ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei កំពុង​ជាប់ដៃ​ច្បាំង​នឹង​អា​មេ​រិ​ក លេចមុខ Nokia លួច​ឆ្មក់​ធ្វើ​រឿង​សំខាន់​១

4 ឆ្នាំ មុន

ហុងកុង​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន CNN បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រ៍ កន្លង​មក​ថា Nokia កំពុង​តែ​ទាញ​អត្ថប្រយោជន៍​ពី​បញ្ហា​ដែល Huawei កំពុង​តែ​ជួប​ប្រទះ​ដើម្បី​តាម​ឲ្យ​ទាន់​ដៃគូ​ប្រកួតប្រជែង​ក្នុង​វិស័យ 5G​…

ហុងកុង​៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន CNN បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គា​រ៍ កន្លង​មក​ថា Nokia កំពុង​តែ​ទាញ​អត្ថប្រយោជន៍​ពី​បញ្ហា​ដែល Huawei កំពុង​តែ​ជួប​ប្រទះ​ដើម្បី​តាម​ឲ្យ​ទាន់​ដៃគូ​ប្រកួតប្រជែង​ក្នុង​វិស័យ 5G​ ។

ក្រុមហ៊ុន Nokia បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រ៍ ថា​ពួក​គេ​បាន​ចុះ​កិច្ចសន្យា​ទាក់ទិន​នឹង​ប្រព័ន្ធ​បណ្តាញ 5G ប្រមាណ​៤២​កិច្ចសន្យា​ហើយ​ជុំវិញ​ពិភពលោក ។ ស្ថាន​ការ​នេះ​បាន​ដាក់​សម្ពាធ​លើ Huawei ដែល​បាន​វិនិយោគ​យ៉ាងច្រើន​ក្នុង​ការ​បង្កើត​បច្ចេកវិទ្យា Wireless ជំនាន់​ថ្មី ។

Huawei គឺជា​ក្រុមហ៊ុន​បង្កើត​ឧបករណ៍​ទូរគមនាគមន៍​ធំ​ជាងគេ​លើ​ពិភពលោក ប៉ុន្តែ​ពួក​គេ​បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ទាក់ទិន​នឹង​ការ​ប្រកប​អាជីវកម្ម​របស់​ខ្លួន ។ សហរដ្ឋអាមេរិក​បាន​ដាក់​សម្ពាធ​លើ​សម្ព័ន្ធមិត្ត​ឲ្យ​ហាមឃាត់ ឬ​រឹត​បន្តឹង​ការ​អនុញ្ញាត​ឲ្យ Huawei ចូលរួម​ក្នុង​ការ​អភិវឌ្ឍន៍​បណ្តាញ 5G ព្រោះតែ​កង្វល់​ទាក់ទិន​នឹង​សន្តិសុខ​ជាតិ ។ ក្រុមហ៊ុន​ចិន​នេះ​បាន​បដិសេធ​ម្តង​ហើយ​ម្តងទៀត​ថា ឧបករណ៍​របស់​ពួក​គេ​មិន​បង្ក​ហានិភ័យ​ផ្នែក​សន្តិសុខ​ឡើយ ។

Huawei បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គា​រ៍ ថា​ក្នុង​ចំណោម​កិច្ចសន្យា​ទាំង​៤២​ដែល​ពួក​គេ​បាន​សម្រេច មាន​២៥​កិច្ចសន្យា​ត្រូវ​បាន​ចុះ​នៅ​អ៊ឺ​រ៉ុ​ប ១០​នៅ​ម​ជ្ឈឹ​ម​បូព៌ា និង​៦​នៅ​អាស៊ី ។ ប៉ុន្តែ​វត្តមាន​របស់ Nokia កំពុង​តែ​កើនឡើង​កាន់តែ​លឿន​ហើយ ។ ក្រុមហ៊ុន​នេះ​បាន​សម្រេច​កិច្ចព្រមព្រៀង​ជា​រៀង​រាល់​ស​ប្តា​ហ៍​តាំងពី​ខែមិថុនា​មក ។

លោក Charlie Dai ដែល​ជា​អ្នកវិភាគ​មួយ​រូប​មក​ពី​សហគ្រាស​ស្រាវជ្រាវ Forrester បាន​និយាយ​ថា «​ការ​លូតលាស់​អាជីវកម្ម 5G របស់ Huawei កំពុង​តែ​ជួបនឹង​ឧបសគ្គ​មួយ​ចំនួន​… ប៉ុន្តែ​វា​នៅ​តែ​បន្ត​ការ​លូតលាស់​ទៅ​មុខ​»​។ លោក​បាន​កត់​សម្គាល់ថា កាលពី​ស​ប្តា​ហ៍​មុន Huawei បាន​ចុះ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​គ្នា​ជាមួយនឹង​សហភាព​អាហ្វ្រិក​ដែល​គ្របដណ្តប់​ការ​ផ្គត់ផ្គង់​បណ្តាញ 5G ផង​ដែរ ។

ការ​ហាមឃាត់​ពី​សហរដ្ឋអាមេរិក​បាន​បង្ក​ឲ្យ​ក្រុមហ៊ុន​ផ្គត់ផ្គង់​សំខាន់​ៗ​កាត់​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង Huawei និង​មាន​ក្រុមហ៊ុន​ជប៉ុន និង​ចក្រភព​អង់គ្លេស​ពន្យា​ពេល​ចេញ​លក់​ស្មា​ត​ហ្វូ​ន​ថ្មី​ៗ​របស់ Huawei ផង​ដែរ ។

អ្នកវិភាគ​មក​ពី Eurasia Group បាន​កត់សម្គាល់​កាលពី​ស​ប្តា​ហ៍​មុន​ថា «​ព្រោះ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់ 5G មាន​ភាព​សកល​ខ្លាំង សកម្មភាព​របស់​សហរដ្ឋអាមេរិក​ជះ​ឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ​ដល់​អ្នក​ផ្គត់ផ្គង់ និង​អតិថិជន​របស់ Huawei…»៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ