ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានទូត​ម៉ា​ឡេ​ស៊ី នឹង​បង្ហាញ​អ្វី​ដែល​ប្លែក​នៅ​ក្នុង​ថ្ងៃ​បុណ្យ Hari Raya ដល់​ភ្ញៀវ​ពិសេស​របស់​ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃនេះ​ស្ថានទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើកទ្វារ​រង់ចាំ​មនុស្ស​គ្រប់​គ្នា​ដែល​នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដ៏​សំខាន់​មួយ​របស់​សាសនិក​អ៊ី​ស្លា​ម បន្ទាប់​ពី​បាន​បញ្ចប់​ខែ​បួស រឺ​ហៅ​ថា​រ៉ា​ម៉ា​ដាន ដោយ​តម​អាហារ​រយៈពេល​មួយ​ខែ ។ ពិធី​នេះ​ត្រូវ​បាន​គេ​ហៅ​ថា Hari Raya…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃនេះ​ស្ថានទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើកទ្វារ​រង់ចាំ​មនុស្ស​គ្រប់​គ្នា​ដែល​នឹង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ដ៏​សំខាន់​មួយ​របស់​សាសនិក​អ៊ី​ស្លា​ម បន្ទាប់​ពី​បាន​បញ្ចប់​ខែ​បួស រឺ​ហៅ​ថា​រ៉ា​ម៉ា​ដាន ដោយ​តម​អាហារ​រយៈពេល​មួយ​ខែ ។ ពិធី​នេះ​ត្រូវ​បាន​គេ​ហៅ​ថា Hari Raya ហើយ​មិន​ប្រកាន់​ជនជាតិ​ឡើយ គឺ​សម្រាប់​ប្រជាជន​គ្រប់​ជនជាតិ​គ្រប់​ជាតិ​សាសន៍​ទាំងអស់ ដើម្បី​ចូលរួម​អបអរ​រីករាយ​ទាំងអស់​គ្នា ។

លោក Eldeen Husaini Mohd Hashim ឯកអគ្គរដ្ឋទូត​ប្រទេស​ម៉ា​ឡេ​ស៊ី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា អត្ថន័យ​នៃ​ពិធីបុណ្យ Hari Raya គឺជា​ការ​ប្រារព្ធ​រួម​គ្នា​រវាង​ជនជាតិ​ទាំងអស់​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី បន្ទាប់​ពី​ពួក​គេ​បញ្ចប់​កម្មវិធី​បួស តម​អាហារ​រយៈពេល​មួយ​ខែ ចាប់ពី​ព្រះអាទិត្យ​រះ ដល់​ព្រះអាទិត្យ​លិច ។ បន្ទាប់​ពី​នេះ​ចប់ គឺ​គ្រប់​ជនជាតិ​ទាំងអស់​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​នឹង​ប្រារព្ធ​រួម​គ្នា​មិន​ថា ជនជាតិ​ម៉ា​ឡេ​ស៊ី ឥណ្ឌា ឬ​ចិន​ឡើយ ។

លោក​បន្ត​ថា ពិធីបុណ្យ Hari Raya មិនមែន​ធ្វើ​តែ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី​នោះ​ទេ គឺ​នៅ​គ្រប់​ស្ថានទូត​ទាំងអស់ នៅ​តាម​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក​នឹង​ប្រារព្ធ​ពិធី​នេះ​ដូច​គ្នា ខុស​តែ​ថ្ងៃ​គ្នា​ប៉ុណ្ណោះ ជាក់ស្ដែង​សម្រាប់​ស្ថានទូត​ម៉ា​ឡេ​ស៊ី​ប្រចាំ​កម្ពុជា​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ០៥ ខែមិថុនា ឆ្នាំ​២០១៩ ដែល​ជា​ថ្ងៃ​ទី​១ នៃ​ថ្ងៃ​ចូល​ឆ្នាំ​របស់​ម៉ា​ឡេ​ស៊ី ហើយ​ស្ថានទូត​នៅ​តាម​ប្រទេស​ផ្សេង​ទៀត គេ​ប្រារព្ធ​នៅ​ថ្ងៃ​បន្តបន្ទាប់ ដូច​ជា ក្រោយ​ចូល​ឆ្នាំ​២ ថ្ងៃ​ឬ​៣​ថ្ងៃ​ទៅ​តាម​ការ​កំណត់​របស់​ទូត​នីមួយ​ៗ ។ លោក​បន្ត​ថា​៖ «​សម្រាប់​ស្ថានទូត​ម៉ា​ឡេ​ស៊ី​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​នាំ​នូវ​អ្វី​ដែល​ប្លែក​សម្រាប់​ជូន​ទស្សនិកជន​ដែល​បាន​អញ្ជើញ​មក​ចូលរួម​តាម​ការ​អញ្ជើញ​របស់​យើង​ដូច​ជា មន្ត្រី​រាជរដ្ឋាភិបាល អ្នកជំនួញ អ្នក​សារព័ត៌មាន​ជាដើម​» ។

លោក​បន្ត​ទៀត​ថា យើង​នឹង​ចែករំលែក​នូវ​អ្វី​ដែល​ប្លែក​ដូច​ជា វប្បធម៌​របស់​ពួក​យើង សម្លៀក​បំពាក់ អាហារ និង​សិល្បៈ​របស់​ពួក​យើង ។ ក្នុង​ពិធី​នេះ​ដែរ​ក៏​ជា​ឱកាស​ក្នុង​ការ​ផ្សព្វផ្សាយ​ពី​វប្បធម៌ ទេសចរណ៍ និង​ប្រពៃណី​របស់​ប្រជាជន​ម៉ា​ឡេ​ស៊ី​ជាដើម ។
លោក​បន្ថែម​ថា នៅ​ក្នុង​ពិធីបុណ្យ​មួយ​នេះ​នឹង​ទទួល​បាន​ជោគជ័យ​ខ្ពស់ និង​មានការ​គាំទ្រ​ពី អ្នកចូលរួម​ដែល​ត្រូវ​បាន​អញ្ជើញ​ផង​ដែរ ហើយ​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​ស្ថានទូត​នឹង​នាំ​មក​នូវ​អ្វី​ដែល​ថ្មី​ប្លែក​ៗ ផ្ដល់​ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ឱ្យ​បាន​យល់​ដឹង​បន្ថែម​ពី​ប្រទេស​ម៉ា​ឡេ​ស​ស៊ី ដូច​ជា​វប្បធម៌ ប្រពៃណី ម្ហូបអាហារ​ម៉ា​ឡេ​ស៊ី​ជាដើម ។

គួរ​បញ្ជាក់​ថា​ពិធីបុណ្យ Hari Raya គឺជា​ឱកាស​ដ៏​សំខាន់​មួយ នៅ​ក្នុង​ប្រតិទិន​អ៊ី​ស្លា​ម ដែល​បាន​ប្រារព្ធ​ដោយ​សាសនិក អ៊ី​ស្លា​ម​ទូ​ទាំង​ពិភពលោក វា​ជា​ថ្ងៃ​បញ្ចប់​នៃ​ខែ​បួស ហៅ​ថា​រ៉ា​ម៉ា​ដាន ។ ក្នុង​អំឡុង​បុណ្យ​រ៉ា​ម៉ា​ន​ដាន សាសនិក​អ៊ី​ស្លា​ម​ទូ​ទាំង​ពិភពលោក ត្រូវ​តែ​តម​អាហារ ក្នុង​ពេល​ថ្ងៃ គឺ​ជាប់​ពី​ព្រះអាទិត្យ​រះ ដល់​ព្រះអាទិត្យ​លិច ក្នុង​រយៈពេល​៣០​ថ្ងៃ ។ សាសនិក​អ៊ី​ស្លា​ម ប្រើ​ប្រតិទិន​ច័ន្ទ​គតិ ដើម្បី​កំណត់​ថ្ងៃ​សំខាន់​ៗ​ដូច​ជា Ramadan និង​Syawal ដែល​កើតឡើង​ក្នុង​ខែ​ផ្សេង​គ្នា ក្នុង​ប្រតិទិន​គ្រី​គូ​រៀន​ជា​រៀង​រាល់​ឆ្នាំ ។ នៅ​ក្នុង​ខែ Syawal សាសនិក​អ៊ី​ស្លា​ម​ភាគច្រើន បើកទ្វារ​ផ្ទះ​របស់​ពួក​គេ​ទទួល​ស្វាគមន៍​មនុស្ស​គ្រប់​គ្នា ដោយ​មិន​គិត​ពី​ជាតិ​សាសន៍ វប្បធម៌ និង​តួនាទី​ឡើយ ដើម្បី​ចូលរួម​សប្បាយ​រីករាយ​ទាំងអស់​គ្នា ។

ដោយឡែក​ស្ថានទូត​ម៉ា​ឡេ​ស៊ី ក៏​បើកទ្វារ​ទទួល​ស្វាគមន៍ មនុស្ស​គ្រប់​ទិស​ទី​ដោយ​មិន​គិត​ពី​សាសនា តួនាទី ឬ​ប្រវត្តិ​ឡើយ ដើម្បី​ពង្រឹង​នូវ​ការ​រួបរួម​សហការ និង​លើកកម្ពស់​សមាហរណកម្ម​ជាតិ​សាសន៍​ក៏​ដូច​ជា ការ​យល់​ដឹង​ពី​ពិធីបុណ្យ និង​វប្បធម៌ ៕​កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ