​ពី​​ថ្ងៃទី​​១៦ មីនា នោះ​រួចមក ​​កាលពី​ព្រឹកថ្ងៃ​ចន្ទម្សិលមិញ​​​​កម្មករ-កម្មការិនី​​​ជាង​១ពាន់​នាក់​​នៅរោងចក្រ​​តាក​ហ្វាត​ខាងលើ​បាន​ឯក​ភាព​គ្នា​សម្រេច​​ធ្វើបាតុ​កម្ម​បិទផ្លូវ​​ជាតិ​​លេខ​២ ប្រយោជន៍​​ដើម្បីទាមទារ​​​​ឱ្យថៅកែ​​រោងចក្រ​ដោះ​ស្រាយ​​នូវប្រាក់​បំណាច់ឆ្នាំ​​ ប្រាក់​អតីត​ភាពការ​ងារ និង​ប្រាក់​ឧបត្ថម្ភ​​ផ្សេងៗ​ទៀត​ទៅ​តាម​ច្បាប់​​ការងារ ក្រោយ​​​ពេលដែល​រោង​ចក្រ​​​នេះ​បាន​បិទ​​ដំណើរ​ការ​​​ចង្វាក់​ផលិត​កម្ម​​កាលពីថ្ងៃទី​​​១៦ មីនា កន្លងមកនោះ ។

ប៉ុន្តែ​​ការបិទផ្លូវ​​បង្ក​ឱ្យ​មាន​ការ​កក​ស្ទះ​​ចរា​ចរណ៍​​​បានប្រមាណ​​​៣០នាទី សមត្ថ​កិច្ច​​ចម្រុះ​​មានប៉ូលិស​​-ប៉េអឹម​​​ប្រមាណ​​​៣០០នាក់ ប្រដាប់​ដោយ​​​ដំបង​ឆក់ ​ខែល បាន​ធ្វើការ​​​បំបែក និង​រុញ​​ច្រាន​​កម្មករ​​ដើម្បីបើក​ផ្លូវជាតិ​លេខ​២ឡើង​វិញ ។ ក្នុងពេល​នោះ ក្រុម​កម្មករ​​បាន​ស្រែក​​ចំអក​ទៅ​​កាន់សមត្ថកិច្ច​​ថា ពួក​គេ​តវ៉ា​ចំពោះ​​ការ​កឹប​កេង​ និងការ​កេ​ងប្រវ័ញ្ច​​ពី​​សំណាក់​ថៅកែ​​រោងចក្រ​​​ក្នុងនាម​​​​ពួកគេជា​កម្មករ​ស្លូត​ត្រង់​​​តែប៉ុណ្ណោះ​​ ហេតុអ្វី​​សមត្ថកិច្ច​​មិនជួយអន្តរា​គមន៍​​​ឈឺឆ្អាល​​ដល់ពួកគេ ​បែរជា​ម​ក​គាបសង្កត់​​ពួកគេ​នោះ​​ថែម​ទៀត​​ទៅវិញ ៕​