អ្នក​សុំ​សិទ្ធិ​នយោបាយ​អតីត​បក្ស​ប្រឆាំង​អំពាវនាវ EU ជួយ​សម្រួល​រក្សា​ទុក EBA និង​ស្តា​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា


រាជធានី​ភ្នំពេញ ៖ អតីត​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បាន​សុំ​សិទ្ធិ​នយោបាយ​បាន​អំពាវនាវ​ដល់​គណៈកម្មការ​ពាណិជ្ជកម្ម​សហគមន៍​អឺរ៉ុប (EU) ឲ្យ​ជួយ​សម្របសម្រួល​ធ្វើ​យ៉ាងណា​រក្សា​ទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​គ្រប់​ប្រភេទ (EBA) ដើម្បី​ស្តា​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ។

លោក​អ៊ូ ច័ន្ទ​រ័​ត្ន អតីត​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​អ្នកមួយ​ចំនួន​ទៀត​បាន​សេចក្តី​ថ្លែង​នៅ​ថ្ងៃ​ទី​០៥ ខែមិថុនា ឆ្នាំ​២០១៩​ថា អ្នកដឹកនាំ​នយោបាយ​គ្រប់​និន្នាការ​គួរតែ​ងាក​មក​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ចំពោះ​មុខ​រវាង​ខ្មែរ និង​ខ្មែរក្រោម​ម្លប់​នៃ​អង្គ​ព្រះមហាក្សត្រ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​កម្ពុជា ដើម្បី​បញ្ចប់វិបត្តិ​នយោបាយ​រក្សា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ប្រព័ន្ធ​ដក​ពន្ធ​របស់​អា​មេ​រិ​ក (GSP) ។

ថ្លែងការណ៍​បន្ត​ថា «​ខ្ញុំ​ក៏​សូម​អំពាវនាវ​ដល់​គណៈកម្មការ​ពាណិជ្ជកម្ម​សហគមន៍​អឺរ៉ុប​មេត្តា​ជួយ​សម្របសម្រួល​យ៉ាងណា​ក្នុង​ការ​រក្សា​ទុក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ស្តា​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​អោយ​បាន​ដល់​កម្ពុជា​» ។ ថ្លែងការណ៍​របស់​អតីត​អ្នកតំណាង​រាស្ត្រ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ទាំង EBA ទាំង​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​សុទ្ធតែ​មាន​សារសំខាន់​សម្រាប់​ពលរដ្ឋ និង​អនាគត​កម្ពុជា ។ ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នឹង​នាំ​មក​នូវ​សម្ពាធ​អន្តរជាតិ​ជា​បន្តបន្ទាប់​ដូច​ជា ប្រព័ន្ធ GSP របស់​អា​មេ​រិ​ក​ជាដើម ដែល​នឹង​ប៉ះពាល់​ដល់​ជីវភាព​ពលរដ្ឋ​ខ្មែរ​រាប់​លាន​នាក់​ការ​លូតលាស់​របស់​កម្ពុជា និង​ការ​ដាក់​ប្រទេស​ទាំងមូល​ក្នុង​ភាព​ប្រថុយប្រថាន​ទាំង​សេដ្ឋកិច្ច និង​ទាំង​នយោបាយ ។

លោក​សង្កត់ធ្ងន់​ថា ការ​បន្ទន់ឥរិយាបថ​រកគ្នា​រវាង​ថ្នាក់ដឹកនាំ​ជា​គន្លឹះ​ឈាន​ទៅ​រក​ដំណោះស្រាយ​រវាង​ខ្មែរ និង​ខ្មែរ ហើយនឹង​អាច​ការពារ​សមិទ្ធផល​ទាំង​ផ្នែក​ប្រជាធិបតេយ្យ​សេដ្ឋកិច្ច ដែល​បាន​កសាង​នា​ពេល​កន្លង​មក និង​ទៅ​អនាគត ។

សូម​រំ​ឮ​កថា សហគមន៍​អឺរ៉ុប​បាន​ចាប់ផ្តើម​នីតិវិធី​ជា​ផ្លូវការ ផ្អាក​ជា​បណ្តោះអាសន្ន​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​មុខទំនិញ​គ្រប់​ប្រភេទ​លើកលែងតែ​អាវុធ (EBA) កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៩ មុន​នឹង​អាច​ឈាន​ទៅ​រក​ការ​ព្យួរ​នា​ខែកុម្ភៈ ឆ្នាំ​២០២០ ប្រសិនបើ​រក​ឃើញ​ថា កម្ពុជា​អនុវត្ត​មិន​ត្រឹមត្រូវ​ទៅ​រក​ភាពល្អ​ប្រសើរ​គ្រប់គ្រាន់​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ ។ អតីតមន្ត្រី​ជាន់ខ្ពស់​បក្ស​ប្រឆាំង​ថ្លែងការណ៍​ដែល​អំពាវនាវ​ដល់​សហគមន៍​អឺរ៉ុប​រួម​មាន​លោក អ៊ូ ច័ន្ទ​រ័​ត្ន លោក​កង គី​ម​ហាក់ លោក ជីវ​កត្តា ៕​កែសម្រួលដោយ​៖សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ