ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២២ មីនា កន្លងមក បានបើកការស៊ើបអង្កេតពីអំពើមនុស្សឃាតប្រឆាំងអតីតប្រធានាធិបតី លោក Leonid Kuchma ចំពោះការស្លាប់អ្នកកាសែតម្នាក់ឈ្មោះ Goergy Gongadze រយៈពេលមួយទសវត្សក្រោយពីអំពើឧក្រិដ្ឋធ្ងន់ធ្ងរបំផុតនេះក្នុងប្រវត្តិសាស្ត្ររបស់អ៊ុយក្រែនបន្ទាប់ពីសម័យកាលសូវៀត ។
ការប្រកាសបើកការស៊ើបអង្កេតដោយរដ្ឋអាជ្ញាអ៊ុយក្រែនធ្វើឡើងក្រោយពីមានការគាបសង្កត់រយៈពេលជិតមួយទសវត្សពីក្រុមប្រឆាំងរបស់លោក Kuchma ដែលទាមទារឱ្យលោក Kuchma ប្រឈមមុខនឹងការកាត់ទោសចំពោះការស្លាប់អ្នកកាសែតប្រឆាំងម្នាក់កាលពីឆ្នាំ២០០០កន្លងមក ។
អគ្គរដ្ឋអាជ្ញារងលោក Renat Kuzmin ថ្លែងប្រាប់អ្នកកាសែតថា ករណីឧក្រិដ្ឋកម្មត្រូវបានបើកប្រឆាំងលោក Leonid Kuchma អតីតប្រធានាធិបតីដែលសង្ស័យជាប់ពាក់ព័ន្ធជាមួយការស្លាប់អ្នកកាសែតឈ្មោះ Georgy Gongadze ។ លោក Kuzmin ថ្លែងឱ្យដឹងទៀតថា លោក Kuchma ដែលកាន់តំណែងប្រធានាធិបតីចាប់ពីឆ្នាំ១៩៩៤ ដល់ឆ្នាំ២០០៥ ត្រូវបានហាមមិនឱ្យធ្វើដំណើរចាកចេញពីប្រទេស ខណៈពេលការស៊ើបអង្កេតពីករណីឧក្រិដ្ឋកម្មប្រឆាំងរូបលោកកំពុងធ្វើ។
ឥឡូវនេះ លោក Leonid Kuchma ក៏រងការចោទប្រកាន់ពីបទរំលោភអំណាច និងពីបទបញ្ជាខុសច្បាប់ដល់បុគ្គលិកក្រសួងមហាផ្ទៃដឹកនាំការធ្វើឃាតអ្នកកាសែតរូបនេះ ។
អ្នកកាសែតឈ្មោះ Georgy Gongadze ត្រូវបានចាប់ពង្រត់នៅខែកញ្ញា ឆ្នាំ២០០០ ក្រោយពីចាកចេញពីផ្ទះមិត្តភក្តិរបស់លោកនៅក្នុងទីក្រុងគៀវ ។
ខ្សែអាត់សំឡេងមួយដែលតាមការចោទប្រកាន់ថា ថតនៅខុទ្ទកាល័យរបស់លោក Kuchma មានសំឡេងដូចសំឡេងលោក Kuchma បញ្ជាឱ្យគេចាប់ពង្រត់ លោក Gongadze ។ ប៉ុន្តែទោះបីជាបែបណា លោក Kuchma អះអាងថា ខ្សែអាត់សំឡេងនោះជាភស្តុតាងគ្មានសុពលភាព ៕
ចែករំលែកព័តមាននេះ