ប្រទេសវៀតណាម ៖ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបានប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន Viet Nam News កាលពីពេលកន្លងមកថា ប្រទេសវៀតណាមនឹងត្រូវនាំចូលសាច់ជ្រូកបន្ថែមក្នុងកំឡុងពេលប៉ុន្មានខែខាងមុខនេះដើម្បីបំពេញកង្វះខាតក្នុងស្រុក ខណៈដែលជម្ងឺផ្តាសាយជ្រូកអាហ្វ្រិកបន្តរាតត្បាត ។
មជ្ឈមណ្ឌលផ្តល់ព័ត៌មានឧស្សាហកម្មនិងពាណិជ្ជកម្មក្រោមក្រសួងខាងលើបានឲ្យដឹងថា សាច់ជ្រូកកំពុងតែត្រូវបានលក់ចេញក្នុងតម្លៃយ៉ាងទាបព្រោះតែតម្រូវការធ្លាក់ចុះ ។ ក្រសួងនេះបានបន្តទៀតថាការផ្គត់ផ្គង់សាច់ជ្រូកក៏មានកម្រិតដែរព្រោះមានសត្វជ្រូកប្រមាណ ១.៥លានក្បាលត្រូវបានសម្លាប់ចោលកាលពី៤ខែដំបូងនាឆ្នាំនេះ ឬស្មើ ៥% នៃសាច់ជ្រូកទាំងអស់ក្នុងប្រទេស ។ វៀតណាមបានប្រទះឃើញជម្ងឺផ្តាសាយជ្រូកក្នុងទីក្រុងនិងខេត្តចំនួន៥៣ ហើយវានឹងបន្តរាតត្បាតផងដែរ ។
យោងទៅតាមធនាគារ Rabobank បានឲ្យដឹងថាវិស័យបង្កាត់ពូជជ្រូករបស់វៀតណាមបានស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងព្រោះតែជម្ងឺនេះ ។ Rabobank បាននិយាយថា ទិន្នផលសាច់ជ្រូកសម្រាប់ឆ្នាំ ២០១៩ នឹងធ្លាក់ចុះប្រមាណ១០%ផងដែរ ។
បើទោះជារដ្ឋាភិបាលខិតខំគ្រប់គ្រងជម្ងឺនេះពិតមែនក្តី ករណីថ្មីៗនៅតែត្រូវបានប្រទះឃើញឡើង។ Rabobank បានបន្ថែមថាការធ្លាក់ចុះនៃទិន្នផលនឹងកាត់បន្ថយការទទួលទានៃសាច់ជ្រូកប្រមាណ៧% ។ ទីក្រុងហូជីមិញបានជំរុញដល់អាជីវកម្មឲ្យទិញជ្រូកដែលមានសុខភាពល្អ និងទិញស្តុកសាច់ជ្រូកកកដើម្បីត្រៀមខ្លួនសម្រាប់កង្វះខាតនាពេលអនាគត។
យោងទៅតាមនាយកដ្ឋានកសិកម្មនិងអភិវឌ្ឍន៍ជនបទប្រចាំទីក្រុងបានឲ្យដឹងថា ជម្ងឺនេះមិនមានវត្តមានក្នុងទីក្រុងហីជីមិញទេ ប៉ុន្តែត្រូវបានប្រទះឃើញក្នុងតំបន់ប៉ែកខាងត្បូងផ្សេងទៀត។ ទីក្រុងហូជីមិញគឺជាទីផ្សារដ៏ធំសម្រាប់សាច់ជ្រូក ដូច្នេះទីផ្សារនេះអាចទទួលរងការប៉ះពាល់ធ្ងន់ធ្ងរប្រសិនបើជម្ងឺបានមកដល់។
លោក Pham Thanh Kien ដែលជាប្រធាននាយកដ្ឋានឧស្សាហកម្មនិងពាណិជ្ជកម្មប្រចាំទីក្រុងហូជីមិញបាននិយាយថា ទីក្រុងបានខិតខំធានាដល់ការផ្គត់ផ្គង់សាចជ្រូកគ្រប់គ្រាន់ ប៉ុន្តែពួកគេនៅតែជំរុញដល់អាជីវកម្មឲ្យទិញសាច់ជ្រូកស្តុកទុកដដែល ៕
ប្រភព ៖ Vietnam News , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ