រាជធានីភ្នំពេញ ៖ ម៉ូតូមួយគ្រឿងត្រូវភ្លើងឆាបឆេះឡើងសន្ធោសន្ធៅអស់ពាក់កណ្ដាល បន្ទាប់ពីម្ចាស់ម៉ូតូបានដោះខ្សែប៊ុយហ្ស៊ី រួចធាក់បញ្ឆេះក៏ប៉ះជាមួយសាំង បង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៥ មិថុនា នេះ ស្ថិតត្រង់ចំណុចខាងមុខឃ្លាំងលក់រថយន្តតាមបណ្ដោយផ្លូវ២៧១ កែងនិងផ្លូវ១៥៦ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។
តាមប្រភពពីកន្លែងកើតហេតុថា គេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកយ៉ាម៉ាហាប៊េះ ពណ៌ក្រហម ពាក់ស្លាកលេខម7158 ភព1 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូខាងលើក៏បានឈប់ចតអែបទៅចិញ្ចើមផ្លូវ ខណៈពេលនោះអ្នកជិះក៏បានចុះអោនទៅឆ្កឹះឆ្កៀលម៉ាស៊ីនម៉ូតូ ទំនងជាខូច ។
បន្ទាប់មក អ្នកជិះរម៉ូតូខាងលើបានឡើងទៅធាក់បញ្ឆេះម៉ាស៊ីន រួចក៏ស្រាប់តែលេចចេញជាអណ្ដាតភ្លើងឆាបឆេះម៉ូតូខាងលើយ៉ាងសន្ធោសន្ធៅតែម្តង ។ ភ្លាមៗនោះ អ្នកជិះម៉ូតូប្រញាប់ប្រញាល់រត់ទៅដួសទឹកមកជះពន្លត់ តែមិនរលត់នោះទេ ។
បន្ទាប់មក ក៏មានប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ បាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ចំនួន២បំពង់ ក៏រលត់ទៅវិញជាស្ថាពរ ។ តែម៉ូតូបានរងការខូចខាតអស់ពាក់កណ្តាលផ្នែកខាងមុខ ប៉ុន្តែមិនបង្កឲ្យមានអ្នករងរបួស ឬឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ ។
ចែករំលែកព័តមាននេះ