កក្រើក​ទៀត​ហើយ​!​ ម្ចាស់​ខ្សែក្រវាត់​ខ្មែរ​ប៉ះ​ម្ចាស់​ខ្សែក្រវាត់​ថៃ​នៅ​លើ​សង្វៀន


រាជធានី​ភ្នំពេញ ៖ បាត់​មុខ​ពី​សង្វៀន​តែ​មួយ​រយៈ ពេល​នេះ កីឡាករ​ជើង​ខ្លាំង ឈាន ហុង ដែល​ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​រូប​ត្រូវ​គេ​ឃើញ​មានមុខ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ ដែល​ជា​ជើង​ខ្លាំង​មិនធម្មតា និង​ជា​ម្ចាស់​ខ្សែក្រវាត់​មួយ​រូប​ដែរ​នៅ​ក្នុង​ប្រទេស​ថៃ ។ មួយគូ​នេះ ត្រូវ​គេ​រំពឹង​ថា ពិតជា​ធ្វើ​ឱ្យ​រញ្ជួយ​សង្វៀន​នា​ថ្ងៃ​សៅរ៍​ទី ៨ មិថុនា ក្នុង​ព្រឹត្តិការណ៍ TV5 Knock out Series by K-Cement ដែល​ជា​ព្រឹត្តិការណ៍​សំខាន់​ស្ថិត​ក្នុង​ដំណាក់កាល​ឈាន​ទៅ​ជ្រើសរើស​ជើងឯក​នៅ​ប៉ុស្តិ៍​លេខ​៥ ព្រែក​កំ​ពិស​ផង​។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ពី​ម៉ោង​៦​ល្ងាច​ស្អែក​នេះ ត្រូវ​គេ​ឃើញ​មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល​ល្ងាច​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​នៅ​តំបន់​ព្រែក​កំ​ពិស​និយម​មក​ទស្សនា​កកកុញ ស្របគ្នា​នៅ​តំបន់​ប៉ុស្ដិ៍​លេខ​៥​ក៏​មាន​កំណើន​អ្នក​រស់នៅ​ច្រើន​ឡើង ក្រោយ​មាន​វត្តមាន​សំណង់​បុរី​ព្រោងព្រាត​ប្រដេញ​គ្នា ។ កីឡាករ​កម្ពុជា​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ហួសប្រមាណ​ក្រោយ​ពី​មានការ​ប្រកាស​ថា តម្រូវ​ឱ្យ​ស្វាគមន៍​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ Nin Sayam ដែល​អ្នក​ណា​ៗ ក៏​ស្គាល់​ថា​ជា​ជើង​ខ្លាំង ធ្លាប់​ប្រកួត​ឈ្នះ​លើ​កីឡាករ​កម្ពុជា​កន្លង​មក ។

វត្តមាន​កីឡាករ​ទាំង​កម្ពុជា និង​ថៃ ក្នុង​ស​ប្ដា​ហ៍​នេះ មិន​ថា​ការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ឬ​ការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ក្នុងស្រុក​ទេ គឺ​ពិតជា​ធ្វើ​ឱ្យ​អ្នក​ស្នេហា​វិស័យ​ប្រដាល់​មានការ​ចាប់អារម្មណ៍ ជា​ពិសេស​គឺ​វត្តមាន​របស់​កីឡាករ ឈាន ហុង មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​តែ​កីឡាករ​រូប​នេះ បាត់​មុខ​មួយរ​យៈមក​ហើយ​។ សមាសភាព​គូ​អន្តរជាតិ​នេះ ត្រូវ​បាន​គេ​អះអាង​ថា​មានការ​សម្រាំង​យ៉ាង​ពិសេស ដើម្បី​ឱ្យ​អ្នក​ទស្សនា​កាន់តែ​កន្ត្រាក់​អារម្មណ៍ ក្នុង​ពេល​ដែល​ស​ប្ដា​ហ៍​នេះ​គឺជា​ការ​ប្រកួត​រវាង​អ្នកមាន​ឈ្មោះ​ប្រកួត​ទាំង​៤​នាក់​ក្នុង​វគ្គ​ជម្រុះ​បន្ត​ក្នុង​ចំណោម​បេក្ខភាព​អ្នក​ឈ្នះ​ទាំង​៨​រូប ដើម្បី​ជម្រុះ​យក​តែ​៤​នាក់​សម្រាប់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​។

លោក សេង ក​ដិ​កា បញ្ជាក់​ថា សមាស ភាព​ខាង​កម្ពុជា សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ លោក​ជឿជាក់​ខ្លាំង​លើ​កីឡាករ ឈាន ហុង ថ្វី​ដ្បិត​គេ​មិនសូវ​មានឱកាស​ឡើង​ប្រកួត អន្តរជាតិ​ក្ដី ។ លោក​សម្រេច​ដាក់​ឱ្យ​ប្រកួត ជា​លក្ខណៈ​អន្តរជាតិ គឺ​ដោយសារ​តែ​កីឡាករ​រូប​នេះ​គេ​មាន​សមត្ថភាព​ខ្លាំង​ជា​យូរ​មក​ហើយ និង​ទទួល​បានការ​ចាប់អារម្មណ៍​នៅ​ក្នុង​វិស័យ​ប្រដាល់ ។ លោក​ប្រកាស​ថា វត្តមាន​ចុះ​មក​របស់​កីឡាករ Nin Sayam លោក​ចង់​ផ្ដល់​ឱកាស​ឱ្យ​ឈាន ហុង ដោយសារ​តែ​អ្នក​ទាំង​ពីរ​សុទ្ធតែ​ជា​ម្ចាស់​ជើងឯក​ដូច​គ្នា ទើប​លោក​ហ៊ាន​សម្រេច​ផ្គូផ្គង បើ​ទោះជា​មាន​អ្នកគាំទ្រ​ភាគច្រើន​ថា​កីឡាករ​កម្ពុជា​អាច​នឹង​ពិបាក​ទប់​ជាមួយ​កីឡាករ​ថៃ​ព្រោះ​គេ​ស្ងាត់​ប្រកួត​មួយ​រយៈ​ក្តី ។

លោក​ក៏​បាន​កំណត់​ឱ្យ​កីឡាករ​កម្ពុជា ហ្វឹកហាត់​ជាប់លាប់​មិន​តិច​ជាង​១​ស​ប្ដា​ហ៍​ផង​ដែរ មុន​ពេល​ផ្គូផ្គង ទើប​លោក​យល់​ថា សមាសភាព​របស់​កីឡាករ​កម្ពុជា​រូប​នេះ គ្រប់គ្រាន់​សម្រាប់​ឱ្យ​ប៉ុស្តិ៍​លេខ​៥​ដាក់​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ នៅ​ថ្ងៃ​សៅរ៍​នេះ​បាន ។ លោក​ថា កីឡាករ​កម្ពុជា និង​ថៃ​សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា​មានការ​ត្រៀមខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀងខ្លួន និង​មិន​ចង់​បាត់បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។

មួយគូ​នេះ មានការ​ចាប់អារម្មណ៍​ភាគច្រើន ដោយ​រំពឹង​ថា​នឹង​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ជក់ចិត្ត និង​ចង់​ដឹង​ពី​បទ​ពិសោធន៍​អ្នក​ទាំង​ពីរ នៅ​ពេល​ប៉ះ​គ្នា ។ ម្យ៉ាង​កីឡាករ​កម្ពុជា ឈាន ហុង មិនសូវ​មាន​ទម្លាប់​ឡើង​វ៉ៃ​លាក់​ដៃ​ស្រាប់ ស្របគ្នា​ដែល​គេ​ក៏​ជា​កីឡាករ​បើ​និយាយ​ពី​ភាព​ក្លាហាន និង​វាយ​ស៊ូ​ផង ទើប​លោក​ពេញចិត ។

លោក សេង ក​ដិ​កា បន្ត​ថា ជំនួប​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​ប៉ុស្តិ៍​លេខ​៥ មិនមែន​សុទ្ធតែ​រន្ថើន​ព្រឹត្តិការណ៍​ជើងឯក​ឱ្យ​អ្នក​ទស្សនា​កាន់តែ​មាន​អារម្មណ៍​កញ្ជ្រោល​នោះ​ទេ ប៉ុន្តែ​សម្រាប់​ជំនួប​រវាង កីឡា​ករ​ទាំង​២ លោក​ជឿជាក់​ថា​នឹង​កក្រើក ដោយសារ​កីឡាករ​ថៃ​លោក​ស្គាល់​ថ្វីដៃ​ច្បាស់​ហើយ​ថា មិនធម្មតា ហើយ​សម្រាប់​កីឡាករ​កម្ពុជា វិញ ក៏​ល្អ​ស្ថិត​ក្នុង​ទំនុកចិត្ត​លោក​តាំងពី​មុន​ផ្គូផ្គង ។

យ៉ាងណា​ក៏​ដោយ លោក​ថា កីឡាករ​កម្ពុជា​ដ្បិតថា​រូប​លោក និង​អ្នកគាំទ្រ​ទុកចិត្ត​ពី​សមត្ថភាព​យ៉ាងហ្នឹង តែបើ​គេ​ប្រកួត​មិនល្អ ឬ​មិន​អស់ពី​សមត្ថភាព ក៏​ពិតជា​រង​ការ​រិះគន់​មិន​តិច​ដែរ ។ ដោយឡែក​សម្រាប់​គូប្រកួត​ជម្រុះ​ដណ្ដើម​យក​កៅអី​២​នាក់​ក្នុង​ស​ប្ដា​ហ៍ នេះ ត្រូវ​បាន​គេ​អះអាង​ថា​សុទ្ធតែ​ត្រៀមខ្លួន​រួចរាល់​មុន​ការ​ឡើង​រេញ ដែល​ក្នុង​វគ្គ​កន្លង​មក​គឺ​ល្អមើល​រួច​ស្រេច​ដូច​គ្នា ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ