ខេត្តកំពង់ឆ្នាំង ៖ មានរឿងដ៏ចម្រូងចម្រាស់មួយដោយសារ តែមានការសាងសង់កន្លែងសិប្បកម្មផលិតទឹកស្អាតមួយបានធ្វើឡើងលើទីទួលវត្តបុរាណ ស្ថិតនៅទួលវត្តកំពង់ព្រះ ក្នុងភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ដោយត្រូវបានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានឲ្យផ្អាកជាបណ្ដោះអាសន្ន ព្រោះការសាងសង់កន្លែងសប្បកម្ម ស្ថិតលើទីទួលបុរាណ ដែលត្រូវបានដាក់បញ្ចូលជាសម្បត្តិវប្បធម៌ជាតិ ។
ជួបជាមួយភ្នាក់ងារយើងនៅព្រឹកថ្ងៃទី៥ ខែមិថុនានេះ លោក សាំង ស៊ន មេឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ បាននិយាយឲ្យដឹងថា ការសាងសង់កន្លែងសិប្បកម្មផលិតទឹកស្អាតនៅលើវត្តកំពង់ព្រះនេះ គឺដោយមានការជួយឧបត្ថម្ភកញ្ចប់ថវិកាដោយអង្គការមួយឈ្មោះអង្គការ១ពាន់១រយ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទ ។ លោកបានបញ្ជាក់ថា ការធ្វើទឹកស្អាតនេះទីនេះជាប្រយោជន៍ច្រើនយ៉ាងដូចជា ការប្រើប្រាស់ទឹកស្អាតនៅក្នុងវត្តអារាមដោយឥតគិតថ្លៃ ចំណែកសិស្សានុសិស្សបឋម និងអនុវិទ្យាល័យ ក៏មិនយកតម្លៃដែរ ដោយឡែកប្រជាពលរដ្ឋអាចទិញទឹកសុទ្ធមួយធុងចំណុះ ២០លីត្រត្រឹមតែ១៥០០រៀលប៉ុណ្ណោះ គ្រាដែលការលក់ឯកជនថ្លៃដល់ទៅ ៣០០០រៀល ។
ពេលនេះ គឺការសាងសង់ បានជាងពាក់កណ្ដាលហើយ ស្រាប់តែខាងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈមកអោយផ្អាកជាបណ្ដោះអាសន្ន ហេតុនេះហើយលោកសូមឲ្យខាងមន្ទីរវប្បធម៌ទាក់ទងទៅខាងមន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីសួរនាំក្នុងរឿងនេះចុះ ។
ដោយឡែកលោកសុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងក៏បានផ្ដល់កិច្ចសម្ភាសន៍តាមទូរស័ព្ទដែរថា ការធ្វើកន្លែងសិប្បកម្មនៅលើទីទួលបុរាណ គឺខុសពីរចំណុច ទី១- ទីទួលបុរាណ គឺបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌជាតិរួចហើយ ដោយសារទីទួលបុរាណនេះមានប្រាសាទបុរាណចំនួនពីរ គឺប្រាសាទកំពង់ព្រះ មិនអាចអោយអ្នកណាសាងសង់លើ ឬធ្វើអ្វីលើទីទួលនោះបានឡើយ ។ ទី២ -ខុស និងខាងក្រសួងធម្មការ និងសាសនាផងដែរ ព្រោះមិនអាចអោយនរណាមួយធ្វើអាជីវកម្មនៅក្នុងទីវត្តនោះបានទេ ហេតុនេះហើយទើបលោកឱ្យគេផ្អាកជាបណ្ដោះអាសន្ន ហើយលោកនឹងអោយការិយាល័យវប្បធម៌ស្រុក បរិបូរណ៍ ធ្វើរបាយការណ៍អោយលោក បន្ទាប់មកលោកនឹងចុះទៅពិនិត្យមើលកន្លែងសាងសង់ និងរាយការណ៍ទៅក្រសួង ដើម្បីឲ្យបានជ្រាបក្នុងរឿងនេះ ។
ជុំវិញភាពចម្រូងចម្រះនេះ ចៅអធិការវត្តកំពង់ព្រះ ព្រះនាម អ៊ុំ សុគន្ឋ បានមានថេរដីកាថា៖ ព្រះអង្អមិនបានដឹងឮក្នុងរឿងនេះទេ ព្រោះគេមិនបានប្រាប់ ចំណែកច្បាប់ទម្លាប់ក៏ព្រះអង្គមិនបានឃើញដែរ ដឹងតែថា នៅលោកមេឃុំ ប៉ុន្តែមិនបានបង្ហាញនោះឡើយ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ