ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទើរ​គ្រប់​ខេត្ត​! កើត​ជម្ងឺគ្រុនឈាម​ពលរដ្ឋ​មានការ​បារម្ភ​ខ្លាំង​ពី​សុវត្ថិភាព​កូនចៅ​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ដើមខែ​មិថុនា ឆ្នាំ​២០១៩​នេះ ​គេ​សង្កេត​ឃើញ​កុមារ​តូច​ធំ​ជា​ច្រើន​នាក់​បាន​ការ​កើត និង​ឆ្លង​ជម្ងឺគ្រុនឈាម​ពី​ម្នាក់​ទៅ​ម្នាក់​ក្នុង​មួយ​ផ្ទះ​ៗ ស្ទើរតែ​អស់រលីង ដោយ​អ្នក​ភូមិ​ខ្លះ​កំពុង​តែ​បញ្ជូន​កូនចៅ​របស់​ខ្លួន​ឱ្យទៅ​ដេក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ចំណែក​អ្នកខ្លះ​ទៀត​យក​ទៅ​ដាក់​ព្យួរសេរ៉ូម​នៅ​តាម​គ្លីនិក​ឯកជន…

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ដើមខែ​មិថុនា ឆ្នាំ​២០១៩​នេះ ​គេ​សង្កេត​ឃើញ​កុមារ​តូច​ធំ​ជា​ច្រើន​នាក់​បាន​ការ​កើត និង​ឆ្លង​ជម្ងឺគ្រុនឈាម​ពី​ម្នាក់​ទៅ​ម្នាក់​ក្នុង​មួយ​ផ្ទះ​ៗ ស្ទើរតែ​អស់រលីង ដោយ​អ្នក​ភូមិ​ខ្លះ​កំពុង​តែ​បញ្ជូន​កូនចៅ​របស់​ខ្លួន​ឱ្យទៅ​ដេក​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ ចំណែក​អ្នកខ្លះ​ទៀត​យក​ទៅ​ដាក់​ព្យួរសេរ៉ូម​នៅ​តាម​គ្លីនិក​ឯកជន ក្នុងភូមិ រួច​នាំ​យក​ទៅ​សម្រាក​នៅផ្ទះ​វិញ ដោយ​គ្មាន​ការ​តាមដាន​ជម្ងឺ​ពី​លោកគ្រូ​ពេទ្យ​ឱ្យ​បាន​ដិត​ដល់​នោះ​ឡើយ ជា​ហេតុ​ធ្វើ​ឱ្យ​គេ​មានការ​ព្រួយបារម្ភ​ពី​សុវត្ថិភាព​យ៉ាង​ខ្លាំង ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ម្នាក់​ឈ្មោះ ឆឺ​យ សុ​ខឿន អាយុ​២៨​ឆ្នាំ មាន​ប្តី​ឈ្មោះ​ពៅ ទូច អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​អណ្តូង​ថ្ម ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ បាន​រៀបរាប់​ទាំង​មាន​ក្តី​ព្រួយបារម្ភ​ចំពោះ​សុខភាព​របស់​កួន​ឱ្យ​ដឹង កាលពី​វេលា​រសៀល​ថ្ងៃ​ទី​៩ ខែមិថុនា កន្លង​ទៅ​នេះ​ថា គាត់​មានកូន​ចំនួន​៣​នាក់ ដោយ​កូន​ទី​១-​ឈ្មោះ ពៅ ចាន់​ណា ភេទ​ប្រុស អាយុ​១២​ឆ្នាំ កើត​ជម្ងឺគ្រុនឈាម កូន​ទី​២-​ឈ្មោះ ពៅ ចាន់​នី ភេទ​ប្រុស អាយុ​១១​ឆ្នាំ កើត​ជម្ងឺគ្រុនឈាម និង​កូន​ទី​៣-​ឈ្មោះ ពៅ ស្រី​ពិន ភេទ​ស្រី អាយុ​៦​ឆ្នាំ ក៏​កើត​ជម្ងឺគ្រុនឈាម ព្រមទាំង​ក្មួយ​ម្នាក់​ទៀត រស់នៅ​ជាមួយ​គាត់​ក៏​កើត​ជម្ងឺគ្រុនឈាម​ផង​ដែរ ។

គាត់​បន្ត​ទៀត​ថា កូន​ៗ​របស់​គាត់​ឈឺ និង​ឆ្លង​ជម្ងឺគ្រុនឈាម​នេះ​អស់​រយៈពេល​ជាង​១​ខែ​មក​ហើយ ដោយ​កូន​មួយ​ចាប់ផ្តើម​ឈឺ​យក​ទៅ​ដាក់​សេរ៉ូម​នៅ​គ្លីនិក​ឯកជន បានជា​សះ​ស្បើ យ​បន្តិច ស្រាប់តែ​បន្ត​ដល់​កូន​មួយ​ផ្សេង​ទៀត​រហូត​ដល់​ឈឺ​ពេញ​ផ្ទះ​តែ​ម្តង ។ គាត់​បញ្ជាក់​ថា មិន​បាន​យក​កូន​របស់​ខ្លួន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នោះ​ទេ ព្រោះ​ត្រូវ​ដេក​រយៈពេល​យូរ គឺ​យក​ទៅ​ព្យួរសេរ៉ូម និង​ចាក់​ថ្នាំ​នៅ​ពេទ្យ​គ្លីនិក​ឯកជន​តាម​ភូមិ ព្រោះ​កូន​ច្រើន​មានការ​លំបាក គ្មាន​អ្នក​មើលថែ បើ​ព្យួរសេរ៉ូម​នៅ​ពេទ្យ​ឯកជន​អាច​យក​ទៅ​មើល​នៅផ្ទះ​ដោយ​ខ្លួនឯង ។

ចំពោះ​ការ​ព្យាបាល​នៅ​ពេទ្យ​ឯកជន​ការ​ដាក់​សេរ៉ូម​ចំនួន​២​កំប្លោក​ទាំង​ចាក់​ថ្នាំ និង​ផ្សំ​ថ្នាំលេប អស់​ថ្លៃ​ចំនួន​៦​ម៉ឺន​រៀល ដោយ​កូន​គាត់​ម្នាក់​អាច​ដាក់​សេរ៉ូម​ចាប់ពី​៥​ទៅ​៦​កំប្លោក​ទើប​ជា​សះស្បើយ ហើយ​ត្រូវ​ផ្សំ​ថ្នាំលេប​រយៈពេល​៣​ទៅ​៤​ថ្ងៃ​បន្ថែម​ទៀត គិត​ទៅ​អស់​លុយ​ជា​ច្រើន ។ ម្យ៉ាងវិញទៀត​ផ្ទះ​គាត់​នៅ​តំបន់​ដាច់​ស្រយាល​ទៅ​ដេក​សម្រាក​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​មិនកើត​នោះ​ទេ ដោយ​គ្មាន​អ្នក​ចាំផ្ទះ តែ​គាត់​ក៏​ព្រួយបារម្ភ​ពី​សុវត្ថិភាព​កូន​ៗ​របស់​ខ្លួន នៅ​ពេល​យប់​ព្រលប់​ផង​ដែរ ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោក ស៊ុន សុផល មេ​ភូមិ​អណ្តូង​ថ្ម​បានឱ្យ​ដឹង​ថា កូន​របស់​គាត់​ក៏ កើត​ជម្ងឺគ្រុនឈាម​ដែរ ហើយ​កូនចៅ​អ្នក​ភូមិ​បាន​ចាប់ផ្តើម​កើត​ជម្ងឺគ្រុនឈាម​ឆ្លង​គ្នា​ជា​បន្តបន្ទាប់​អស់​រយៈពេល​ជាង​១​ខែ​មក​ហើយ ដោយ​រហូត​មក​ដល់​ពេល​នេះ​នៅ​ក្នុងភូមិ​របស់​លោក​មាន​ក្មេង​តូច​ៗ​កើត​ជម្ងឺគ្រុនឈាម​រហូត​ដល់​៣៦​នាក់ ដោយ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ លោក​បន្ត​ទៀត​ថា ក្មេង​ៗ​មានការ​ឈឺ និង​ឆ្លង​ជម្ងឺគ្រុនឈាម​ជា​បន្តបន្ទាប់ ហើយ​មានការ​ព្រួយបារម្ភ​ខ្លាំង ខណៈ​ឪពុក​ម្តាយ​យក​កូន​ៗ​របស់​ខ្លួន​ទៅ​ដាក់​សេរ៉ូម និង​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន រួច​យក​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​គ្មាន​ការ​តាមដាន​ឱ្យ​បាន​ដិត​ដល់​ពី​លោកគ្រូ​ពេទ្យ ព្រោះ​ពួក​គេ​មួយ​ចំនួន​និយាយ​ថា គ្មាន​លុយ ហើយ​គ្មាន​អ្នក​មើល​ផ្ទះ លុះត្រាតែ​ទៅ​គ្លីនិក​ឯកជន​រហូត​ដល់​មើល​លែង​ជា​ទើប​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ លោក​តែងតែ​ណែនាំ​ឱ្យ​ពួក​គាត់​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដែរ តែ​ពួក​គេ​មិន​ព្រម​ស្តាប់​តាម​នោះ​ទេ ។ លើស​ពី​នេះ​ក្នុង​ឆ្នាំ​២០១៩ មានការ​កើត​ជម្ងឺគ្រុនឈាម​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ។

បើ​តាម​លោកគ្រូ​ពេទ្យ​ជំនាញ​ផ្នែក​កុមារ​បាន​អះ​អា​ថា ប្រភព​ចម្លងជម្ងឺ​ដ៏​សំខាន់​បំផុត គឺ​កើត​ចេញពី​សត្វ​មូស​ខ្លាខាំ​នា​ពេល​ថ្ងៃ លុះ​មាន​ក្មេង​តូច​ណា​ម្នាក់​កើត​ជម្ងឺគ្រុនឈាម​នេះ​ដោយ​ត្រូវ​មូស​ខាំ រួច​មូស​ទៅ​ខាំ​ក្មេង​ដទៃ​ទៀត​ទើប​បណ្តាល​ឱ្យ​កើត​ជម្ងឺឆ្លង​ត​ៗ​គ្នា​តែ​ម្តង ។ ប្រភព​បន្ត​ទៀត​ថា ប៉ុន្តែ​ការ​ផ្ទុះ​ឆ្លង​ជម្ងឺគ្រុនឈាម​នេះ​ក៏​មក​ពី​អាកាសធាតុ​ប្រែប្រួល​ជួន​ក្តៅ ជួន​ភ្លៀង​ធ្លាក់ ជា​ហេតុ​នាំ​ឱ្យ​ទាំង​កុមារ​តូច​ៗ​កើត​ជម្ងឺ​នេះ​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​លោក​វេជ្ជបណ្ឌិត អាង នាង ជាប្រធានមន្ទីរសុខាភិបាល​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​តាម​ទូរស័ព្ទ កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៩​នេះ​ថា រហូត​មក​ដល់​ដើមខែ​មិថុនា​នេះ កុមារ​តូច​ៗ​ជា​ច្រើន​បាន​កើត​ជម្ងឺគ្រុនឈាម ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត ។ លោក​បន្ត​ទៀត​ថា នៅ​ឆ្នាំ​ថ្មី​នេះ​ការ​ផ្ទុះ​កើត​ជម្ងឺគ្រុនឈាម​ស្ទើរ​គ្រប់​ភូមិ ហើយ​មានការ​កើតឡើង​ខ្លាំង​ជាង​ឆ្នាំ​មុន​ៗ ដែល​ជា​ហេតុ​នាំ​ឱ្យ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ។ លោក​ក៏​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ប្រញាប់​បញ្ជូន​កូន​ៗ​ទៅ​ពិនិត្យ និង​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ឱ្យ​បាន​ទាន់​ពេលវេលា ជៀសវាង​ទុក​យូរថ្ងៃ​នាំ​ឱ្យ​ហួសពេល ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​រសៀល​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៩​ដដែល មាន​កុមារ​តូច​ម្នាក់ ក្តៅ​ខ្លាំង​រហូត​ដល់​ប្រកាច់ ទើប​ឪពុក​ម្តាយ​ប្រញាប់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ដែល​ជា​ហេតុ​នាំ​ឱ្យ​គ្រូពេទ្យ​មានការ​លំបាក​ក្នុង​ការ​ជួយ​សង្គ្រោះ​យ៉ាង​ខ្លាំង ។ តែ​សំណាងល្អ បាន​យក​ទៅ​ទាន់​ពេលវេលា ហើយ​គ្រូពេទ្យ​ប្រញាប់​ជួយ​សង្គ្រោះ​ទាំង​មានការ​ហួសចិត្ត ខណៈ​ពេល​ក្តៅ​ល្មម​ៗ មិន​ព្រមយក​ក្មេង​នោះ​ទៅ​ពេទ្យ​នោះ​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ