ខេត្តតាកែវ ៖ ក្មេងទំនើងម្នាក់ត្រូវប៉ូលិសស្រុកគិរីវង់ឃាត់ខ្លួនបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមច្បាប់ ខណៈដែលជននេះបានយកដំបងប្ញស្សីវាយទៅលើជនរងគ្រោះឱ្យដេកដួលសន្លប់ និងរងរបួសជា
ទំងន់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៥ មីនា វេលាម៉ោង១២ កណ្តាលអធ្រាត្រ ស្ថិតនៅភូមិព្រៃតាម៉ៅ ឃុំគិរីចុងកោះ ស្រុកគិរីវង់ ។
តាមប្រភពព័ត៌មានពីមន្ត្រីប៉ូលិសស្រុកគិរីវង់បានឱ្យដឹងថា ក្មេងទំនើងដែលវាយគេឱ្យរបួសពេលបុណ្យដារលាននោះឈ្មោះវ៉ាត វួន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិ-ឃុំខាងលើបានយក ដំបងប្ញស្សីប្រវែង១ម៉ែត្រកន្លះវាយទៅលើឈ្មោះសាញ់ វណ្ណា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិជាមួយគ្នាចំកញ្ចឹង.ក និងកណ្តាលក្បាល បណ្តាលឱ្យដួលសន្លប់នៅលើដីរងរបួសធ្ងន់។ លុះព្រឹកឡើងថ្ងៃទី១៦ មីនា ប៉ូលិសបានទៅឃាត់ខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំ និងកសាងសំណុំរឿង ។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនដៃដល់ និងជនរងគ្រោះរួមជាមួយអ្នកភូមិដទៃទៀត បាននាំគ្នាលេងពេលបុណ្យដារលានយ៉ាងសប្បាយតែជនសង្ស័យបានអង្គុយលេងបៀនៅក្នុងរោងបុណ្យ ពេលនោះ មិត្តភក្តិបានហៅជនសង្ស័យមកផឹកស្រា តែត្រូវជនរងគ្រោះស្ទុះទៅវាយអ្នកដែលហៅជនសង្ស័យ ទើបមានការវាយតបគ្នាកើតឡើង ។
នៅចំពោះប៉ូលិស ជនសង្ស័យបានសារភាពថា រូបគេពិតជាបានយកដំបងប្ញស្សីវាយទៅលើជនរងគ្រោះប្រាកដមែនមូលហេតុដោយសារជនរងគ្រោះបានវាយរូបគេមុន ។ លោកយ៉ុង ញីវ នាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តបានឱ្យដឹងថា ជនសង្ស័យជាមុខសញ្ញាចាស់ប៉ូលិសធ្លាប់ឃាត់ខ្លួនម្តងរួចមកហើយ ក្នុងករណីផឹកស៊ីវាយតបគេឱ្យរបួសហើយពេលនេះវាយគេឱ្យរបួសម្តងទៀត នៅ ព្រឹកថ្ងៃទី១៨ មីនា យើងបានសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ