ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធសាស្ត្រ​កម្ពុជា​ដើម្បី​ក្លាយជា​សង្គម រីក​ចម្រើន​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ៖ ដើម្បី​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មួយ​ដែល​រីក​ចម្រើន និង​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព រដ្ឋាភិបាល​បាន​កំណត់​ចក្ខុវិស័យ​មួយ​ចំនួន​ក្នុង​ការ​កសាង និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដោយ​ខិតខំ​រក្សា​កំណើន សេដ្ឋកិច្ច​ឱ្យ​នៅ​មាន​លំនឹង​មួយ​ថេរ…

រាជធានី​ភ្នំពេញ ៖ ៖ ដើម្បី​ឱ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មួយ​ដែល​រីក​ចម្រើន និង​ប្រកបដោយ​បរិ​យា​ប័ន្ន និង​ចីរភាព រដ្ឋាភិបាល​បាន​កំណត់​ចក្ខុវិស័យ​មួយ​ចំនួន​ក្នុង​ការ​កសាង និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ដោយ​ខិតខំ​រក្សា​កំណើន សេដ្ឋកិច្ច​ឱ្យ​នៅ​មាន​លំនឹង​មួយ​ថេរ ដូច​បច្ចុប្បន្ន​ដែល​ឈាន​ទៅ​រក​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ប្រទេស​ចំណូល​ខ្ពស់​តាម​ការ​កំណត់​របស់​ខ្លួន ។

យោង​តាម​លោក សួ​ស យ៉ា​រ៉ា អ្នកតំណាង​រាស្ត្រ​នៃ​ព្រះ​រា​ណា​ចក្រ​កម្ពុជា បាន​បង្ហាញ​នូវ​ចក្ខុវិស័យ​មួយ​ចំនួន​ដែល​អាច​ឱ្យ​កម្ពុជា​សម្រេច​បាន​នូវ​គោលដៅ​របស់​ខ្លួន ដែល​បាន​កំណត់​ក្នុង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ប្រទេស ក្នុង​នោះ​លោក​បាន​លើក​ឡើង​ថា នៅ​ក្នុង​ស្មារតី​នៃ​ការ​នាំ​ប្រទេស​ឆ្ពោះទៅ​រក​ទិស​ដៅ​រីក​ចម្រើន និង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព កម្ពុជា​ត្រូវការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ដ៏​ទូលំទូលាយ និង​ស៊ីជម្រៅ​មួយ ព្រម​ទាង​អភិក្រម​អភិវឌ្ឍន៍​ដែល​មានការ​សម្របសម្រួល​គ្នា​បាន​ល្អ ។ លោក​បន្ត​ថា​៖ «​យុទ្ធសាស្ត្រ​អភិវឌ្ឍ និង​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង​ទាមទារ​ការ​ប្រកាន់ខ្ជាប់​នូវ​សេដ្ឋកិច្ច និង​សង្គម​ដែល​មាន​បរិ​យា​ប័ន្ន ធន់​ទ្រាំ​នឹង​វិបត្តិ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​» ។

លោក​បន្ត​ទៀត​ថា យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សម្រាប់​កំណើនសេដ្ឋកិច្ច​រយៈពេល​វែង​នេះ មាន​ដូច​ជាទី​មួយ ត្រូវ​អភិវឌ្ឍន៍​នៅ​តាម​ទី​ជនបទ ព្រោះ​ជា​គន្លឹះ​សំខាន់​ដើម្បី​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​បរិ​យា​ប័ន្ន និង​ប្រកបដោយ​ចីរភាព​។ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជនបទ​នឹង​កាត់​បន្ថយ​គម្លាត​អភិវឌ្ឍន៍​ទីក្រុង និង​ជនបទ ព្រមទាំង​លើកកម្ពស់​ភាព​ធន់​ទ្រាំ​សេដ្ឋកិច្ចជាតិ ។ លោក​ថា ៖ «​គម្រោង​តេ​ជោ​ភូមិ​គំរូ​១០០ គឺជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ត​ភ្ជាប់​ចំណុច ។ ភូមិ​គំរូ​នឹង​ត្រូវ​បាន​ផ្សារ​ភ្ជាប់ និង​ប្រមូលផ្តុំ​គ្នា​ដោយ​ផ្អែក​លើ​គុណសម្បត្តិ​ប្រៀបធៀប​ដែល​មាន​ស្រាប់​និង​សក្តានុពល​អភិវឌ្ឍន៍ ។ កា​រត​ភ្ជាប់​បណ្តាញ​រវាង​ជនបទ និង​ទីក្រុង​នឹង​ជួយ​សម្រួល​ដល់​ការ​រីក​ចម្រើន​នៃ​គំនិត និង​ចំណេះដឹង ការ​ផ្លាស់​ទី​របស់​ប្រជាជន និង​ការ​បង្កើន​ផលិតភាព​និង​នវានុវត្តន៍​។ ការ​ភ្ជាប់​នេះ​នឹង​រួមចំណែក​ដល់​ការ​បង្រួម​គម្លាត​អភិវឌ្ឍន៍ និង​ការ​លើកកម្ពស់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន្ន​» ។

លោក​បន្ថែម​ថា ដោយសារ​ចំណេះដឹង និង​ដំណោះស្រាយ​នៅ​កន្លែង​ជាក់ស្តែង មាន​សារៈសំខាន់​ក្នុង​ការ​កសាង​ភាព​រីក​ចម្រើន​មួយ​ដែល​ធន់​ទ្រាំ​នឹង​វិបត្តិ និង​ប្រកបដោយ​បរិ​យា​ប័ន្ន គម្រោង​តេ​ជោ​ភូមិ​គំរូ​១០០​នឹង​ដើរតួ​នាទី​ដោះស្រាយ​វិបត្តិ​ទាំងនោះ​។ គម្រោង​នេះ​ក៏​នឹង​បង្កើត​កម្លាំង​រុញច្រាន​ថ្មី​សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​តាម​ជនបទ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​ការ​អភិវឌ្ឍ​នវានុវត្តន៍​អភិបាលកិច្ច​ជនបទ ការ​កសាង​សមត្ថភាព​ដឹកនាំ និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ។ មុំ​អភិវឌ្ឍន៍​មួយទៀត​គឺជា​ការ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ​ដែល​ជា​សមាសធាតុ​ដ៏​សំខាន់​នៃ​ចក្ខុវិស័យ​អភិវឌ្ឍន៍​របស់​ប្រទេស​កម្ពុជា ។ ចក្ខុវិស័យ​នេះ​ធ្វើ​តាម​ការ​បំផុសគំនិត​នៃ​បណ្តាញ​ទីក្រុង​ឆ្លាត​វៃ​អាស៊ាន (ASCN) ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០១៨ ក្នុង​គោលបំណង​ដើម្បី​កែ​លម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា ។

ខេត្តបាត់ដំបង ភ្នំពេញ និង​សៀមរាប​ស្ថិត​នៅ​ក្នុង​ចំណោម​បណ្តា​ទីក្រុង​ដែល​មាន​ក្នុង​បណ្តាញ​អាទិភាព ។ ទីក្រុង​នានា​ត្រូវការ​កម្មវិធី និង​ផែនការអភិវឌ្ឍន៍​កាន់តែ​ប្រសើរ​ឡើង ដើម្បី​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​ទីក្រុង​ដែល​ឆ្លាត​វៃ បរិ​យា​ប័ន្ន និង​បរិស្ថាន​ល្អ ។ ក្នុង​គោលដៅ​ឆ្ពោះទៅ​មុខ ប្រទេស​កម្ពុជា​ត្រូវការ​ផែនការមេ​ដ៏​ស៊ីជម្រៅ​មួយ​ស្តី​ពី​ការ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​វៃ​ដោយ​គិតគូរ​លើ​ការ​រួម​បញ្ចូល​គ្នា​រវាង​បច្ចេកវិទ្យា ទំនើប​កម្ម និង​ប្រសិទ្ធភាព​សេដ្ឋកិច្ច សម្បត្តិ​វប្បធម៌ ការ​អភិវឌ្ឍ​ទេសចរណ៍ និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ។ លោក​បញ្ជាក់​ថា សម្រាប់​មុំ​អភិវឌ្ឍន៍​សំខាន់​មួយទៀត​នោះ គឺ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល ។ យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា និង​ហេដ្ឋារចនាសម្ព័ន្ធ​ឌី​ជី​ថ​ល​ដើម្បី​ចាប់​យក​ឱកាស​ដែល​ទទួល​បាន​ពី​បដិវត្តន៍​ឧស្សាហកម្ម​ទី​បួន នឹង​ត្រូវការ​ដំណើរការ​ជា​ចាំបាច់ ។ កម្ពុជា​ត្រូវការ​លើកកម្ពស់​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ដើម្បី​ធានា​ថា​គ្រប់​គ្នា​ទទួល​បាន​អត្ថប្រយោជន៍​ពី​បដិវត្តន៍​បច្ចេកវិទ្យា​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​បច្ចេកវិជ្ជា និង​ដើម្បី​ទប់ស្កាត់​ហានិភ័យ​នៃ​សុវត្ថិភាព​អ៊ី​ន​ធឺរ​ណេ​ត ។

គួរ​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា បាន​កែទម្រង់​នូវ​វិស័យ​មួយ​ចំនួន ដើម្បី​ទាក់ទាញ​និង​សម្រួល​ដល់​វិនិយោគិន​បរទេស​ក៏​ដូច​ជា​វិស័យ​ឯកជន ដែល​កំពុង​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ហើយ​រដ្ឋាភិបាល​ក៏​បាន​បង្ហាញ​ពី​សុទិដ្ឋិនិយម ក្នុង​ការ​សម្រេច​នូវ​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន ដែល​បាន​កំណត់​កន្លង​មក​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ