ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់ បាន​ប្រហារ​ជាយ​រាជធានី​ភ្នំពេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ភ្លៀង​១​មេ​ធំ​បាន​បង្អុរចុះ​លាយឡំ​ ដោយ​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង​ផង កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ និង​៤០​នាទីល្ងាច​ថ្ងៃ​ទី​៤ ខែមិថុនា បណ្ដាល​ឲ្យ​អគារ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​យីហោ «FTEO» ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ទួល…

រាជធានី​ភ្នំពេញ ៖ ភ្លៀង​១​មេ​ធំ​បាន​បង្អុរចុះ​លាយឡំ​ ដោយ​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង​ផង កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ និង​៤០​នាទីល្ងាច​ថ្ងៃ​ទី​៤ ខែមិថុនា បណ្ដាល​ឲ្យ​អគារ​រោងចក្រ​កាត់ដេរ​មួយ​កន្លែង​យីហោ «FTEO» ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ទួល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល ប៉ើង​ដំបូល​ធំ​ៗ​ចំនួន​២​ធ្លាក់​មក​ដី​រង​ការ​ខូចខាត​ខ្ទេចខ្ទី ព្រមទាំង​បណ្ដាល​ឲ្យ​កម្មការិនី​ជាង​១០​នាក់​រង​របួសធ្ងន់​និង​ស្រាល ។ មិនតែ​ប៉ុណ្ណោះ បាន​បង្ក​ឱ្យ​មានការ​ប៉ះពាល់​ដល់ម៉ាស៊ីន​សង្វា​ក់​ផលិតកម្ម​និង​វត្ថុធាតុដើម ព្រមទាំងខូចខាត​ផលិតផល​សម្រេច​ជា​ច្រើន​ទៀត​ផង ។

ក្រោយ​ពី​ជួប​គ្រោះ​មហន្តរាយ​នេះ ថៅកែ​រោងចក្រ​ត្រូវ​បង្ខំចិត្ត​បិទទ្វារ​ជា​បណ្ដោះអាសន្ន ដោយ​រង់ចាំ​ធ្វើការ​ជួសជុល​ឡើង​វិញ​រួចរាល់​សិន ទើប​បើកទ្វារ​ឲ្យ​កម្មករ​កម្មការិនី​ចូល​ធ្វើការ​បន្ត​ទៀត ។ នៅ​ក្នុង​គ្រោះ​ធម្ម ជាតិ​នេះ​ដែរ ក៏​បណ្ដាល​ឲ្យ​បង្គោល​ភ្លើង​តង់ស្យុង​មធ្យម​(MV)​ចំនួន​១៧​ដើម រួម​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​២​ដើម​ទៀត ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ក្នុងភូមិ​ថ្មដា និង​ភូមិ​ស្ងួន​ពេជ្រ ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល បាក់​ដួល​រលំ​រាប​ដល់​ដី ព្រមទាំង​សង្កត់​លើ​រថយន្ត​និង​តូប​លក់ដូរ​ជា​ច្រើន​ខ្នង ធ្វើ​ឱ្យ​អ្នក​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវ​នោះ​នាំ​គ្នា​រត់​ទាំង​ភ័យ​ស្លន់ស្លោ​ព្រលឹង​ចុង​សក់ ជា​ពិសេស​ចរន្តអគ្គិសនី​នៅ​ក្នុង​ខណ្ឌ​កំ​បូល និង​មួយ​ផ្នែក​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ត្រូវ​បាន​កាត់​ផ្តាច់​ពេញ​១​យប់ ។

កម្មករ​រោងចក្រ FTEO និយាយ​ថា នៅរោងចក្រ​នេះ​មាន​កម្មករ​កម្មការិនី​បម្រើ​ការងារ​ចំនួន​៧០០​នាក់ ហើយ​នា​ល្ងាច​ថ្ងៃ​នោះ​ខណៈ​ពួក​គាត់​កំពុងធ្វើការ ស្រាប់តែ​ធ្លាក់​ភ្លៀង​ដោយ​នាំ​មក​ជាមួយ​នូវ​ខ្យល់​កន្ត្រាក់​បក់​បោក​យ៉ាង​ខ្លាំង លាយឡំ​ជាមួយ​ផ្គរ​រន្ទះ​គួរ​ឲ្យ​ខ្លាច​ផង​ដែរ ប៉ុន្តែ​ពួក​គាត់​មិន​បាន​ផ្អាក​ការងារ​ឡើយ គឺ​នៅ​តែ​បន្ត​ធ្វើការ​ជា​ធម្មតា ។ លុះ​មួយសន្ទុះ​ក្រោយមក ដោយសារ​មិន​អាច​ទប់ទល់​នឹង​កម្លាំង​ខ្យល់​បាន ដំបូល​អគារ​ចំនួន​២​របស់​រោងចក្រ​នេះ​បាន​ប៉ើង​ដូច​ក្រដាស​ធ្លាក់​មក​ដី និង​បណ្ដាល​ឲ្យ​ត្រូវ​កម្មការិនី​ជាង​១០​នាក់​រង​របួសធ្ងន់​និង​ស្រាល ។ ហេតុការណ៍​នេះ បាន​ធ្វើ​ឲ្យ​ពួក​គាត់​ម្នាក់​ៗ​ភិតភ័យ​យ៉ាង​ខ្លាំង​ដោយ​អ្នកខ្លះ​នាំ​គ្នា​ស្រែកយំ​គួរ​ឲ្យ​រន្ធត់ ព្រមទាំង​រត់​ចេញពី​អគារ​ខាងលើ​ប្រសេចប្រសាច​ក្នុង​ស្ថានភាព​ជ្រួលច្របល់ ។

ប្រភព​ដដែល​បន្ត​ថា ពួក​គាត់​មិន​បានដឹង​ថា អ្នក​រង​របួស​នៅ​ក្នុង​ហេតុការណ៍​នេះ​ត្រូវ​បាន បញ្ជូន​ទៅ​មន្ទីរពេទ្យ​ណាខ្លះ​ទេ ប៉ុន្តែ​អ្នកខ្លះ​របួស​បែកក្បាល និង​ខ្លះ​របួស​ខ្លួនប្រាណ ហើយ​ម្នាក់​ៗ​ទទឹក​ខ្លួន​ជោក ។ ចំណែក​ម៉ា​សុ​ី​សង្វា​ក់​ផលិតកម្ម រួម​ជាមួយ​វត្ថុធាតុដើម​និង​ផលិតផល​សម្រេច ត្រូវ​ទឹកភ្លៀង​ទទឹក​និង​ខូច​ខាត។ភ្លៀង​បាន​អូស​បន្លាយ​រហូត​ដល់​យប់​ទើប​រាំង ចំណែក​កម្មករ​ទាំងអស់​បាន​នាំ​គ្នា​ចាកចេញ​ទៅ​ផ្ទះ​ទាំង​ភ្លៀង​កំពុង​ធ្លាក់ និង​ផ្គរ​រន្ទះ​លាន់ឮ​កក្រើក​មេឃ ។ លុះដល់​ព្រឹក​ឡើង​ថ្ងៃ​ទី​៥ ខែមិថុនា កម្មករ​កម្មការិនី​បាន​នាំ​គ្នា​ទៅ​កាន់​រោងចក្រ ប៉ុន្តែ​ត្រូវ​បាន​ថៅកែ​អនុញ្ញាត​ឲ្យ​ឈប់​សម្រាក និង​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​រោងចក្រ​ត្រូវ​បិទទ្វារ​ជា​បណ្ដោះអាសន្ន​មិន​កំណត់ពេល រង់ចាំ​ការ​ជួសជុល​ដំបូល​អគារ​និង​ម៉ា​សុ​ី​ន​សង្វា​ក់​ផលិតកម្ម​ឡើង​វិញ​រួចរាល់​សិន ។

នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ អ្នកលក់​ដូរ​ដែល នាំ​គ្នា​រត់​ទាំង​ការ​ភិតភ័យ​ព្រលឹង​ចុង​សក់​បាន​និយាយ​​ថា ខណៈ​ភ្លៀង​កំពុង​ធ្លាក់​និង​មាន​ខ្យល់​បក់​បោក​ខ្លាំង​នោះ ពួក​គាត់​កំពុង​ស្ថិត​នៅ​ក្នុង​តូបលក់ដូរ​ដែល​ពុំ​មែន​ជា​សំណង់​រឹង​មាំ​ឡើយ ស្ថិត​នៅ​លើ​ចិញ្ចើម​ផ្លូវ​ក្រោម​ខ្សែភ្លើង ។ ការ​ស្ថិត​នៅ​ក្នុង​តូប​ពេល​មាន​ភ្លៀង​ធ្លាក់​បែប​នេះ គឺជា​ទម្លាប់​របស់​ពួក​គាត់​រាល់ថ្ងៃ​ទៅ​ហើយ ស្រាប់តែ​លើក​នេះ​បង្គោល​ភ្លើង​បាន​បាក់​ជា​បន្តបន្ទាប់ បណ្ដាល​ឲ្យ​តូប​ខ្លះ​ត្រូវ​បង្គោល​ភ្លើង​សង្កត់​លើ និង​តូប​ខ្លះ​ទៀត​ត្រូវ​ខ្សែភ្លើង​សង្កត់ ក្រៅពី​នេះ​ក៏​មាន​សង្កត់​លើ​ម៉ូតូ​សណ្ដោង​រុ​ឺ​ម៉ក និង​រថយន្ត​មួយ​ចំនួន​ទៀត​ផង​ដែរ ។ ប៉ុន្តែ​ជា​គ្រោះល្អ មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​ម្នាក់​រង​របួស​ឬ​ក៏​ស្លាប់​ឡើយ តែ​ម្នាក់​ៗ​សុទ្ធតែ​ភ័យ​ខ្លា​ចា​ព្រោះតែ​ខ្លាច​ចរន្ត​ភ្លើង​ឆក់​ស្លាប់ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ទៀត​ថា បង្គោល​ភ្លើង​ចំនួន​១៧​ដើម​ដែល​បាក់​រលំ​នោះ​មាន​ឆ្អឹង​ដែក​ដែរ ប៉ុន្តែ​ជា​ដែក​សរសៃ​តូច​ៗ ហើយ​នៅ​លើ​បង្គោល​មាន​ខ្សែ​កា​ប្លិ៍​ភ្លើង​និង​ខ្សែភ្លើង​តូច​ធំ​រាប់​សិប​សរសៃ​តោង ប្រៀប​ដូច​ជា​ខ្សែពួរ​ធំ​មួយ ។ ដូច្នេះ វា​មាន​ទម្ងន់​ធ្ងន់​ហើយ​នៅ​ពេល​ខ្យល់​កន្ត្រាក់បក់​បោក​ខ្លាំង ជា​ហេតុ​ធ្វើ​ឲ្យ​មិន​អាច​ទប់​ទម្ងន់​បាន ទើប​បណ្តាល​ឲ្យ​បាក់​និង​ដួល​រលំ​ជា​បន្តបន្ទាប់​បែប​នេះ​តែ​ម្ដង ។ តាម​រយៈ​នៃ​ការ​ឃើញ​បង្គោល​ភ្លើង​ដែល​បាក់​បង្កប់​សរសៃដែក​តូច​ៗ​នេះ ក៏​មាន​សំណួរ​ពី​ប្រជាពលរដ្ឋ​ទៅ​កាន់​ក្រសួង​សាធារ​ណការ​ក៏​ដូច​ជា​ខាង​អគ្គិសនី​កម្ពុជា​ដែរ​ថា តើ​បង្គោល​ភ្លើង​ទាំងអស់​សុទ្ធតែ​បែប​នេះ​ឬ ?

រីឯ​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​សែន​សុខ​វិញ កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែមិថុនា​នោះ​ដែរ ខ្យល់​កន្ត្រាក់​បាន​បោកបក់​ចំ​ភូមិ​ព្រៃ​មូល និង​ភូមិ​ក្រាំង​អង្គ្រង​២ សង្កាត់​ក្រាំងធ្នង់ បណ្តាល​ឱ្យ​បង្គោល​ភ្លើង​ជា​ច្រើន​ដើម និង​ផ្ទាំង​ប៉ាណូ​ខ្លះ​បាក់​ដួល​រលំ ព្រមទាំង​ដំបូលផ្ទះ​មួយ​ចំនួន​រង​ការ​ខូចខាត ។ លោក សុខ សា​រ៉ាត់ ចៅសង្កាត់​រង​ទី​១ សង្កាត់ក្រាំងធ្នង់ បានឱ្យ​ដឹង​ថា បង្គោល​ភ្លើង​ចំនួន​៥​ដើម បាន​បាក់​រលំ និង​១​ដើម​ទៀត​ទ្រេត និង​ផ្ទាំង​ប៉ាណូ​តូច​ៗ​មួយ​ចំនួន​ទៀត​បាក់ នៅ​ភូមិ​ព្រៃ​មូល ។

ក្រៅពី​នេះ អគារ​ឃ្លាំង​មួយ​ខ្នង​នៅ​ក្នុងភូមិ​ក្រាំង​អង្គ្រង​២​បាន​ដួល​រលំ តែ​ម្ចាស់​មិន​អនុញ្ញាត​ឱ្យ​ចូល​ថត​យក​រូបភាព​ឡើយ ។ លោក​ចៅសង្កាត់​រង​ទី​១ បានឱ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​មាន​ភ្លៀង​និង​ខ្យល់​កន្ត្រាក់ អាជ្ញាធរ បាន​ទៅ​ពិនិត្យ​ស្ថានភាព​ទឹក​ជន់​លិច​នៅ​តាម​ដង ផ្លូវ ហើយ​សហការ​ជាមួយ​ប្រជាពលរដ្ឋ​កាយ​សំរាម​ចេញ​នៅ​តាម​មាត់​លូ​ដែល​ស្ទះ ធ្វើ​ឲ្យ​ទឹកហូរ​ស្រក​អស់​វិញ​មិន​បង្ក​ឲ្យ​ទឹក​ជន់​លិច​លំនៅឋាន ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ