ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនតិចលើកទេ! ​ជ្រូក​ចេញពី​វៀតណាម​តាម​ច្រក​ត្នោត​ខេត្ត​ត្បូងឃ្មុំ​មក​ដល់​កំពង់ចាម​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ យោង​តាម​ការ​ណែនាំ​របស់​លោក​គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ដាក់ចេញ​នូវ​ផែនការ​ឲ្យ​មាន​យុទ្ធនាការ​ក្តៅ​ទប់ស្កាត់​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ពី​ប្រទេស​ជិតខាង ដោយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយនឹង​ស្ថាប័ន​ជំនាញ​បង្ក្រាប​បាន​ហូរហែរ​សរុប​ចំនួន​៧​លើក រួម​ទាំង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ មិថុនា​នេះ ។ ដោយ​ឃាត់​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​១​គ្រឿង​ពាក់​ស្លាក​លេខ​កំពង់ចាម…

ខេត្តកំពង់ចាម ៖ យោង​តាម​ការ​ណែនាំ​របស់​លោក​គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ដាក់ចេញ​នូវ​ផែនការ​ឲ្យ​មាន​យុទ្ធនាការ​ក្តៅ​ទប់ស្កាត់​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ពី​ប្រទេស​ជិតខាង ដោយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​សហការ​ជាមួយនឹង​ស្ថាប័ន​ជំនាញ​បង្ក្រាប​បាន​ហូរហែរ​សរុប​ចំនួន​៧​លើក រួម​ទាំង​នៅ​ព្រឹក​ថ្ងៃ​ទី​០៧ មិថុនា​នេះ ។

ដោយ​ឃាត់​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ​១​គ្រឿង​ពាក់​ស្លាក​លេខ​កំពង់ចាម 3A-2345 ដឹក​ជ្រូក​ចំនួន​២៥​ក្បាល ត្រង់​ចំនុច​ភូមិ​ព្រៃ​ផ្តៅ ឃុំ​ក្រឡា ស្រុក​កំពង់សៀម និង​បាន​យក​មក​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​ក្នុង​ទី​សត្តឃាត​ស្រុក​កំពង់សៀម ដើម្បី​បូម​ឈាម​យក​ទៅ​ពិនិត្យ ។

លោ​កន​ង ម៉េ​ង​ហ៊ា​ង ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ការ​ផ្ទុះ​ឡើង​នូវ​ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​នៅ​ប្រទេស​វៀតណាម​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមា​ញ់ និង​នេសាទ​ក៏​ដូច​ជា លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បាន​ដាក់​ចេញ​នូវ​វិធានការ​ទប់ស្កាត់​មិន​ឲ្យមានការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​វៀតណាម​ចូល​មក​កម្ពុជា ។ លោ​កន​ង ម៉េ​ង​ហ៊ា​ង ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្ត​បន្ត​ថា ចាប់តាំងពី​ពេល​ដែល​បើក​យុទ្ធនាការ​ក្តៅ​មក​កម្លាំង​របស់​លោក​បាន​សហការ​ជាមួយនឹង​សមត្ថកិច្ច​ដោយ​បាន​ចាប់​បាន​ជ្រូក​ដឹក​តាម​រថយន្ត និង​ម៉ូតូ​បន្តបន្ទាប់​ដែល​ក្រុម​ឈ្មួញ​ប្រើប្រាស់​គ្រប់​រូបភាព​ដោយ​ដឹក​ឆ្លងស្ពាន​គី​ហ្ស៊ុ​ណា ចេញពី​ខេត្ត​ត្បូងឃ្មុំ និង​ឆ្លង​តាម​កាណូត​បាន​ចំនួន​០៦​លើក ។ ហើយ​បាន​បូម​ឈាម​យក​ទៅ​ពិនិត្យ​នៅ​មន្ទីរពិសោធន៍​រាជធានី​ភ្នំពេញ តែ​មិនឃើញ​មាន​មេរោគ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​ឡើយ ។

​សម្រាប់​ករណី​ទី​៧ ត្រូវ​បាន​បង្ក្រាប​នៅ​ក្នុង​ឃុំ​ក្រឡា ស្រុក​កំពង់សៀម រថយន្ត​១​គ្រឿង​ដឹក​ជ្រូក​២៥​ក្បាល ដែល​ក្រុម​ឈ្មួញ​បាន​ដឹក​ចេញពី​វៀតណាម តាម​ច្រក​ត្នោត ឃុំ​កក់ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ក្នុង​គោលបំណង​មក​ចែកចាយ​តាម​ទី​សត្តឃាត​នានា ដោយ​បាន​បើក​កាត់​ផ្លូវជាតិ​លេខ​៧ ឆ្លងស្ពាន​គី​ហ្ស៊ុ​ណា ចូល​មក​ក្រុង​កំពង់ចាម និង​បាន​បើក​ដល់​ត្រង់​ចំនុច​ឃុំ​ក្រឡា ស្រុក​កំពង់សៀម ត្រូវ​បាន​បង្ក្រាប ។ តាម​ច្បាប់​ត្រូវ​ផាកពិន័យ​ពី​១០​ទៅ​១៥​លាន​រៀល​ផង​ដែរ ។

លោក​ហេង ពិសិដ្ឋ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ត្បូងឃ្មុំ​វិញ​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយពី​មានការ​ណែនាំ​ពី​លោក​អភិបាលខេត្ត​ក៏​ដូច​ជា លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រូប​លោក​បាន​ឲ្យ​ជំនាញការិយាល័យ​បសុព្យាបាល​ខេត្ត​ត្រូវ​យកចិត្តទុកដាក់​ទប់ស្កាត់​ជ្រូក​នាំ​ចូល​ពី​វៀតណាម ។ ចំពោះ​រថយន្តដឹក​ជ្រូក​២៥​ក្បាល​ចាប់​បាន​នៅ​ខេត្តកំពង់ចាម រូប​លោក​មិន​បានដឹង​ថា តើ​ជ្រូក​ចេញ​ដោយ​របៀប​ណាជាមួយ​នោះ​រូប​លោក​ឲ្យ​ជួយ​ស្រាវជ្រាវ តើ​មាន​បុគ្គល​ណា​ម្នាក់​ដែល​នៅ​ពីក្រោយ​ខ្នង​ដោយ​មានការ​ឃុបឃិត​បណ្តោយ​ឲ្យ​ជ្រូក​ហូរ​ចេញពី​វៀតណាម​ចូល​មក​ដល់​ខេត្តកំពង់ចាម តាម​រយៈ​រថយន្ត​ខាងលើដើម្បី​មាន​វិធានការ​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ