ខេត្តប៉ៃលិន ៖ បុរសស្ត្រីជាច្រើននាក់ត្រូវបានកម្លាំងនគរបាលឆ្មក់ចូលចាប់ឃាត់ខ្លួន ខណៈនាំគ្នាប្រមូលផ្តុំជើងពពាក់ពពូនលេងចាក់ល្បែងខ្លាឃ្លោក ខណៈកំពុងចាក់ខ្លាចេញបង្កង និងលេងបៀក៏ត្រូវនគរបាលចាប់ក្របួចទាំងអស់តែម្តងដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣និង០០នាទីរសៀល ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅទីតាំងទី១ នៅដីមួយកន្លែងក្រោមដើមឈើ ក្រោយទីតាំងផ្ទះលក់គ្រឿងសំណង់ យន់ កប ស្ថិតក្នុងភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
ក្រោយពីទទួលដំណឹងភ្លាមកម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងខាងលើ និងបាននាំខ្លួនអ្នកកំពុងលេងបៀ និងអង្គុយមើលបានចំនួន០៥នាក់ យកទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្ដប៉ៃលិន ដែលមានឈ្មោះដូចខាងក្រោមមាន១-ឈ្មោះ វ៉ាន់ សាវ៉េត (មេខ្លាឃ្លោក) ភេទស្រី អាយុ៥៤ឆ្នាំ ជាតិខ្មែរ មុខរបរមេផ្ទះ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ២-ឈ្មោះ ឃុន ឡាយ ភេទស្រី អាយុ៥៤ឆ្នាំ ជាតិខ្មែរ មុខរបរលក់ដូរ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ៣-ឈ្មោះ រី នីតា ភេទស្រី អាយុ២៨ឆ្នាំ ជាតិខ្មែរ មុខរបរលក់នំបញ្ជុក រស់នៅភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ៤-ឈ្មោះ យឹម ខួច ភេទស្រី អាយុ២៨ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ៥-ឈ្មោះ វង្ស ឃាន ភេទប្រុស អាយុ៥២ឆ្នាំ ជាតិខ្មែរ មុខរបររត់ម៉ូតូឌុប រស់នៅភូមិអូរតាពុកលើ សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងដកហូតវត្ថុតាងមាន កន្សែងចំនួន០១, បៀចំនួន០១ហ៊ូរ ស្មើនឹង៥២សន្លឹក, ក្រដាសខ្លាឃ្លោក០១, គ្រាប់ខ្លាឃ្លោក០៣គ្រាប់, គម្របសម្រាប់ក្រប០២ និងលុយនៅលើកម្រាលចំនួន១២,៣០០រៀល(មួយម៉ឺនពីរពាន់បីរយរៀល) ។
ទីតាំងទី២ នៅចំណុចភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ១-ឈ្មោះ យ៉ា រតនា ភេទស្រី អាយុ៣៥ឆ្នាំ ជាតិខ្មែរ មុខរបរមេផ្ទះ រស់នៅភូមិក្បាលព្រលាន សង្កាត់-ក្រុង-ខេត្តប៉ៃលិន ២-ឈ្មោះ ណែត ពិសី ភេទស្រី អាយុ២៨ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិអូរតាប្រាង សង្កាត់-ក្រុង-ខេត្តប៉ៃលិន ដកហូតវត្ថុតាងមាន កន្សែងចំនួន០១, បៀចំនួន០១ហ៊ូរ ស្មើនឹង៥២សន្លឹក និងលុយនៅលើកម្រាលចំនួន១០,៥០០រៀល (មួយម៉ឺនមួយពាន់ប្រាំរយរៀលគត់) ។ ករណីទាំងពីរខាងលើជុំនាញបានធ្វើការអប់រំ និងផាកពិន័យតំឡើងមុខសញ្ញារួចឱ្យឡប់ទៅផ្ទះវិញ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ