ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ក្រុងព្រះសីហនុ​កំពុង​ឡើងថ្លៃ​កប់​ពពក ​​ល្បី​ថា ​គ្រូ​ៗ​ច្រៀក​ដី​សាលា​ចែក​គ្នា…

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បច្ចុប្បន្ន ​តម្លៃ​ដី​នៅ​ក្រុងព្រះសីហនុ បាន​ហក់​ឡើង​យ៉ាង​ខ្ពស់​មិន​នឹកស្មាន​ដល់ បន្ទាប់​ពី​ការ​ហូរ​ចូល​នៃ​ក្រុម​អ្នកជំនួញ​ចិន ។ ស្រប​ពេល​ដែល​តម្លៃ​ដីធ្លី​ឡើង​ខ្ពស់កប់ពពកនេះ ទើប​កាលពី​ប៉ុន្មាន​ខែ​មុន​កើត​មាន​ជម្លោះរវាង​កូន​និង​ម្តាយ ដែល​ដោយសារ​តែ​ដី​១​ដុំ​ហ៊ាន​ដេញ​ម្តាយ​ឲ្យ​ចេញពី​ដី​នោះ…

ខេត្ត​ព្រះ​សីហ​នុ ៖ បច្ចុប្បន្ន ​តម្លៃ​ដី​នៅ​ក្រុងព្រះសីហនុ បាន​ហក់​ឡើង​យ៉ាង​ខ្ពស់​មិន​នឹកស្មាន​ដល់ បន្ទាប់​ពី​ការ​ហូរ​ចូល​នៃ​ក្រុម​អ្នកជំនួញ​ចិន ។ ស្រប​ពេល​ដែល​តម្លៃ​ដីធ្លី​ឡើង​ខ្ពស់កប់ពពកនេះ ទើប​កាលពី​ប៉ុន្មាន​ខែ​មុន​កើត​មាន​ជម្លោះរវាង​កូន​និង​ម្តាយ ដែល​ដោយសារ​តែ​ដី​១​ដុំ​ហ៊ាន​ដេញ​ម្តាយ​ឲ្យ​ចេញពី​ដី​នោះ តាម​អំណាចដីកា​រក្សា​ការពារ​ដែល​ចេញ​ដោយ​តុលាការ ។ ឥឡូវនេះ បញ្ហា​ដី​សាលា​បឋម​សិក្សា ហ៊ុន សែន ក្រុងព្រះស ហនុ ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ត្រូវ​បាន​មតិ​មហាជន ក៏​ដូច​ជា​មន្ត្រីរាជការ​អះអាង​ថា កំពុង​មានការឃុបឃិត​គ្នា​ជា​លក្ខណៈ​ប្រព័ន្ធ​ពុះ​ច្រៀក​ដី​សាលា​ចែក​គ្នា ។

ប្រភព​ដដែល​បាន​សង្ស័យ​ដែរ​ថា ចំពោះ​ភាព​មិន​ប្រក្រតី​នេះ​ប្រហែលជា​មានការ​ឃុបឃិត​គ្នា​តាំងពី​មន្ទីរ​អប់រំ យុវជន និង​កីឡា នាយក​សាលា រួម​ជាមួយ​លោកគ្រូ​អ្នកគ្រូ ទើប​មានការ​បែងចែក​ដី​ឡូត៍​របស់​សាលារៀន​ដែល​ជា​ដី​របស់រដ្ឋ​យ៉ាង​អនាធិបតេយ្យ ។ បើ​តាម​ឋានានុក្រម​ការងារ លោកគ្រូ​អ្នកគ្រូ​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​លោកនាយក ឯ​លោកនាយក​នៅ​ក្រោមការ​គ្រប់គ្រង​របស់​ប្រធាន​ការិយាល័យ​អប់រំ និង ប្រធាន​មន្ទីរ ។ ចុះ​ហេតុ​អី្វ បានជា​បណ្តោយ​ឲ្យ​មានការ​បោះបង្គោល​របង​ចែក​គ្នា​បែប​នេះ ព្រោះ
ទីតាំង​ដី​នៅ​ចម្ងាយ​ពី​មន្ទី​អប់រំ​ខេត្ត​មិន​ដល់​២០០​ម៉ែត្រ​ផង ហេតុ​អី្វ​ក៏​មិន​មានការ​ចុះ​មក​ហាមឃាត់ បែរជា​បណ្តោយ​ឲ្យ​លោកគ្រូ​អ្នកគ្រូ​បោះបង្គោល​ជា​ឡូត៍ ធ្វើ​របង​លួស​បន្លា និង​សាងសង់​ផ្ទះ​បែប​នេះ​ទៅ​វិញ ?

ជុំវិញ​ករណី​ខាងលើ​នេះ លោកនាយក​សាលា​បាន​បដិសេធ​ថា លោក​ពុំ​មានការ​ឃុបឃិត​នោះ​ឡើយ ហើយ​លោក​ក៏​បាន​ណែនាំ​ដល់​លោកគ្រូ​អ្នកគ្រូ​ទាំង​អស់នោះ​ឲ្យ​បញ្ឈប់​សកម្មភាព​បែបនេះ ព្រោះថា​ដី​នេះ​ជា​ដី​របស់​រដ្ឋ​មិន​អាច​ឲ្យ​ទៅបុគ្គល​ណា​បាន​ឡើយ ។ ជាមួយ​នេះ លោក​ក៏​បានធ្វើ​របាយការណ៍​ជូន​ទៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា ក៏​ដូច​ជា​អាជ្ញាធរ​ក្រុង ខេត្ត ដើម្បី​ជូន​ជ្រាបអស់ហើយ​ដែរ​។ ជុំវិញ​បាតុភាព​នេះ លោក កែវ ឡាយ ប្រធានមន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្ត បាន​លើក​ឡើង​រថា ករណី​នេះ​លោកគ្រូ​អ្នកគ្រូ​ចំនួន​៤២​នាក់​បានស្នើ​សុំ​មក​មន្ទីរ ដើម្បី​សុំ​ដី​របស់​សាលា​បឋម​សិក្សា ហ៊ុន សែន ក្រុង​នេះ តែ​លោក​មិន​អនុញ្ញាត​ទេ ព្រោះ​ជា​ដី​របស់​សាលា​និង​ជា​ដី​របស់​រដ្ឋ មិន​អាច​ឲ្យ​បាន​ទេ ។

ជុំវិញ​បញ្ហា​នេះ​ដែរ លោក យន្ត មីន អភិបាល​ខេត្ត បាន​ទៅ​មក​ពិនិត្យ​ទីតាំង​ជាក់ស្ដែង និងពន្យល់​ណែនាំ​ដល់​លោកគ្រូ​អ្នកគ្រូ​ដែល​មាន​បំណង​ស្នើ​សុំ​ចង់បាន​ដី​របស់​សាលា​នោះ គឺ​លោកមិន​អនុញ្ញាត​ទេ​ព្រោះ​ជា​ដី​ជាប់​ក្នុង​បញ្ជីសារពើភ័ណ្ឌ​របស់​រដ្ឋ គ្រប់គ្រង​ដោយ​មន្ទីរ​អប់រំ យុវជន​និង​កីឡា ។ ប៉ុន្តែ ទោះបី​មានការ​បដិសេធ​ការ​ស្នើ​សុំ​របស់លោកគ្រូ​អ្នកគ្រូ​ទាំង​៤២​នាក់ តាំងពី​នាយក​សាលា និង​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា រហូតដល់​អាជ្ញាធរ​ខេត្ត​យ៉ាងណា​ក៏​ដោយ ក៏​ឃើញ​ថា នៅ​ទីតាំង​ដី​នោះ​កំពុង​បន្ត​មានការ​រំលោភ​ធ្វើ​ជាកម្មសិទ្ធិ​ផ្ទាល់ខ្លួន និង​ធ្វើ​សកម្មភាព​ដូច​ជា សាងសង់ផ្ទះ និង​បែងចែក​ជា​ឡូត៍​ៗ ដោយ​មិន​មាន
ការ​ខ្លាចញញើត​សមត្ថកិច្ច​ក៏​ដូច​ជា​អាជ្ញាធរ​នោះ​ឡើយ ។

សរុបសេចក្ដី​មក សកម្មភាព​ចាប់ដី​របស់​លោកគ្រូ​អ្នកគ្រូ​នេះ បើ​អាជ្ញាធរ​នៅ​តែ​បណ្ដែតបណ្ដោយ​មិន​មាន​ការ​ដោះស្រាយ​ទេ ធ្វើ​ឲ្យ​មតិមហាជន​ក៏​ដូច​ជា​លោកគ្រូ​អ្នកគ្រូ​នៅ​សាលា​ផ្សេង​ទៀត ក៏​អាច​នឹង​មាន​ការ​រំលោភ​បំពាន​យក​ដី​របស់​សាលា​ដូច​សាលា​បឋម​សិក្សា ហ៊ុន សែន​ក្រុង​នេះ​ជា​មិន​ខាន ព្រោះថា​ដី​របស់​សាលា​មានទីធ្លា​ធំ​ទូលាយ​ស្ទើរតែ​គ្រប់​ទីកន្លែង ។ ដូចនេះ បើអាជ្ញាធរ​និង​សមត្ថកិច្ច​មិន​មាន​វិធានការ​ទប់ស្កាត់​ទេ នឹង​ជួប​បញ្ហា​នៅ​សាលា​ផ្សេង​ៗ​ទៀត​ជាក់​ជា​មិន​ខាន​៕ ​

អត្ថបទសរសេរ ដោយ