ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ស្គាល់​ត្រកូល​អ្នក​ប្រដាល់​ប្រឡូក​ពី​ឳ​ពុក​ដល់​កូន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិភព​ប្រដាល់ គេ​កត់​សម្គាល់ថា មានការ​ស្នង​តំណង​ពី​ឳ​ពុក​ដល់​កូន ដោយ​ក្នុង​ត្រកូល​ខ្លះ​គឺ​ឳ​ពុក​ក៏​ល្បី ហើយ​កូន​ដែល​បន្ត​ស្នង​អាជីព​ក៏​ល្បី​ផង​ដែរ ។ ប៉ុន្តែ​ក៏​មានត្រកូល​អ្នក​ប្រដាល់​ខ្លះ ក្នុង​ពេល​ឳ​ពុក​ប្រកួត​គឺ​មិន​ល្បី​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិភព​ប្រដាល់ គេ​កត់​សម្គាល់ថា មានការ​ស្នង​តំណង​ពី​ឳ​ពុក​ដល់​កូន ដោយ​ក្នុង​ត្រកូល​ខ្លះ​គឺ​ឳ​ពុក​ក៏​ល្បី ហើយ​កូន​ដែល​បន្ត​ស្នង​អាជីព​ក៏​ល្បី​ផង​ដែរ ។ ប៉ុន្តែ​ក៏​មានត្រកូល​អ្នក​ប្រដាល់​ខ្លះ ក្នុង​ពេល​ឳ​ពុក​ប្រកួត​គឺ​មិន​ល្បី​នោះ​ទេ ទាល់តែ​ដល់​ជំនាន់​កូន​ៗមក​ស្នង​តំណែង​ទើប​មានការ​ទទួលស្គាល់​ធ្វើ​ឱ្យមានការ​ចាប់អារម្មណ៍​ដល់​ស្នាដៃ​របស់​ឳ​ពុក ។

ជាក់ស្ដែង​ដូច​ជា​ត្រកូល​អ្នក​ប្រដាល់​ខាងក្រោមនេះ ដែល​បាន​ប្រឡូក​ក្នុង​អាជីព​វាយតប់​លើសង្វៀន​តាំងពី​ឳ​ពុក​ដល់​កូន​៖ ឃី​ម ឌី​ម៉ា និង​ឃី​ម បូ​រ៉ា ៖ ២​នាក់​បងប្អូន​នេះ​បាន​ក្លាយជា​កីឡាករ​ដែល​មាន​កេរ្តិ៍​បោះសំឡេង​គួរ​ឱ្យ​កត់សម្គាល់​នា​ពេល​ចុង​ក្រោយ​។ ពួក​គេ​ទាំង​២​គឺ​ល្បី​ដូច​គ្នា ដោយ​គ្រាន់តែ ឃី​ម ឌី​ម៉ា មានការ​ទទួលស្គាល់​ខ្លាំង​ជាង ដោយសារ​តែ​គេ​ដណ្ដើម​បាន​មេដាយមាស​ពី​ការ​ប្រកួត​សុ​ី​ហ្គេ​មនា​ពេល​កន្លង​មក​ដោយ​ដាក់​ឈ្មោះ​ថា​ឃុន ឌី​ម៉ា​។ អ្នក​ស្នេហា​វិស័យ​ប្រដាល់​សុទ្ធតែ​ដឹង​ថា លោក​បាន​ក្លាយជា​កីឡាករ​ល្បី​ក្រោម​ការ​បង្វឹក​ផ្ទាល់​របស់​លោក អេ​ង ប៊ុ​ន​ឃី​ម ដែល​ជា​ម្ចាស់​ក្លិប ប្រដាល់ និង​ជា​ឳ​ពុក​បង្កើត ។ មន្ត្រី​គណៈកម្មការ​ប្រដាល់​បញ្ជាក់​ថា លោក អេ​ង ប៊ុ​ន​ឃី​ម គឺជា​អតីត​អ្នក​ប្រដាល់ ប៉ុន្តែ​មក​ពី​ពេល​លោក​នៅប្រដាល់​ហាក់​មិនសូវ​ល្បី​ខ្លាំងក្លា ទើប​គេ​អាច​និយាយ​បាន​ថា ក្នុង​ត្រកូល​មួយ​នេះ កីឡាករ​ជា​កូន​ល្បី​ជាង ដែល​ខុស​ពី​ត្រកូល​ផ្សេង​ក្នុង​ពិភព​ប្រដាល់​ដែល​ឳ​ពុក​ល្បីឈ្មោះ ទើប​កូន​ទទួល​បានការ​ចាប់អារម្មណ៍​តាម​ក្រោយ​។

អេ ភូ​ថង ៖ ត្រកូល​អ្នក​ប្រដាល់​មួយ​នេះ លោក អេ ភូ​ថង ល្បី​ខ្លាំងក្លា​នាំ​មុនគេ​ទើប​ប្រទាញ​ឱ្យ​អូត ភូ​ថង ជា​ប្អូន និង​កូន​ៗ​ចំនួន​២​នាក់​ទទួល​បានការ​ចាប់អារម្មណ៍ ។ ក្រោយ​ពី​លោក និង​អូត ភូ​ថង លាឈប់​ពី​ប្រដាល់ កូនប្រុស​ស្រី​របស់​លោក​អេ ភូ​ថង ២​នាក់​បាន​ក្លាយជា​អ្នក​ប្រដាល់​អាជីព ដោយ​កូនស្រី​ឈ្មោះ​អេ យ៉ា​នុ​ត បាន​ក្លាយជា​កីឡាការិនីល្បីឈ្មោះ​នា​ពេល​បច្ចុប្បន្ន ។ កូនប្រុស​របស់​លោក​២​នាក់​ទៀត ក៏​ចាប់ផ្ដើម​ប្រឡូក​អាជីព​ជា​អ្នក​ប្រដាល់​ដែរ ដោយ​គ្រាន់តែ​ពួក​គេ​ស្ថិត​នៅ​វ័យក្មេង ហើយ​មិន​ទាន់​មានឱកាស​កសាង​កេរ្តិ៍ឈ្មោះ​ដើម្បី​ឱ្យ​ល្បី​ដូច​អេ យ៉ា​នុ​ត និង​ឳ​ពុក​។

ឈុត សេរី​វណ្ណ​ថង ៖ កីឡាករ​ដែល​មានឈ្មោះ​បោះ​សំឡេង​រូប​នេះ ក៏​មាន​ឳ​ពុក​ជា​អ្នក​ប្រដាល់​ផង​ដែរ ដោយ​គ្រាន់តែ​ក្នុង​ជំនាន់ លោក ឈុត សារី ជា​ឳ​ពុក​នៅ​ប្រដាល់ មិនសូវ​ល្បីឈ្មោះ​ខ្លាំងក្លា ដូច​ក្រោយ​ពេល​បង្កើត​ក្លិប​ប្រដាល់ និង​មានកូន​ស្នង​តំណែង​ប្រដាល់​។

ម៉​ន សា​ម៉េ​ត​-​ម៉​ន ព្រហ្ម​ម៉ា​ញ ៖ ត្រកូល​អ្នក​ប្រដាល់​ទាំង​ពីរ​នេះ ក៏​មាន​ឳ​ពុក​ជា​អ្នក​ប្រដាល់​ផង​ដែរ ដោយ​បច្ចុប្បន្ន​ឳ​ពុក​របស់​លោក គឺ​លោក ម៉ាង ម៉​ន មិន​ត្រឹមតែ​បណ្ដុះ​កូនបង្កើត​ទាំង​២​ឱ្យ​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ពិភព​ប្រដាល់​ប៉ុណ្ណោះ​ទេ ពោល​គឺ​មានកូន​ប្រុស​ផ្សេង​ទៀត ក៏​ត្រូវ​បាន​បង្វឹក​ជា​អ្នក​ប្រដាល់​ផង​ដែរ ដោយ​គ្រាន់តែ​កូនប្រុស​ទាំងនោះ​បោះបង់ ។ មក​ដល់​បច្ចុប្បន្ន​គេ​ឃើញ ម៉​ន ព្រហ្ម​ម៉ា​ញ និង ម៉​ន សា​ម៉េ​ត នៅ​តែ​បន្ត​ស្នង​តំណែង​របស់​ឳ​ពុក ដែល​កាលពីមុន​ក៏​ជា​អ្នក​ប្រដាល់ ។

ឈិ​ន ក្វា​ន់​ចៃ និង​ឈិ​ន ក្វា​ន់​ង៉ុ​យ ៖ ពីរ​នាក់​ឳ​ពុក​-​កូន​នេះ គឺជា​ត្រកូល​អ្នក​ប្រដាល់​គួរ​ឱ្យ​សរសើរ ដោយ​លោក ឈិ​ន ក្វា​ន់​ចៃ កាលពីមុន​គឺជា​អ្នក​ប្រដាល់
ហើយ​ក្រោយ​ពេល​លាឈប់ ក៏​បណ្ដុះ​កូនប្រុស​គឺ ឈិ​ន ក្វា​ន់​ង៉ុ​យ​ឱ្យ​ក្លាយជា​អ្នក​ប្រដាល់​អាជីព​និង​បាន​បន្ត​តួនាទី​ជា​គណៈកម្មការ​ប្រដាល់​ប្រចាំ​ទូរទស្សន៍​អា​សុ​ី
អាគ្នេយ៍ ដែល​មាន​ន័យ​ថា មិន​អាច​ផ្ដាច់ខ្លួន​ពី​អាជីព​ដែល​ធ្លាប់​ប្រឡូក​។

សូត្រ ប៊ុ​ន​ធី ៖ កីឡាករ​រូប​នេះ ក៏​មាន​ឳ​ពុក​ជា​អតីត​កីឡាករ​ប្រដាល់​ផង​ដែរ ដោយ​ឳ​ពុក​របស់​លោក គឺ សូត្រ ប៊ុ​ន​ឃី​ម ក្រោយ​ពេល​លាឈប់​ក៏​សម្រេចចិត្ត​មក​ធ្វើ​គ្រូបង្វឹក ហើយ​បង្វឹក​កូនប្រុស​២​រូប គឺ សូត្រ ប៊ុ​ន​ធី និង​សូត្រ ខេ​វិ​ន ឱ្យ​ក្លាយជា​អ្នក​ប្រដាល់ ។ ក្រៅពី​កីឡាករ​ដែល​បាន​រៀបរាប់​ខាងលើ​ក៏​មានត្រកូល​អ្នក​ប្រដាល់​ផ្សេងទៀត​បាន​បង្កើត​ខ្សែជីវិត​ស្រ​ដៀង​គ្នា​ផង​ដែរ ដោយ​គ្រាន់តែ​ត្រកូល​អ្នក​ប្រដាល់​ខ្លះ លេចមុខ​បាន​តែ​មួយ​ឆាវ ក៏​លាឈប់​ស្ងាត់បាត់ ហើយ​បើ​ធៀប​នឹង​ត្រកូល​អ្នក​ប្រដាល់​ខាងលើ គឺ មិនសូវ​មាន​ស្នាដៃ​គួរ ឱ្យ​កត់សម្គាល់​ប៉ុណ្ណោះ​៕ កែសម្រួលដោយ ៖​សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ