អា​មេ​រិ​ក​ដាក់​ឱសានវាទ​ដល់​តួ​ត​គី ​រឿង​មីស៊ី​ល​


សហរដ្ឋអាមេរិក​-​តួ​ក​គី ៖ សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ទី​៧​មិថុនា បាន​ដាក់​ឱសានវាទ​មួយ​ដល់​តួ​ក​គី ដោយ​​ទុក​ពេល​ត្រឹម​ថ្ងៃ​ទី​៣១​កក្កដា ឲ្យ​ប្រទេស​នេះ​បោះបង់​ចោលការ​ទិញ​ប្រព័ន្ធ​ការពារ​អាកាស​រុ​ស្ស៊ី​S-400 ដែល​ក្រុង​វ៉ា​ស៊ិន​តោន​ចាត់​ទុក​ថា មិន​ស៊ីខ្សែ​គ្នា​ជាមួយ​យន្តហោះ​បំបាំងកាយ​ថ្មី​អា​មេ​រិ​ក​F-35 ដែល​ក្រុង​អង់កា​រ៉ា​ក៏​ចង់​ទិញ​ដែរ​។

លោកស្រី​ELLEN LORD​អនុរដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក ទទួល​បន្ទុក​ខាង​ការ​លក់ដូរ​អាវុធ​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​ថា ប្រសិនបើ​ដល់​ថ្ងៃ​ទី​៣១​កក្កដា តួ​ក​គី​នៅ​ពុំ​ព្រម​បោះបង់​ចោល​ប្រព័ន្ធ​មី​ស៊ី​ល​រុ​ស្ស៊ី នោះ​បណ្ដា​អ្នក​បើក​យន្តហោះ​តួ​ក​គី ដែល​បច្ចុប្បន្ន​កំពុង​ហ្វឹកហ្វឺន​នៅ​សហរដ្ឋអាមេរិក ហាត់​បើក​យន្ត​ហោះ​ F-35 នឹង​ត្រូវ​បណ្ដេញចេញ​។

ចំណែក​បុគ្គលិក​តួ​ក​គី​នៃ​ក្រុមហ៊ុន​អន្តរជាតិ​ដែល​ផលិត​យន្តហោះ​F-35​នឹង​ដាក់​មនុស្ស​ជំនួស ហើយ​កុងត្រា​នានា​ជាមួយ​បណ្ដា​សហគ្រាស​តួ​ក​គី ដែល​ផលិត​ឧបករណ៍​សម្រាប់​យន្តហោះ​F-35​នឹង​ត្រូវ​លុប​ចោល ក្នុង​កាលបរិច្ឆេទ​កំណត់​នេះ​ដែរ​។ ចំណែក​បណ្ដា​ការិយាល័យ​របស់​ក្រុមហ៊ុន​នឹង​ត្រូវ​ហាមឃាត់ ចំពោះ​បណ្ដា​បុគ្គលិក​នៃ​កងកម្លាំង​អាកាស​តួ​ក​គី រួច​យន្តហោះ​F-35​ចំនួន​៤​គ្រឿង​ដែល​តួ​ក​គី​ទិញ​រួច​ហើយ តែ​ស្ថិត​នៅ​លើ​ដែនដី​អា​មេ​រិ​ក​នៅឡើយ​ក៏​នឹង​មិន​ផ្ដល់​ឲ្យ​ដែរ​។

អ្នក​ទទួលខុសត្រូវ​នៃ​ក្រសួង​ការពារ​ប្រទេស​អា​មេ​រិ​ក​រូប​នោះ បាន​លើក​ហេតុផល​នៃ​ឱសានវាទ​នោះ ព្រោះ​តែ​តួ​ក​គី​សម្ព័ន្ធមិត្ត​អា​មេ​រិ​ក​ក្នុង​ផ្ទៃ​អូតង់ បាន​បញ្ជូន​បុគ្គលិក​ទៅ​កាន់​រុ​ស្ស៊ី ដើម្បី​ចាប់ផ្ដើម​ហ្វឹកហ្វឺន​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​មី​ស៊ី​ល​S-400​។

ឱសានវាទ​នោះ​កើត​មាន​៣​ថ្ងៃ​បន្ទាប់​ពី​សេចក្ដីថ្លែងការណ៍​ថ្មី របស់​ប្រធានាធិបតី​តួ​ក​គី លោក​រី​ស៊ី​ប​តៃ​យ៉ី​ប​អ័​រ​ដូ​ហ្គា​ន​ដែល​អះអាង​ថា លោក​នឹង​មិន​ដកថយ​ឡើយ លើ​ការ​ទទួល​ប្រព័ន្ធ​មី​ស៊ី​ល​S-400​ដោយ​លោក​បន្ថែម​ថា តួ​ក​គី​អាច​គ្រោង​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​អាកាស អា​មេ​រិ​ក​PATRIOT តែ​បណ្ដា​លក្ខខណ្ឌ​ក៏​អនុគ្រោះ​ដូច​លក្ខខណ្ឌ​ដែល​រុ​ស្ស៊ី​ផ្ដល់​ឲ្យ​សម្រាប់​ទទួល​បាន​មី​ស៊ី​ល​S-400​ដែរ​។ លោក​បន្ត​ថា​គួរ​ឲ្យ​សោកស្ដាយ​យើង​ពុំ​បាន​ទទួល​សំណើ​ជា​វិជ្ជមាន​ពី​ភាគី​អា​មេ​រិ​ក លើ​រឿង​មី​ស៊ី​ល​PATRIOT ឡើយ​។

ចំណែក​ប្រមុខ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​លោក​PATRICK SHANAHAN​គូសបញ្ជាក់​ថា បាន​បញ្ជូន​សារលិខិត​មួយ​ច្បាប់ ទៅ​សម​ភាគី​តួ​ក​គី​លោក​HULUSI AKAR ដើម្បី​ជូន​ព័ត៌មាន​ពី​ការ​សម្រេចចិត្ត​ទាំងនេះ​។ លោក​បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ថា ការ​ផ្ដល់​របស់​អា​មេ​រិ​ក​នូវ​មី​ស៊ីល​PATRIOT មានការ​ប្រកួតប្រជែង​ខ្លាំង​ណាស់​។

តួ​ក​គី​បាន​បដិសេធ​ជា​ផ្លូវការ​មិន​បោះបង់​ចោលការ​ទិញ​ប្រព័ន្ធ​ការពារ​អាកាស​និង​បាលី​ស្ទិ​ក​រុ​ស្ស៊ី​S-400​ឡើយ រួច​បញ្ជាក់​ថា មី​ស៊ីល ​S-400​ដំបូង​ៗ​អាច​ផ្ដល់​ឲ្យ​នា​រដូវក្ដៅ​នេះ​គឺ​ក្នុង​ខែមិថុនា​ឬ​កក្កដា​។ ចំណែក​ក្រុង​វ៉ា​ស៊ិ​ន​តោន​វិញ ស្នើ​ដល់​ក្រុង​អង់កា​រ៉ា ឲ្យ​ធ្វើការ​ជ្រើសរើស​រវាង​ប្រព័ន្ធ​ការពារ​អាកាស​រុ​ស្ស៊ី និង​យន្ត​ហោះ​ប្រដេញ​អា​មេ​រិ​ក​F-35 ដែល​តួ​ក​គី​ចង់​ទិញ​ដល់​ទៅ​១០០​គ្រឿង​ឯណោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ