អាថ៌​កំបាំង​របស់​តា​ម៉ុ​ក មានបន្ទប់​សក្ការៈ​រាល់​​ថ្ងៃសីល


ខេត្តបាត់ដំបង ៖ តំបន់​កាន់កាប់​ចុង​ក្រោយ​របស់​អតីត​ខ្មែរក្រហម គឺ​ផ្ទះ​តា​ម៉ុ​កបាន​បន្សល់​ទុកជា​ប្រវត្តិសាស្ត្រ ជា​សារមន្ទីរ និង​ជា​កន្លែង​ទេសចរណ៍ ។ តំបន់​នេះ​ស្ថិត​នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ មាន​ចម្ងាយ​២​គីឡូម៉ែត្រ ពី​រង្វង់​មូល​ស្រុក​អន្លង់​វែង រួច​បត់​ស្តាំ​តាម​ស្លាក​សញ្ញា​ពី​ផ្លូវជាតិ​ប្រមាណ​៥០០​ម៉ែត្រ ។

កាលពី​ពេល ថ្មី​ៗ​កន្លង​មក​លោក​ជិន សុ​ភី អាយុ​៥០​ឆ្នាំ សន្តិសុខ​យាម​ប្រចាំការ​នៅ​ទីនោះ​រៀបរាប់​ប្រាប់​កោះសន្តិភាព​ថា កាល​ដើម​ឡើយ​ទីតាំង​ផ្ទះ​តា​ម៉ុ​ក​គឺជា​តំបន់​កូនភ្នំ​មួយ​មាន​រាង​តូច​វែង ហើយ​ប្រជាជន​នៅ​តំបន់​នោះ​បាន​គាស់​កាយ​ថ្ម សាងសង់​ទំនប់​ទឹក និង​ស្ពាន​អូរ​ជីក រហូត​សល់​តែ​បាត​ក្រោម​ដែល​មាន​រាង​សណ្ធាន​ដី​រាប​បន្តិច ។ តា​ម៉ុ​កបាន​សាងសង់​ផ្ទះ​របស់​គាត់​ជា​បន្តបន្ទាប់ ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​១៧​ខែតុលា ឆ្នាំ​១៩៩៣ លើ​ផ្ទៃដី​១៦១៤​ហិ​កតា ។ គាត់​សង់​ចំនួន​៤​ផ្ទះ គឺ​ផ្ទះ​ទី​១ សាងសង់​នៅ​ឆ្នាំ​១៩៩៣ ធ្វើ​អំពី​ឈើ ប្រក់​ហ្វី​៊​ប្រូ​ស៊ីម៉ង់ត៍ និង​ក្រាល​បេតុង សម្រាប់​ធ្វើ​ជា​ទីស្នាក់ការ​របស់​គាត់​ដើម្បី​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​មើល​ការ​ខុស​ត្រូវ​កម្មករ​របស់​គាត់​ដែល​កំពុង​សាងសង់​ទំនប់​ទឹកអូរ​ជីក និង​ជា​កន្លែង​សម្រាប់​ដាក់​ឡាន​តូច​ធំ​ផង​ដែរ ។

ផ្ទះ​ទី​២ គឺ​បាន​សាងសង់​នៅ​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​១៩៩៦ មាន​បី​ជាន់ ជា​ផ្ទះ​សម្រាប់​ស្នាក់​នៅ​របស់​គាត់​នៅ​ជាន់​លើ ហើយ​ជាន់​កណ្តាល​សម្រាប់​ទទួលភ្ញៀវ ដែល​នៅ​តាម​ជញ្ជាំង​មាន​គូររូប​ប្រាសាទអង្គរវត្ត និង​ប្រាសាទព្រះវិហារ ព្រមទាំង​ផែនទី ។ ជាន់​ក្រោម​មាន​ច្រក​ចេញចូល​តែ​មួយ​គត់​ដែល​មាន​ទំហំ​៤​ម៉ែត្រ ដោយ​មិន​អនុញ្ញាត​ឲ្យ​នរណា​ចេញចូល​បាន​ឡើយ​ក្រៅ​តែ​ពី​រូប​គាត់​ម្នាក់ឯង​ប៉ុណ្ណោះ ហើយ​បិទ​ជិត​លាក់​ដោយ​អាថ៌​កំបាំង​អ្វីមួយ ។

ក្រោយមក​តាម​ការ​បំភ្លឺ​ពី​លោក​សាន់ សា​រឿ​ន (​អតីតៈ​កម្មករ​ធ្វើ​ផ្ទះ​តា​ម៉ុ​ក​) ឲ្យ​ដឹង​ថា ជាន់​ក្រោម​នេះ​ទុកដាក់​របស់ សំខាន់​ៗ ដូច​ជា រូបចម្លាក់ វត្ថុ​បុរាណ ហើយ​មាន​ព្រះពុទ្ធ​រូ​តូច ធំ​ជា​ច្រើន​អង្គ ដែល​ជាទី​សក្ការៈ​របស់​តា​ម៉ុ​ក ដើម្បី​ដុត​ធូប​បួងសួង​រៀងរាល់ថ្ងៃ​សីល ។

ចំពោះ​ផ្ទះ​ទី​៣ មាន​ទំហំ​ធំ​សម្រាប់​ក្រុម​គ្រួសារ​តា​ម៉ុ​ក និង​អ្នក​ធ្វើ​ដំណើរ​ពី​ចម្ងាយ ទទួល​គោ ក្របី ស្រូវ​អង្ករ និង​ទទួល​អំណោយ ផ្សេង​ៗ ។ និង​ផ្ទះ​ទី​៤ គឺ​សម្រាប់​រោង​បាយ​រួម​គ្នា និង​បុគ្គលិក ចុងភៅ​ស្នាក់​នៅ ដែល​មាន​បី​ជាន់ គឺ​ជាន់​ក្រោម​បាន​ចាក់​បេតុង​យ៉ាង​រឹង​មាំ​តាម​បែប​លេណដ្ឋាន ជាន់​ទី​២ កន្លែង​ហូប​បាយ​របស់​បុគ្គលិក និង​ជាន់​ទី​៣​ជា​កន្លែង​ស្នាក់​នៅ​របស់​ចុងភៅ ។

ក្នុង​បរិវេណ​នោះ​បាន​បន្សល់​ទុក​ឡាន​សម្រាប់​ផ្សាយ​ព័ត៌មាន និង​អង់​តែ​ន​ស្ថានីយ និង​ទ្រុង​សម្រាប់​ធ្វើ​ទារុណកម្ម​ដល់​ជន​មាន​កំហុស ។ បច្ចុប្បន្ន​សហគមន៍​អន្លង់​វែង​បាន​រៀបចំ​រូបថត​ឯកសារ​ជា​តឹកតាង សម្រាប់​ទទួលភ្ញៀវ​ទេសចរណ៍​ស្វែង​យល់​ជា​ប្រវត្តិសាស្ត្រ​ជា​បន្ត​ទៅ​ទៀត ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

វប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ