រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកថោង ខុន និងរដ្ឋមន្ត្រីក្រសួងវប្បធម៌លោកជំទាវ ភឿង សកុណា បានបង្ហាញឆន្ទៈស្នើដាក់នំបញ្ចុកចូលក្នុងបញ្ជីសម្បត្តិអរូបិយពិភពលោក ។ ការបង្ហាញឆន្ទៈរបស់រដ្ឋមន្ត្រីទាំងពីរខាងលើបានធ្វើឡើង បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវអោយប្រជាពលរដ្ឋចូលរួមពិសានំបញ្ចុកសន្តិភាព សាមគ្គីភាព ឯកភាពជាតិ ទូទាំងប្រទេស នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញឆន្ទៈយ៉ាងមុតមាំចំពោះប្រជាពលរដ្ឋកម្ពុជាថា លោកនឹងពិភាក្សាជាមួយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពីការស្នើដាក់នាំបញ្ចុកម្ហូបដំណាងអត្តសញ្ញាណជាតិខ្មែរ និងពិចារណារៀបចំស្នើសុំទៅអង្គការយូណេស្កូសុំដាក់បញ្ចូល «នំបញ្ចុកខ្មែរ» ជាសម្បត្តិបេតិកភណ្ឌរូបិយពិភពលោក ក្រោយព្រឹត្តិការណ៍ពិសានំបញ្ចុកសន្តិភាព សាមគ្គីភាព ឯកភាពជាតិ នៅទូទាំងប្រទេស ។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារថ្នាក់ជាតិស្រុកបារាយណ៍ និងស្រុកតាំងគោក នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ ។
លោករដ្ឋមន្ត្រីបានលើកឡើងថា ក្រោយពេលប្រជាពលរដ្ឋរៀបចំពិធីជួបជុំពិសានំបញ្ចុកសន្តិភាព ទ្រង់ទ្រាយធំនៅទូទាំងប្រទេសកម្ពុជា តាមការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាហើយនោះ លោកនឹងពិភាក្សាជាមួយលោកស្រីរដ្ឋមន្ត្រី ភឿង សកុណា អំពីការបំពេញបែបបទស្នើដាក់បញ្ចូល «នំបញ្ចុក» នេះជាម្ហូបដំណាងអត្តសញ្ញាណជាតិខ្មែរ និង ស្នើសុំសម្បត្តិបេតិកភណ្អរូបិយពិភពលោកនៅអង្គការយូណេស្កូ ។ លោកជឿជាក់ថា នំបញ្ចុកខ្មែរនេះ ប្រាកដជា មានប្រជាពលរដ្ឋនៅទូទាំងប្រទេសបានស្គាល់ និងបានបរិភោគគ្រប់គ្នា ហើយមិនចាញ់នំបរទេសផ្សេងឡើយ ។
លោកក៏បានបញ្ជាក់អះអាងថា កើតក្នុងត្រកូលគ្រួសារក្រីក្រម្នាក់លោកបានចេះធ្វើនំបញ្ចុកច្បាស់លាស់ តាំងពីកុមារភាពជាមួយនឹងគ្រួសារដ៏កំសត់របស់លោក ។ បើតាមលោករដ្ឋមន្ត្រីនៅក្នុងពិព័រណ៍ម្ហូបអាហារ Gastronomy ដែលក្រសួងទេសចរណ៍ប្រុងរៀបចំក្នុងខែកញ្ញា ២០១៩ ខាងមុខ នំបញ្ចុក និងម្ហូបអាហារខ្មែរ មួយចំនួនទៀតដូចជា សម្លរម្ជូរគ្រឿង អាម៉ុក បង្អែមគ្រាប់ត្នោត ជាដើម ។ ហើយនឹងត្រូវបានត្រៀមរៀបចំ ជាដំណាងអោយម្ហូបអាហារខ្មែរ ដើម្បីទាក់ទាញទេសចរណ៍ផងដែរ ។
ចំណែករដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈលោកជំទាវ ភឿង សកុណា ក៏បានអះអាងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា កាលពីជាងកន្លះឆ្នាំ ឬជិតមួយឆ្នាំមុនក្រសួងធ្លាប់គិតចង់ ចុះបញ្ជីមុខម្ហូបខ្មែរមួយចំនួនជាសម្បត្តិបេតិកភណ្ឌអរូបីពិភពលោកនៃអង្គការ UNESCO ដែរដូចជា ប្រហុក ផ្អក សម្លកកូរ ។
លោកជំទាវបញ្ជាក់ថា ចំណែក«នំបញ្ចុក » យើងអាចនឹងលើកគំនិតនេះទៅពិភាក្សា និងពិចារណា ជាមួយក្រុមការងារជំនាញ ។ លោកជំទាវរដ្ឋមន្ត្រីព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈចូលរួមទទួលទាន «នំបញ្ចុកសាមគ្គី» អាហារប្រពៃណីជាតិជាមួយប្រជាពលរដ្ឋ «នំបញ្ចុក» គឺជាអាហារមួយប្រភេទដែលមានលក្ខណៈប្រពៃណី និងមានប្រជាប្រិយភាពនៅក្នុងសង្គមខ្មែរ ។
ដោយហេតុថា អាហារមួយប្រភទនេះ មិនត្រឹមតែជាអាហារយ៉ាងសំខាន់នៃចំណង់ចំណូលចិត្តក្នុងគ្រួសាររបស់ប្រជាពលរដ្ឋម្ដងម្កាលប៉ុណ្ណោះ ទេ ថែមទាំងជាអាហារពេញនិយមសម្រាប់ពិធីជប់លៀង និងពិធីបុណ្យផ្សេងៗដែលបង្ហាញពីសាមគ្គីភាព និងភាពស្និទស្នាលរបស់ប្រជាពលរដ្ឋថែមទៀត ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ