ប្រទេសវៀតណាម៖ មន្ត្រីធនាគារ HSBC បានប្រាប់ដល់សារព័ត៌មាន Vietnam News ដែលបានរាយការណ៍កាលពីពេលកន្លងមកថា វិនិយោគិនកូរ៉េចាប់អារម្មណ៍វិនិយោគលើថាមពលបៃតងព្រោះតែវាមានសក្តានុពល និងព្រោះតែអត្ថប្រយោជន៍ដែលវៀតណាមផ្តល់ជូនវិនិយោគិនបរទេស។
លោក Pham Hong Hai ដែលជានាយកប្រតិបត្តិរបស់ HSBC Viet Nam បាននិយាយក្នុងពេលថ្មីៗប្រាប់ដល់សារព័ត៌មានខាងលើថា អគ្គិសនីគឺជាការវិនិយោគដ៏សំខាន់សម្រាប់អាជីវកម្ម កូរ៉េក្នុងប្រទេសវៀតណាម។ លោកបានបន្តថា ក្រុមហ៊ុនកូរ៉េកំពុងតែចង់វិនិយោគក្នុងវិស័យថាមពលបៃតង ។
លោកបានបន្ថែមដែរថា វៀតណាមមានគម្រោងសហការជាមួយនឹងកូរ៉េខាងត្បូងក្នុងការកាត់បន្ថយឧស្ម័ន្ទផ្ទះកញ្ចក់ និងសម្របទៅតាមបម្រែបម្រួលអាកាសធាតុ និងការការពារបរិស្ថានជាដើម។ កូរ៉េខាងត្បូងក៏នឹងជួយដល់វៀតណាមក្នុងផ្នែកផ្តល់ការហ្វឹកហាត់ដល់បុគ្គលិក និងផ្ទេរបច្ចេកវិទ្យាក្នុងវិស័យនេះដែរ។ ខណៈដែលវៀតណាមកំពុងតែលូតលាស់យ៉ាងលឿន ប្រទេសនេះក៏ត្រូវការប្រភពថាមពលបន្ថែមដែរ។ ធ្យូងថ្ម និងថាមពលនុយក្លេអ៊ែរគឺជាដំណោះស្រាយក្នុងរយៈពេលខ្លី ប៉ុន្តែគុណភាពខ្យល់អាកាសនឹងទទួលរងគ្រោះ។
រដ្ឋាភិបាលវៀតណាមបានចេញវិធានការអនុគ្រោះពន្ធសម្រាប់គម្រោងថាមពលបៃតង និងយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍វិស័យនេះ និងគម្រោងអភិវឌ្ឍន៍ថាមពលជាតិផងដែរ។ តម្រូវការថាមពលក្នុងប្រទេសវៀតណាមត្រូវបានព្យាករណ៍ថានឹងលូតលាស់ច្រើនជាង ១០%ទៅទៀតក្នុងមួយឆ្នាំចាប់ពីបច្ចុប្បន្នទៅដល់ចុងឆ្នាំ ២០២០ ខណៈដែលនឹងលូតលាស់បាន ៨%ក្នុងមួយឆ្នាំនៅកំឡុងឆ្នាំ ២០២១ ដល់២០៣០។
យោងទៅតាមសមាគមន៍ថាមពលវៀតណាមបានឲ្យដឹងដែរថា វៀតណាមមានគម្រោងបង្កើនការប្រើប្រាស់ថាមពលបៃតងមកស្មើ ៣២%នៃការថាមពលសរុបក្នុងឆ្នាំ ២០៣០ និងដល់ ៤៣%ក្នុងឆ្នាំ ២០៥០។ សក្តានុពលសម្រាប់ការវិនិយោគលើថាមពលទាំងនេះគឺពិតជាធំណាស់ ជាពិសេសម្រាប់ផលិតកម្មថាមពលសូឡាព្រោះវៀតណាមមានទីតាំងនៅតំបន់អេក្វាទ័រដែលមានអាកាសធាតុក្តៅពេញមួយឆ្នាំនៅប៉ែកខាងត្បូង និងតំបន់កណ្តាលនៃប្រទេស។
លោក Hai បានឲ្យដឹងដែរថា ប្រភពថាមពលជាច្រើនដូចជាខ្យល់ សូឡា និងជីវសាស្ត្រចម្រុះនៅមិនទាន់ទទួលបានការវិនិយោគ។
គួរបញ្ជាក់ដែរថា ការវិនិយោគពីកូរ៉េខាងត្បូងក្នុងប្រទេសអាស៊ានកាលពីឆ្នាំមុនបានកើនឡើងប្រមាណ ១៦.៧%។ វៀតណាមស្មើប្រមាណ ៥១.៥% នៃការវិនិយោគសរុបពីកូរ៉េខាងត្បូងក្នុងអាស៊ាន។ កាលពីឆ្នាំមុន ការវិនិយោគពីកូរ៉េខាងត្បូងក្នុងវៀតណាមបានកើនឡើងប្រមាណ៦០.២% ដោយចំនួនបានកើនដល់ ៣.១៦ប៊ីលានដុល្លារ ៕
ប្រភព ៖ Vietnam News , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ