ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​មេដាយ​តែ​ស៊ន សៀវ​ម៉ី ជោគជ័យ​ទាំង​កីឡា និង​អាជីវកម្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​ចុង​ក្រោយ កីឡាការិនី​ស៊ន សៀវ​ម៉ី មិន​ត្រូវ​បាន​គេ​ឃើញ​ទទួល​បាន​មេដាយ​ដើម្បី​ពង្រីក​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​តេ​ក្វា​ន់​ដូរ​បស់​នាង​ឱ្យ​ឈាន​ឡើង​នោះ​ទេ​។ ទោះបី​យ៉ាងណា​គេ​នៅ​ចាត់​ទុក​ថា នាង​ទទួល​ជោគជ័យ​ព្រម​គ្នា​ទាំង​ក្នុង​អាជីព​បើកមុខ​ជំនួញ និង​កីឡា​ដដែល ដោយសារ​តែ​នាង​នៅ​តែ​ជា​តំណាង​នាំមុខ​គេ​តែ​ម្នាក់​របស់​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ រយៈពេល​ចុង​ក្រោយ កីឡាការិនី​ស៊ន សៀវ​ម៉ី មិន​ត្រូវ​បាន​គេ​ឃើញ​ទទួល​បាន​មេដាយ​ដើម្បី​ពង្រីក​កេរ្តិ៍ឈ្មោះ​ក្នុង​វិស័យ​តេ​ក្វា​ន់​ដូរ​បស់​នាង​ឱ្យ​ឈាន​ឡើង​នោះ​ទេ​។ ទោះបី​យ៉ាងណា​គេ​នៅ​ចាត់​ទុក​ថា នាង​ទទួល​ជោគជ័យ​ព្រម​គ្នា​ទាំង​ក្នុង​អាជីព​បើកមុខ​ជំនួញ និង​កីឡា​ដដែល ដោយសារ​តែ​នាង​នៅ​តែ​ជា​តំណាង​នាំមុខ​គេ​តែ​ម្នាក់​របស់​កម្ពុជា លើ​ឆាក​អន្តរជាតិ ដែល​ធ្វើ​ឱ្យ​នាង​នៅ​តែ​ជា​អាយ​ដល​របស់​អ្នកគាំទ្រ​ភាគច្រើន​។

កញ្ញា ស៊ន សៀវ​ម៉ី និយាយ​ថា មក​ទល់​ពេល​នេះ ដ្បិតថា​សកម្ម​នឹង​ការ​នាំ​ចូល​ផលិតផល​ថែរក្សា​សម្រស់​រួម​មាន​ផលិតផល​លាបមុខ ថែរក្សា​មុខ និង​ថ្នាំ​សម្រក​ទម្ងន់​ជាដើម ប៉ុន្តែ​នាង​មិន​ដែល​ភ្លេច​តួនាទី​ជា​កីឡាការិនី​របស់​ខ្លួន​នោះ​ទេ គឺ​នៅ​តែ​ទទួល​ប្រកួត ហើយ​ហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់​មិន​ដែល​ប្រហែស​ទេ​។

កញ្ញា​ថា ប្រមាណ​ច្រើន​ខែ​មក​ហើយ ដែល​នាង​សកម្ម​នឹង​មុខរបរ​អន​ឡាញ ដោយ​ក្នុង​មួយ​ខែ​ៗ នាង​អាច​រកបាន​មិន​ក្រោម​៤​ទៅ​៥​ពាន់​ដុល្លារ​នោះ​ទេ ប៉ុន្តែ​នាង​នៅ​តែ​មិន​អាច​យកមុខ​របរ​នោះ​ធ្វើ​ឱ្យ​ធ្វេសប្រហែស​នឹង​កីឡា​ឡើយ គឺ​នៅ​តែ​ទទួលខុសត្រូវ​ខ្ពស់ បើ​ទោះជា​នាង​មិន​មានឱកាស​ទទួល​បាន​មេដាយ​នា​ពេល​ចុង​ក្រោយ ។

កញ្ញា​ថា ខ្លួន​លក់ដាច់​ខ្លាំង​ណាស់ ដោយ​ក្នុង​មួយ​ថ្ងៃ​ផលិតផល​ដែល​នាង​ប្រកាស​លក់​ស្ទើរ​មិន​សល់​សម្រាប់​បំពេញតម្រូវការ​ឡើយ ជាក់ស្ដែង​ផលិតផល​សម្រក​ទម្ងន់ និង​ថែរក្សា​ស្បែក​ស្ទើរ​គ្រប់មុខ​ដែល​នាង​យក​មក​ផ្សាយ គឺ​នាង​លក់​អស់​គ្មាន​សល់ ខណៈ​ថ្ងៃ​ខ្លះ​មិន​មាន​ទំនិញ​ដើម្បី​ដាក់​ផ្សាយ​លក់​ផង ប៉ុន្តែ​មិន​មាន​ន័យ​ថា ដោយសារ​រក​ចំណូល​បាន​ច្រើន ក៏​រយាល​នឹង​ការ​ហ្វឹកហាត់​នោះ​ឡើយ ។ នាង​ថា បើ​ទោះជា​រាល់់​មុខទំនិញ​ត្រូវ​យក​មក​ពី​ប្រទេស​ថៃ ប៉ុន្តែ​នាង​មិន​បាន​ចុះ​ទៅ​ដោយ​ផ្ទាល់​ទេ ទើប​នាង​នៅ​តែ​មាន​ពេល​ហ្វឹកហាត់​គ្រប់គ្រាន់ ដោយ​នាង​ប្រកាស​ថា វ័យ​ឈាន​ឡើង​មែន តែ​កម្លាំង និង​សមត្ថភាព​មិន​ប្រែប្រួល​ទេ ។

អុីចឹង ហើយ​ទើប​នាង​មិន​ពង្រីក​មុខរបរ​អន​ឡាញ​ឱ្យ​ក្លាយជា​ទ្រង់ទ្រាយ​ធំ ដោយសារ​តែ​នាង​គ្មាន​ពេល​គ្រប់គ្រង និង​មិន​ចង់​ប៉ះពាល់​កីឡា​ដែល​ខ្លួន​ស្រឡាញ់ ។ នាង​បញ្ជាក់​ដដែល​ជា​ដដែល​ថា មុខរបរ​អន​ឡាញ​ដែល​នាង​បើក​លក់ អត់​មាន​គម្រោង​ជួល​ផ្ទះ​បើក​ជា​ហាង​នោះ​ទេ ដោយសារ​តែ​នាង​យល់​ថា​ខ្លួន​មិន​ទាន់​ទំនេរ​គ្រប់គ្រាន់ និង​ថា​ត្រឹម​លក់​តាម​អន​ឡាញ ក៏​រក​ចំណូល​បាន​សមប្រកប​ហើយ ។ នាង​ថា ហេតុផល​ដែល​នាង​សម្រេចចិត្ត​ប្រកាស​លក់​ផលិតផល​លើ​អន​ឡាញ​នេះ ក៏​ព្រោះតែ​ពេល​កន្លង​មក​នាង​ប្រើ​ថ្នាំ​សម្រក​ទម្ងន់​ខ្លួនឯង និង​ប្រើ​ផលិតផល​ថែរក្សា​សម្រស់​ខ្លួនឯង ហើយ​ឃើញ​ថា​ល្អ​ទើប​សម្រេចចិត្ត​កុម្ម៉ង់​យក​មក​លក់​តែ​ម្ដង ទាន់​ពេល​កេរ្តិ៍ឈ្មោះ​នាង​នៅ​មានការ​គាំទ្រ​។

ស៊ន សៀវ​ម៉ី បន្ត​ថា នាង​ប្រកាន់​ជំហរ​ធ្វើ​ឱ្យ​មុខរបរ​អន​ឡាញ និង​ការងារ​តេ​ក្វា​ន់​ដូ​ដើរ​រលូន​ព្រម​គ្នា ដោយ​នាង​រាល់ថ្ងៃ​បែងចែក​ពេលវេលា​ច្បាស់​ណាស់ ជាមួយនឹង​ការ​ផ្សាយ​លក់ ការ​ដឹក​អីវ៉ាន់​ឱ្យ​ម៉ូយ​រាល់ថ្ងៃ និង​ការ​ហ្វឹក ហាត់ ដោយ​នាង​ប្រកាស​ថា តេ​ក្វា​ន់​ដូ ជា​អ្វី​ដែល​នាង​ស្រឡាញ់​ខ្លាំង ហើយ​មុខរបរ​អន​ឡាញ គឺ​ដើម្បី​បាន​ចំណូល​បន្ថែម ។ ក្នុង​មួយ​ថ្ងៃ​នាង​រមែង​ចំណាយពេល​ហ្វឹកហាត់​២​ម៉ោង​កន្លះ​ជា​ប្រចាំ គឺ​នាង​នៅ​តែ​ទៅ​ហាត់​ជា​ប្រចាំ បើ​ទោះជា​ក្នុង​ពេល​នេះ​មិន​ទាន់​មានការ​ប្រកួត​ណាមួយ​ក្ដី​។

នាង​ហ្វឹកហាត់​បែប​នេះ ដើម្បី​ឱ្យ​ទម្ងន់ និង​រាង​កាយ​នៅ​តែ​ស្ទុះ និង​រហ័សរហួន ដោយ​ក្នុង​អំឡុង​ខែ​៥ និង​ខែ​៧​ជាដើម គឺ​នាង​នឹង​ត្រូវ​ចេញ​ប្រកួត​នៅ​ក្នុង​ប្រទេស​អង់គ្លេស និង​ក្នុង​ប្រទេស​មួយ​ដែល​មិន​ទាន់​ច្បាស់​នៅឡើយ ដើម្បី​ជម្រុះ​កីឡា​អូ​ឡាំ​ពិ​ក សម្រាប់​តេ​ក្វា​ន់​ដូ ។ កញ្ញា​ថា ប្រសិនបើ​គ្មាន​គម្រោង​ចេញ​ប្រកួត នាង​ចេញ​ទៅ​ហ្វឹកហាត់​តែ​មួយ​ពេល ស្មើនឹង​ម្ដង​២​ម៉ោង​កន្លះ​ប៉ុណ្ណោះ ប៉ុន្តែ​តាំងពី​ចូល​ឆ្នាំ​ហើយ គឺ​នាង​ហ្វឹកហាត់​មួយ​ថ្ងៃ​២​ពេល ហើយ​មួយ​ពេល​ៗ​ច្រើន​ម៉ោង​តាម​ជាក់ស្ដែង ។

នាង​ថា មិនមែន​ជា​រឿង​ខ្មាស​អៀន​នោះ​ទេ ដែល​កីឡាការិនី​លំដាប់​ជាតិ ទៅ​លក់​ផលិតផល​នៅ​តាម​អន​ឡាញ ដែល​ផ្ទុយ​ពី​កីឡាការិនី​ល្បី​ស្រុក​គេ​ដេក​ស៊ី ។ ផ្ទុយ​ទៅ​វិញ គឺ​បែរជា​ធ្វើ​ឱ្យ​នាង​កាន់តែ​មាន​លំនឹង​ក្នុង​ការ​តស៊ូ​និង​មិន​ពិបាក​នៅ​ពេល​អាជីព​ទាំងមូល​កាន់តែ​បោះ​ជំហាន​ទៅ​មុខ ។ នាង​ថា មិត្តភក្ដិ​ជា​ជន​បរទេស​របស់​នាង ដែល​ឃើញ​នាង​ផ្សាយ​លក់​ផលិតផល​ក៏​បង្ហាញ​ការ​អបអរ​ផង​ដែរ គឺ​អត់​រិះគន់​ទេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ