ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​ជ័រកៅស៊ូ​វៀតណាម​មានការ​ផ្លាស់​​ប្តូរ​តិចតួច​ក្នុង​រយៈពេល​5​ខែ​កន្លង​មក

4 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀតណាម​បាន​ប្រាប់​ដល់​សារ​ព​ត៌​មាន Viet Nam News កាលពី​ថ្ងៃ​អង្គា​រ៍​កន្លង​មក​ថា ប្រទេស​វៀតណាម​នាំ​ចេញ​ជ័រកៅស៊ូ​បាន​៦៦២​លាន​ដុល្លារ​កាលពី​៥​ខែ​ដំបូង​នា​ឆ្នាំ​នេះ ឬ​កើនឡើង​បាន​២.៤%…

ប្រទេស​វៀតណាម ៖ ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀតណាម​បាន​ប្រាប់​ដល់​សារ​ព​ត៌​មាន Viet Nam News កាលពី​ថ្ងៃ​អង្គា​រ៍​កន្លង​មក​ថា ប្រទេស​វៀតណាម​នាំ​ចេញ​ជ័រកៅស៊ូ​បាន​៦៦២​លាន​ដុល្លារ​កាលពី​៥​ខែ​ដំបូង​នា​ឆ្នាំ​នេះ ឬ​កើនឡើង​បាន​២.៤% បើ​ធៀប​នឹង​ឆ្នាំ​មុន ។ ពួក​គេ​បាន​បន្ត​ថា​ប្រទេស​ចិន ឥណ្ឌា និង​កូរ៉េ​ខាងត្បូង គឺជា​អតិថិជន​ធំ​ជាងគេ ។

ការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ទាំង​បី​បាន​កើនឡើង​យ៉ាង​ខ្លាំង​កាលពី​៤​ខែ​ដំបូង​ដោយ​មានការ​នាំ​ចេញ​ទៅ​ប្រទេស​ឥណ្ឌា​កើន​បាន​ខ្ពស់​ជាងគេ ឬ​កើន​បាន​ប្រមាណ​២៩% ។ ការ​នាំ​ចេញ​សរុប​ក្នុង​រយៈពេល​៤​ខែ​ដំបូង​បាន​កើនឡើង ១៣.៧% មក​ស្មើ​៥៥៦.៩​លាន​ដុល្លារ ប៉ុន្តែ​វា​បាន​ធ្លាក់​ចុះ​នៅ​ខែឧសភា​មក​ស្មើ​តែ​១០៥​លាន​ដុល្លារ​ប៉ុណ្ណោះ ។

ប្រទេស​ចិន គឺជា​ប្រទេស​នាំ​ចូល​ជ័រកៅស៊ូ​ធម្មជាតិ​ពី​វៀតណាម​ច្រើន​ជាងគេ ដែល​ស្មើ ៦០% នៃ​ការ​នាំ​ចេញ​ជ័រកៅស៊ូ​សរុប​របស់​វៀតណាម​ដើម្បី​ផលិត​កង់​យាន្ត​ជំនិះ ។ អ្នកវិភាគ​បាន​និយាយ​ថា ដោយហេតុ​ដូចនេះ ការ​សម្រេចចិត្ត​របស់​សហរដ្ឋអាមេរិក​ក្នុង​ការ​បង្កើន​ពន្ធ​លើ​គ្រឿង​យានយន្ត​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន​បាន​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ជ័រកៅស៊ូ​ទៅ​កាន់​ប្រទេស​ចិន​ផង​ដែរ ។

ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀតណាម​បាន​ជំរុញ​ដល់​ក្រុមហ៊ុន​ផលិត និង​នាំ​ចេញ​កៅស៊ូ​ឲ្យ​ព្យាយាម​ផ្តល់​ភាព​ចម្រុះ​ដល់​ផលិតផល និង​ស្វែងរក​ទីផ្សារ​នាំ​ចេញ​ដទៃ​ដើម្បី​កាត់​បន្ថយ​ការ​ពឹងផ្អែក​លើ​ប្រទេស​ចិន ។

ពួក​គេ​បាន​បន្ថែម​ថា ក្រុមហ៊ុន​ផលិត និង​នាំ​ចេញ​គួរតែ​ផ្តោត​សំខាន់​លើ​ទីផ្សារ​ឥណ្ឌា​ដែល​មាន​វិស័យ​កង់​យាន្ត​យន្ត​កំពុង​លូតលាស់​យ៉ាង​ខ្លាំង​ប៉ុន្តែ​ខ្វះខាត​ការ​ផ្គត់ផ្គង់​ក្នុងស្រុក ។ លោក Tran Ngoc Thuan ដែល​ជា​ប្រធាន Viet Nam Rubber Group JSC បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ចេញ​គោលនយោបាយ​ល្អ​ៗ​សម្រាប់​អាជីវកម្ម​ក្នុង​វិស័យ​កសិកម្ម និង​កៅស៊ូ ។

គួរ​បញ្ជាក់​ដែរ​ថា ប្រទេស​វៀតណាម​មានការ​ដាំ​ដុះ​កៅស៊ូ​ប្រមាណ​១​លាន​ហិច​តា​។ វៀតណាម គឺជា​ប្រទេស​នាំ​ចេញ​ជ័រកៅស៊ូ​ធម្មជាតិ​ធំ​ជាងគេ​លេខ​៣ ដែល​នាំ​ចេញ​បាន​១.៥​លាន​តោន​ជាង​រៀង​រាល់​ឆ្នាំទៅ​កាន់​ប្រទេស​និង​តំបន់​ប្រមាណ​៧០ ។ កាលពី​ឆ្នាំ​មុន វៀតណាម​នាំ​ចេញ​បាន​២.១​ពាន់​លាន​ដុល្លារ ឬ​ទាប​ជាង​ឆ្នាំ ២០១៧ ចំនួន​៦.៦% ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ