មន្ទីរ​ពាណិជ្ជកម្មត្រូវ​យកចិត្តទុកដាក់​សហគ្រាស​ធុន​តូច​ដើម្បី​លើក​ស្ទួយ​វិស័យ​ឯកជន


រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ប៉ាន សូរ​ស័ក្តិ បាន​ជំរុញ​ឱ្យ​ថ្នាក់ដឹកនាំ​ស្ថិត​នៅ​ក្រោម​ឱវាទ​តាម​មន្ទីរ​ពាណិជ្ជកម្ម ត្រូវ​យកចិត្តទុកដាក់​ជួយ​សម្របសម្រួល​ដល់​ធុរកិច្ច​របស់​សហគ្រាស​ធុន​តូច និង​តូច​បំផុត ដើម្បី​លើក​ស្ទួយ​ការ​អភិវឌ្ឍ​វិស័យ​ឯកជន និង​កំណើន​សេដ្ឋកិច្ចជាតិ​សំដៅ​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ​ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

លោក​បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រី​នៃ​មន្ទីរ​ពាណិជ្ជកម្ម និង​មន្ត្រី​សាខា​កាំកុងត្រូល​ខេត្ត ដែល​រៀបចំ​ឡើង​នៅ​ក្នុង​សាល​ប្រជុំ​របស់​មន្ទីរ​ពាណិជ្ជកម្ម​ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៩ ។ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ទៀត​ថា ច្បាប់​វិនិយោគ​កម្ពុជា ជាមួយ​តួនាទី និង​ភារកិច្ច​ស្នូល​របស់​មន្ទីរ​ពាណិជ្ជកម្ម នៅ​តាម​បណ្តា​រាជធានី​ខេត្ត ក្នុង​ការ​ចូលរួម​ពង្រឹង​វិស័យ​សហគ្រាស​ធុន​តូច និង​តូច​បំផុត តាម​រយៈ​ការ​ផ្តល់​សេវា​សាធារណៈ​ដែល​មាន​ដូច​ជា​៖ ការពិគ្រោះ​យោបល់​, ការ​ជួយ​សម្របសម្រួល​, ការ​ស្វែងរក​ទីផ្សារ​, និង​ការ​ធ្វើ​អន្តរាគមន៍​នៅ​ពេល​តម្លៃ​មានការ​ធ្លាក់​ចុះ ជាដើម ។

លោកស្រី កែវ មុំ នាយិកា​ក្រុមហ៊ុន​ផលិត​នំ​ស្រួយ លី​លី មាន​ប្រសាសន៍​ថា​តាម​ការ​សង្កេត​ក្រសួង​មានការ​លើកទឹកចិត្ត និង​សម្របសម្រួល​ជំរុញ​ការ​គាំំ​ទ្រ​ផលិតផល​ខ្មែរ​ជា​ច្រើន​គួរ​ឱ្យ​កត់សម្គាល់ ។ តែ​សហគ្រាស​ក្នុងស្រុក​ភាគច្រើន​នៅ​មិន​ទាន់​បាន​ចុះបញ្ជី​ជា​ផ្លូវការ​នៅ​ក្រសួង ដូចនេះ​មិន​អាច​ឱ្យ​សហគ្រាស​ក្រៅបញ្ជី​ទាំងនោះ​ទទួល​បានការ​សម្របសម្រួល ឬ​លើកទឹកចិត្ត​ណាមួយ​ពី​ក្រសួង​ឡើយ ។ លោកស្រី បន្ត​ថា ក្រសួង​អាច​ជួយ​ទៅ​ដល់​សហគ្រាស​ក្នុងស្រុក​បាន​ទាល់តែ​គាត់​មក​ចុះបញ្ជី​នៅ​ក្រសួង ហើយ​យើង​ឃើញ​ថា​ក្រសួង​បាន​រៀបចំ​នូវ​យុទ្ធសាស្ត្រ​ជំរុញ​ការ​ទិញ​ផលិតផល​ខ្មែរ និង​ការ​ដាក់​តាំងពិព័រណ៍​នៅ​តាម​បណ្តា​ខេត្ត ដើម្បី​ជំរុញ​ផលិតផល​ខ្មែរ ហើយ​ក៏​មានការ​ជួយ​សម្របសម្រួល​ឯកសារ​នាំ​ចេញ​ផ្សេង​ៗ តួយ៉ាង​ដូច​ជា​ក្រុមហ៊ុន លី​លី នៅ​ពេល​យើង​ជួប​បញ្ហា​អ្វីមួយ តែងតែ​ទៅ​ឱ្យ​ក្រសួង​ជួយ​សម្របសម្រួល​។

លោកស្រី​លើក​ឡើង​ថា «​បើសិន SMEs ជួប​បញ្ហា​ហើយ នូវ​តែ​មិន​ព្រមទៅ​ចុះបញ្ជី​ស្របច្បាប់​នៅ​តាម​ក្រសួង គាត់​ក៏​មិន​អាចរ​ត់ទៅ​ឱ្យ​ក្រសួង​ឱ្យ​ជួយ​បាន​ដែរ ។ តែ​ផ្ទុយ​មក​វិញ​បើ​គាត់​បាន​ចុះបញ្ជី​ស្របច្បាប់​នៅ​ក្រសួង បញ្ហា​ដែល​កើតឡើង​ត្រូវ​បាន​ក្រសួង​ជួយ​សម្របសម្រួល ឬ​ជួយ​ដោះស្រាយ​បាន ។ លើស​ពី​នេះ​ពេល​ក្រសួង​មាន​រៀបចំ​តាំងពិព័រណ៍ ឬ​មាន​គោលនយោបាយ​ថ្មី​ជួយ​ដល់ SMEs គាត់​ក៏​មិន​ទទួល​បានការ​លើកទឹកចិត្ត និង​សម្របសម្រួល​ពី​ក្រសួង​ដែរ ។ ដូចនេះ​វា​ធ្វើ​ឱ្យ​ឧ​ស្សហកម្ម​របស់​គាត់​នៅ​តែ​មិន​អាច​ពង្រីក​ខ្លួន​ទៅ​មុខ​បាន​នោះ​ទេ នៅ​ថ្ងៃក្រោយ​ឧស្សាហកម្ម​គាត់​អាច​នឹង​ប្រឈម​នឹង​បញ្ហា​» ។

ដោយឡែក​អ្ន​ក្រ​សី សូ សម្បត្តិ ម្ចាស់​សិប្បកម្ម​កំប្លោក​គ្រប់​ប្រភេទ​បានឱ្យ​ដឹង​ដែរ​ថា កន្លង​មក​ខាង​មន្ទីរ​ពាណិជ្ជកម្ម បាន​ណែនាំ ឬ​លើកទឹកចិត្ត​ខ្ញុំ​យក​ផលិតផល​ទៅ​តាំងពិព័រណ៍​នៅ​ក្រុងភ្នំពេញ ។ តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ខាង​មន្ទីរ​ពាណិជ្ជកម្ម​ពុំ​បាន​មក​ទំនាក់ទំនង ឬ​ផ្តល់​ព័ត៌មាន​ណាមួយ​ដូច​ពេល​មុន​នោះ​ទេ ។លោកស្រី​បន្ត​ថា «​សហគ្រាស​ក្នុងស្រុក​តូចតាច​នៅ​ពេល​ទទួល​បានការ​យកចិត្តទុកដាក់​ពី​មន្ទីរ​នៅ​តាម​តំបន់​មាន​អារម្មណ៍​ថា​ការ​ធ្វើ​អាជីវកម្ម​មាន​ភាព​កក់ក្តៅ នៅ​ពេល​វត្ថុ​មួយ​ដែល​គេ​បោះចោល ហើយ​យើង​អាច​យក​លើក​ស្ទួយ និង​ទទួល​បានការ​គាំំ​ទ្រ​ពី​អាជ្ញាធរ​» ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ទៀត​ថា ក្រសួងពាណិជ្ជកម្ម​គ្រោង​អនុវត្តន៍ ដើម្បី​ពង្រឹង​ស្ថិរភាព​តម្លៃ​កសិផល និង​ផលិតកម្ម​របស់​សហគ្រាស​ធុន​តូច និង​តូច​បំផុត ដូច​ជា ការ​បង្កើត​គម្រោង​សាកល្បង​ដោយ​ប្រើប្រាស់​ថវិកាជាតិ និង​ថវិកា​ជំនួយ​ប្រទេស​ចិន នៅ​ក្រោម​ក្រប​ខណ្ឌ​ខ្សែក្រ​វ៉ា​ត់ និង​ផ្លូវ ដើម្បី​សាង​សង់សៃ​ឡូ (​ឡស​ម្ងួ​ត​) និង​ទិញ​កសិផល​ពី​ប្រជា​កសិករ ទៅ​តាម​តម្លៃ​ទីផ្សារ​, ការ​អនុវត្តន៍​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាត​តូច ដើម្បី​អភិវឌ្ឍន៍​ចង្វាក់​តម្លៃ​ផលិតផល និង​ត​ភ្ជាប់​ផលិតកម្ម​ជាមួយ​ទីផ្សារ​ចាស់ និង​ថ្មី ព្រមទាំង​ការ​បង្កើត​ក្រុមការងារ​ពិសេស ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេង​ៗ ពាក់ព័ន្ធ​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​នៅ​ថ្នាក់​ក្រោម​ជាតិ ។

លោក​បន្ត​ទៀត​ថា «​នៅ​ក្រោម​ច្បាប់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក យើង​មិន​អនុញ្ញាត​ឱ្យ​វិនិយោគិន​បរទេស ចូល​មក​ក្រសោប​យក​ការងារ​របស់​សហគ្រាស​ធុន​តូច និង​តូច​បំផុត​បាន​ឡើយ ជា​ពិសេស​មុខរបរ​ទាក់ទង​សេវាកម្ម​តូចតាច ព្រោះ​វា​អាច​ប៉ះពាល់​ជីវភាព​ប្រជាជន ហើយ​នេះ​គឺជា​កិច្ចការ​ដែល​មន្ទីរ​ពាណិជ្ជកម្ម ត្រូវ​ពិនិត្យ​មុន​នឹង​ផ្តល់​អាជ្ញាប័ណ្ណ​ជូន​អ្នក​វិនិយោគ​ទាំងនោះ​» ។ យ៉ាងណា​ក៏​ដោយ​បើ​ទោះបី​សហគ្រាស​ខ្នាត​តូច​មាន​អារម្មណ៍​កក់ក្តៅ​នៅ​ពេល​ទទួល​បានការ​គាំំ​ទ្រ​ពី​អាជ្ញាធរ​ក្តី តែ​សម្រាប់​ការ​សម្របសម្រួល និង​ការ​លើក​ស្ទួយ ព្រមទាំង​ការ​ផ្សព្វផ្សាយ​របស់​ក្រសួងពាណិជ្ជកម្ម​មក​ដល់​សព្វ​ថ្ងៃនេះ លោកស្រី កែវ មុំ យល់​ថា​វា​នៅ​មាន​កម្រិត​នៅឡើយ ៕ កែសម្រួលដោយ ៖សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ