សម្តេចតេជោ៖​មិន​អនុញ្ញាតឲ្យ​គ្រូពេទ្យ​គ្មាន​សញ្ញាប័ត្រ​ និងក្រៅ​ក្រប​ខណ្ឌ​ច្បាប់​ដើរ​ចាក់​ថ្នាំ​តាម​ភូមិ​ឃុំ​ឡើយ


រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ក្រសួងសុខាភិបាល​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​មាន​ពេទ្យ​នៅ​ក្រៅ​ក្រប​ខណ្ឌ​ច្បាប់​ដើរ​ចាក់​ថ្នាំ​នៅ​តាម​ភូមិ​ឃុំ​នោះ​ទេ​ព្រោះ​ករណី​នេះ​ប៉ះពាល់​ជីវិត​មនុស្ស ។ ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ បន្ទាប់​ពី​មាន​គ្រូពេទ្យ​មួយ​ចំនួន​បាន​ដើរ​ចាក់​ថ្នាំ​នៅ​តាម​ភូមិ​ឃុំ ដោយ​គ្មាន​ការ​ទទួលស្គាល់​ពី​ក្រសួងសុខាភិបាល ហើយ​បណ្តា​ឲ្យ​ស្លាប់​មនុស្ស​មួយ​ចំនួន កាល​ពេល​កន្លង​មកនេះ ។ ថ្លែង​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ផ្នែក​សុខាភិបាល​មក​ពី​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ សរុប​ប្រមាណ ១,៣៥៦​នាក់ បន្ទាប់​ពី​ពួក​គេ​បាន​បញ្ចប់​ការ​សិក្សា​ដោយ​ជោគជ័យ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ។

សម្តេច​បញ្ជាក់​ថា ៖«​ទោះបីជា​យើង​មានការ​ខិតខំ​បាន​យ៉ាងច្រើន​ក្តី ប៉ុន្តែ​នៅ​ពេល​ថ្មី​ៗ​នេះ​បណ្តាញសារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ ហើយ​ជា​រឿង​ពិត​ដែល​មាន​គ្រូពេទ្យ​មួយ​ចំនួន​ដើរ​ចាក់​ថ្នាំ​ដោយ​គ្មាន​សញ្ញាប័ត្រ និង​គ្មាន​ការ​ទទួលស្គាល់​ពី​ផ្នែក​សុខាភិបាល​នៅ​តាម​ភូមិ​ឃុំ​មួយ​ចំនួន​នៅ​ក្នុង​ផ្ទៃ​ប្រទេស​របស់​យើង​» ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​បន្ត​ថា នៅ​តាម​សា​លក​វិទ្យាល័យ​មួយ​ចំនួន​ក៏​មានការ​បណ្តុះបណ្តាល​ផ្នែក​វិទ្យាសាស្ត្រ​ពេទ្យ និង​ឱសថ​តែ​ម្តង ដូច្នេះ​ត្រូវ​ខិតខំ​ស​ម្រូ​ល​សម្រួល​ធ្វើ​យ៉ាងណា​ឲ្យ​ក្លាយជា​ប្រព័ន្ធ​មួយ​ជា​ប្រព័ន្ធ​ឯកភាព បើ​ទោះបី​សិក្សា​នៅ​សាលា​រដ្ឋ​ក្តី សាលា​ឯកជន​ក្តី ។ ក៏​ប៉ុន្តែ​ត្រូវ​សិក្សា​បញ្ហា​នេះ (​គ្រូពេទ្យ​) ឲ្យ​បាន​ច្បាស់ ព្រោះថា មុខ​វិជ្ជា​នេះ​ទាក់ទង និង​ជីវិត​មនុស្ស​តែ​ម្តង ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​បញ្ជាក់​ថា ៖«​ការ​ផលិត​ឱសថ​ចំពោះ​បញ្ហា​ឱសថ​សាស្ត្រ ហើយ​ក៏​ដូច​គ្នា​នេះ​ដែរ​ត្រូវ​មាន​ស្តង់ដារ​មួយ​កំណត់​រវាង​ផ្នែក​សា​លក​វិទ្យាល័យ​រដ្ឋ និង​សកល​វិទ្យាល័យ​ឯកជន ព្រោះ​មិន​អាច​មាន​ប្រព័ន្ធ​ពីរ​នៅ​ក្នុង​ប្រទេស​មួយ​នៅ​ដាច់​ដោយឡែក​ពី​គ្នា​នោះ​ទេ ។ សម្តេច​បន្ថែម​ថា នេះ​គ្រាន់តែ​ជា​ការ​រំ​ឮ​ក​ដល់​សាកលវិទ្យាល័យ​នានា​ដែល​បណ្តុះបណ្តាល​និស្សិត​ផង​ក៏​ដូច​ជា ក្រសួងសុខាភិបាល​ផង​ដែរ​» ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ