ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​ប៉ះ​ខ្លាំង​គឺ​ខ្លោច​…​អា​មេ​រិ​ក ឡុងចុង​ពិភពលោក​ក៏​លូតលាស់​មិន​រួច !

4 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Channel News Asia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ កន្លង​មក​ថា មន្ត្រី​ប្រចាំ​ធនាគារជាតិ​អា​មេ​រិ​ក និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Channel News Asia បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ កន្លង​មក​ថា មន្ត្រី​ប្រចាំ​ធនាគារជាតិ​អា​មេ​រិ​ក និង​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) បាន​ព្រមាន​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ មក​ថា​ការ​តានតឹង​ពាណិជ្ជកម្ម​ពិភពលោក និង​កំណើន​ពន្ធ​បង្ក​ជា​ហានិភ័យ​កាន់តែ​ច្រើន​ឡើង​ដល់​ការ​លូតលាស់​របស់​សហរដ្ឋអាមេរិក និង​សេដ្ឋកិច្ច​ពិភពលោក​ផង​ដែរ ។

បន្លាស់ប្តូរ​ស្ថាន​ការ​ដែល​កើតឡើង​តាំងពី​ដើមខែ​ឧសភា​ដែល​រួម​មាន​ពន្ធ ២៥% ថ្មី​លើ​ផលិតផល​ចិន និង​ការ​គំរាម​ពី​សហរដ្ឋអាមេរិក​ថា នឹង​ដាក់​ពន្ធ​លើ​ម៉ិ​ក​ស៊ិ​ក​អាច​ប៉ះពាល់​ដល់​ជំនឿ​ចិត្ត​អាជីវកម្ម និង​ការ​វិនិយោគ ព្រមទាំង​ជះ​ឥទ្ធិពល​ដល់​ដំណើរការ​សេដ្ឋកិច្ច​ផង​ដែរ ។

លោក Robert Kaplan ដែល​ជា​ប្រធាន​ធនាគារ​ជា​តិ​អា​មេ​រិ​កបាន​និយាយ​ថា ការ​ដាក់​ពន្ធ​លើ​ផលិតផល​ម៉ិ​ក​ស៊ិ​ក​ប្រៀប​ដូច​ជា​ការ​ដាក់​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​ដែរ​ព្រោះ​ផលិតផល​ជា​ច្រើន​ដែល​ឆ្លងកាត់​ព្រំប្រទល់​គឺ​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ផលិត​ផលិតផល​អា​មេ​រិ​ក​បន្ត ។ ទំនាក់ទំនង​នេះ​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ធ្វើការ​ពង្រីក និង​បង្កើត​ការងារ​ក្នុង​សហរដ្ឋអាមេរិក ខណៈ​ដែល​បង្កើន​ការ​គ្រប់គ្រង​ទីផ្សារ​ពិភពលោក ។

លោក​បាន​បន្ត​ផង​ដែរ​ថា វា​នៅ​លឿន​នៅឡើយ​សម្រាប់​ធន​គារ​ជាតិ​ក្នុង​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​ព្រោះ​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​ ដូ​ណា​ល់​ ត្រាំ អាច​ប្តូរ​គោលនយោបាយ​ភ្លាម​ៗ ។

ពន្ធ​លើ​ផលិតផល​ម៉ិ​ក​ស៊ិ​ក​មិន​ទាន់​ត្រូវ​បាន​អនុម័ត​ទេ តែ​នឹង​មាន​ប្រសិទ្ធិ​ភាព​នៅ​ថ្ងៃ​ចន្ទ និង​មាន​គោលដៅ​កាត់​បន្ថយ​ចំនួន​ជន​អន្តោរ​ប្រវេសន៍​ចូល​មក​កាន់​សហរដ្ឋអាមេរិក ។

រដ្ឋាភិបាល​លោក​ប្រធានាធិបតី ត្រាំ ក៏​បានឱ្យ​ដឹង​ដែរ​ថា ពន្ធ​លើ​ផលិតផល​ចិន​ត្រូវ​បាន​អនុម័ត​ឡើង​ដើម្បី​បង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម​ដែល​កាន់តែ​មាន​ភាព​យុត្តិធម៌​ជាង​មុន​បន្ទាប់​ពី​ការងារ និង​បច្ចេកវិទ្យា​ត្រូវ​បាន​ផ្ទេរ​ទៅ​ឲ្យ​ប្រទេស​ចិន​អស់​ជា​ច្រើន​ឆ្នាំ​មក ។

IMF ក៏​បាន​និយាយ​ក្នុង​របាយការណ៍​មួយ​ដែរ​ថា ការ​តានតឹង​ឡើង​នៃ​ជម្លោះ​ពាណិជ្ជកម្ម​អាច​បង្ក​ឲ្យ​ទីផ្សារ​រ​ហិញ្ញ​វត្ថុ​ធ្លាក់​ចុះ​នឹង​បង្ក​ជា​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​លូតលាស់​សេដ្ឋកិច្ច​អា​មេ​រិ​ក ។ IMF បាន​បន្ត​ថា វា​ពិតជា​សំខាន់​ណាស់​សម្រាប់​សហរដ្ឋអាមេរិក​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​ចិន និង​បាន​បន្ថែម​ថា​ការ​ប្រើប្រាស់​ពន្ធ​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន​កំពុង​តែ​ប៉ះពាល់​ដល់​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពិភពលោក ៕

ប្រភព ៖ Channel News Asia , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ