ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សារ​ទំនើប​ថ្មី​ៗ​កំពុង​ប្រល័យ​ផ្សារ ទំនើប​ចាស់​ៗ និង​ផ្សារ​ប្រពៃណី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កំណើន​ផ្សារ​ទំនើប​ថ្មី​ៗ ជា​ពិសេស​ផ្សារ​ទំនើប​អន្តរជាតិ ដូច​ជា​ផ្សារ​ទំនើប អ៊ី​អន ផ្សារ​ទំនើប​ម៉ា​ក្រូ​ជាដើម កំពុង​វាយប្រហារ​ផ្សារ​ទំនើប​ចាស់​ៗ និង​ផ្សារ​ប្រពៃណី​ដូច​ជា​ផ្សារ​ទួល​ទំពូង ផ្សារ​អូរ​ឫស្សី…

រាជធានី​ភ្នំពេញ ៖ កំណើន​ផ្សារ​ទំនើប​ថ្មី​ៗ ជា​ពិសេស​ផ្សារ​ទំនើប​អន្តរជាតិ ដូច​ជា​ផ្សារ​ទំនើប អ៊ី​អន ផ្សារ​ទំនើប​ម៉ា​ក្រូ​ជាដើម កំពុង​វាយប្រហារ​ផ្សារ​ទំនើប​ចាស់​ៗ និង​ផ្សារ​ប្រពៃណី​ដូច​ជា​ផ្សារ​ទួល​ទំពូង ផ្សារ​អូរ​ឫស្សី ផ្សារ​អូរ​ឡាំ​ពិ​ក ផ្សារ​សូ​រិ​យា និង​ផ្សារ​សុ​វ​ណ្ណា​ជាដើម ដែល​ធ្វើ​ឱ្យ​ផ្សារ​នេះ​បាន​បាត់បង់​ភ្ញៀវ​បន្តិច​ម្ដង​ៗ ។

យោង​តាម​ការ​ចុះ​ផ្សាយ​របស់​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​មួយ​បានឱ្យ​ដឹង​ថា ផ្សារ​ទំនើប​សុ​វ​ណ្ណា ដែល​ជា​ផ្សារ​ទំនើប​ធំ​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ល្បីឈ្មោះ​កាលពី​ជាង​១០​ឆ្នាំ​មុន​នោះ​នឹង​ឈាន​ទៅ​ដល់​ការ​ផ្អាក​ដំណើរការ ឬ​បិទ​ទាំងស្រុង​នៅ​ពេល​ឆាប់​ៗ​នេះ ខណៈ​ផ្សារ​ទំនើប​សូ​រិ​យា ដែល​ជា​ផ្សារ​ទំនើប​ដំបូង​គេ​នៅ​កម្ពុជា ក៏​បាន​ផ្អាក​ដំណើរការ​ម្ដង​រួច​មក​ហើយ និង​បាន​ដំណើរការ​វិញ​កាលពី​ឆ្នាំ​មុន​នេះ ។

បើ​តាម​អ្នកឧកញ៉ា ពុង ឃាវ​សែ ជា​វិនិយោគិន​ផ្សារ​ទំនើប​ដំបូង​គេ​រួម​មាន​ផ្សារ​ទំនើប​សូ​រិ​យា ផ្សារ​ទំនើប​សុ​វ​ណ្ណា និង​ផ្សារ​ទំនើប​រតនា​ផ្លា​ហ្សា​រ នោះ​បានឱ្យ​ដឹង​ថា កំណើន​ផ្សារ​ទំនើប​អន្តរជាតិ​ចូល​មក​ថ្មី​ៗ​បាន​និង​កំពុង​ធ្វើ​ឱ្យ​ផ្សារ​ទំនើប​ប្រពៃណី ក៏​ដូច​ជា​ផ្សារ​ទំនើប​ក្នុងស្រុក​បាត់បង់​ភ្ញៀវ​បន្តិច​ម្ដង​ៗ ដូច្នេះ​ត្រូវការ​កែ​លម្អ​ជា​បន្ទាន់ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ក៏​ដូច​ជា​ភ្ញៀវ​ក្នុងស្រុក​ឡើង​វិញ បើ​ពុំនោះ​ទេ ផ្សារ​ទំនើប​ក្នុងស្រុក​ក៏​ដូច​ជា​ផ្សារ​ប្រពៃណី​ក្នុងស្រុក អាច​នឹង​ប្រឈម​បញ្ហា ហើយ​ឈាន​ទៅ​ដល់​ការ​បិទ​តូប​បណ្ដើរ​ៗ​ផង​ដែរ ។

អ្នកឧកញ៉ា​បន្ត​ថា ផ្សារ​ទំនើប​អន្តរជាតិ​ដែល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា គេ​បាន​ច្នៃប្រឌិត​មាន​កន្លែង​កម្សាន្ត​ប្លែក​ៗ និង​ការ​តុបតែង​លម្អ​កាន់តែ​ទាក់ទាញ រួម​ទាំង​មាន​ចំណត​ធំ​ទូលាយ ចំណែក​ផ្សារ​ប្រពៃណី ហាក់​មិន​ទាន់​មាន​សណ្ដាប់ធ្នាប់​ត្រឹមត្រូវ ហើយ​តម្លៃ​ក៏​នៅ​មិន​ទាន់​មាន​ស្ដង់ដារ​មួយ​ច្បាស់លាស់​ដែរ ដូច្នេះ​បងប្អូន​អា​ជីករ​នៅ​តាម​ផ្សារ​ប្រពៃណី​នានា ក្នុង​រាជធានី​ភ្នំពេញ​គួរតែ​គិតគូរ​ពី​ចំណុច​នេះ ដើម្បី​ឱ្យ​អ្នកទេសចរ​ងាក​មក​រក​ផ្សារ​របស់​ពួក​យើង​វិញ ។ អ្នកឧកញ៉ា​បន្ត​ថា កាលពីមុន បើ​ភ្ញៀវ​ចង់​ទិញ​សម្លៀក​បំពាក់ គេ​គិតដល់​ផ្សា​របឹង​កេងកង​មុនគេ ហើយ​បើ​គេ​ចង់​ទិញ​បន្លែ​ផ្លែ​ឈើ គេ​គិតដល់​ផ្សារ​ដើម​គរ និង​ផ្សារ​នាគ​មាស សម្រាប​ផ្សារ​ទួល​ទំពូង​ជាដើម ជា​ផ្សារ​សម្រាប់​ទទួលភ្ញៀវ​ទេសចរ​ក្នុងស្រុក និង​បរទេស ។ ចំណែក​បច្ចុប្បន្ន​វិញ​មិន​អ៊ីចឹង​ទេ ភ្ញៀវ​គេ​ចង់​ចូល​តែ​ផ្សារ​ទំនើប​ៗ និង​មាន​ម៉ាស៊ីនត្រជាក់ ព្រមទាំង​អាច​មាន​ទំនិញ​ចម្រុះ​សម្រាប់​ពួក​គេ​ផង​ដែរ ។

បើ​តាម​អាជីវករ​មួយ​រូប​នៅ​ផ្សារ​ច្បារ​អំពៅ បានឱ្យ​ដឹង​ថា ជា​ការ​ពិត​កំណើន​ផ្សារ​ទំនើប​ពិតជា​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ផ្សារ​ប្រពៃណី​មែន ពីព្រោះ​ពលរដ្ឋ​មាន​ជីវភាព​ប្រសើរ​ឡើង​កាន់តែ​ច្រើន ដូច្នេះ​ពួក​គាត់​ទៅ​រក​ផ្សារ​ទំនើប​ដែល​អាច​ឱ្យ​ពួក​គាត់​សម្រាក និង​ទទួល​អាហារ​នៅ​ក្នុង​ផ្សារ​ទំនើប​ទាំងនោះ ព្រមទាំង​អាច​នាំ​កូនចៅ​ទៅ​កម្សាន្ត​ដូច​តំបន់​ទេសចរណ៍​មួយ​អ៊ីចឹង​ដែរ ដូច្នេះ​ផ្សារ​ប្រពៃណី​ភាគច្រើន​មាន​តែ​ភ្ញៀវ​កម្រិត​មធ្យម និង​ភ្ញៀវ​ចាស់​ៗ ដោយឡែក​សម្រាប់​យុវវ័យ​មិនសូវ​ចូល​ផ្សារ​ប្រពៃណី​នេះ​ទេ ។

ចំណែក​លោក ស្រូ​យ ឌី​ណា អាជីវករ​មួយ​រូប​នៅ​ផ្សារ​ដើម​គរ ក៏​បានឱ្យ​ដឹង​ស្រ​ដៀង​គ្នា​នេះ​ដែរ​ថា ភ្ញៀវ​មក​ផ្សារ​ដើម​គរ បច្ចុប្បន្ន​នេះ​បាន​ធ្លាក់​ចុះ​ច្រើន ខុស​ប្លែក​ពី​មុន​ពេល​ដែល​មាន​ផ្សារ​ទំនើប​ច្រើន គឺ​ភ្ញៀវ​មក​ផ្សារ​ដើម​គរ​ច្រើន​ណាស់ ហើយ​អាជីវករ​មួយ​ចំនួន​មមាញឹក​នឹង​ការ​លក់ដូរ​របស់​ពួក​គាត់ ចំណែក​ពេល​នេះ​វិញ អាជីវករ​ភាគច្រើន​អត់​សូវ​រវល់​ទេ ព្រោះ​អត់​សូវ​មាន​ភ្ញៀវ​ចូល​ច្រើន​ដូច​កាល​មុន ។

គួរ​រំឭក​ថា ក្រៅពី​ផ្សារ​ទំនើប​បរទេស​ដែល​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ហើយ​នោះ ក៏​មាន​ផ្សារ​ទំនើប​ជា​ច្រើន​ទៀត​កំពុង​សាងសង់ និង​វិនិយោគ​ដោយ​វិនិយោគិន​ខ្មែរ ដូច​ជា​ផ្សារ​ទំនើប​ជីប​ម៉ុង ផ្សារ​ទំនើប​ប៉េង​ហួត ជាដើម និង​មាន​ផ្សារ​ទំនើប​ជា​ច្រើន​ទៀត​បាន​និង​កំពុង​លេច​វត្តមាន​ជា​បណ្ដើរ​ៗ​នៅ​កម្ពុជា​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ