ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖​ទិវា​ហូប​នំ​បញ្ចុក​ការ​ស្រឡាញ់​ជាតិ​មាតុភូមិ​ក្រោម​ម្លប់​សន្តិភាព​កសាង​ដោយ​លំបាក​បំផុត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ហៅ​ទិវា​ហូប​នំ​បញ្ចុក ថ្ងៃ​៩ មិថុនា គឺជា​ការ​ស្រឡាញ់​ជាតិ​មាតុភូមិ​ក្រោម​ម្លប់​សន្តិភាព ដែល​ខិតខំ​កសាង​ដោយ​លំបាក​បំផុត ។…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ហៅ​ទិវា​ហូប​នំ​បញ្ចុក ថ្ងៃ​៩ មិថុនា គឺជា​ការ​ស្រឡាញ់​ជាតិ​មាតុភូមិ​ក្រោម​ម្លប់​សន្តិភាព ដែល​ខិតខំ​កសាង​ដោយ​លំបាក​បំផុត ។ ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ​ផ្ទុយ​ពីរ​ការ​លើក​ឡើង​របស់​អតីត​មេ​បក្ស​ប្រឆាំង​ថា ការ​ហូប​នំ​បញ្ចុក គឺជា​ការ​សង្គ្រោះ​ជាតិ ។

សម្តេច​តេ​ជោ​ហ៊ុន សែន បាន​សរសេរ​លើ​បណ្តាញ​សង្គម​ដោយ​បាន​អរគុណ​បងប្អូន​ខ្មែរ ដែល​រស់នៅ​ឯ​បរទេស ដែល​បាន​ចូលរួម​ហូប​នំ​បញ្ចុក​ជាមួយ​ក្រុម​គ្រួសារ និង​សហ​គម​ខ្មែរ នៅ​តាម​បណ្តា​រដ្ឋ និង​តាម​ទីក្រុង​នានា ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព មិត្តភាព និង​ការ​ស្រឡាញ់​រាប់អាន​រវាង​ខ្មែរ ទោះបី​បងប្អូន​កូនក្មួយ​បាន​ទៅ​រស់នៅ​ឯ​បរទេស​ហើយ​ក្តី ។ សម្តេច​បញ្ជាក់​ថា ៖«​យើង​ចង​ចាំ​ទិវា​ហូប​នំ​បញ្ចុក​ថ្ងៃនេះ ដើម្បី​ពង្រឹងស្មារតី​សាម​គី្គ​ភាព រួបរួម​ឯកភាព​ជាតិ និង​ការ​ស្រឡាញ់​ជាតិ​មាតុប្រទេស នៅ​ក្រោម​ម្លប់​សន្តិភាព​ដែល​យើង​បាន​មក​ដោយ​លំបាក​បំផុត​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​ក៏​បាន​អរគុណ​បងប្អូន​ជនរួមជាតិ​សមាជិក​សមាជិការ​គណបក្ស មន្ត្រីរាជការ អាជ្ញាធរ សមត្ថកិច្ច កូនក្មួយ​យុវជន ម្ចាស់​ក្រុមហ៊ុន សមាគម និង​សប្បុរស ជន​ទាំងអស់ ដែល​បាន​រៀបចំ​ហូប​នំ​បញ្ចុក​ជួបជុំ​គ្នា ជាម​ហា​គ្រួសារ​ខ្មែរ ។ សម្តេច​ក៏​បាន​គូសបញ្ជាក់​ថា ៖«​នៅ​ពេល​ដែល​យើង​ហូប​នំ​បញ្ចុក គឺ​យើង​នឹក​ទៅ​ដល់​មិត្តភាព សាមគ្គីភាព ការ​ស្រឡាញ់​រាប់អាន និង​ឯកភាព​ជាតិ​យើង​នៅ​ក្រោម​ម្លប់​សន្តិភាព និង​ការ​អភិវឌ្ឍន៍​» ។ នៅ​ក្នុង​សំ​ណេ​រ​ដដែល​សម្តេច​ក៏​បាន​ជូនពរ​បងប្អូន​សុខ​សប្បាយ​នឹង​បន្ត​ជួយ​ទិញ ជួយ​ហូប​នំ​បញ្ចុក​ខ្មែរ និង​បន្ត​ចូលរួម​ជួយ​លើកតម្កើង​គុណភាព​ម្ហូបអាហារ និង​នំចំណី​របស់​ប្រទេស​យើង​នៅ​គ្រប់​ទីកន្លែង​ផង​ដែរ ។

សូម​ជម្រាប​ថា ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​នេះ បន្ទាប់​ពី​ប្រទេស​កម្ពុជា​បាន​បើក​ទិវា​ហូប​នំ​បញ្ចុក​នៅ​ទូ​ទាំង​ប្រទេស កាលពី​ថ្ងៃ​ទី​៩ ខែមិថុនា​កន្លង​មក ។ ការ​ហូប​នំ​បញ្ចុក​នេះ​មាន​ទាំង​សកម្មជន​អតីត​បក្ស​ប្រឆាំង និង​សកម្មជន​គាំទ្រ​គណបក្សកាន់អំណាច ព្រមទាំង សកម្មជន​បក្សនយោបាយ​មួយ​ចំនួន​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ