ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួសថ្លែង​! ត្រឹម​ខែឧសភា​មនុស្ស​ស្លា.ប់​៣២​នាក់ និង​របួស​៥៥​នាក់​មាន​គោក្របី​ងាប់​៤២​ក្បាល​ទៀត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​បាន​ស្លាប់ ដោយសារ​រន្ទះបាញ់ និង​ខ្យល់​ក​ន្ទ្រា​ក់​៣២​នាក់ និង​គោក្របី​ងាប់​៤២​ក្បាល និង​ខូចខាត​ផ្ទះសម្បែង​ធ្ងន់ធ្ងរ​ជិត​៤០០​ខ្នង ក្នុង​រយៈពេល​មួយ​ខែ គឺ​ខែឧសភា ឆ្នាំ​២០១៩​នេះ…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់​មនុស្ស​ប្រុស​ស្រី​បាន​ស្លាប់ ដោយសារ​រន្ទះបាញ់ និង​ខ្យល់​ក​ន្ទ្រា​ក់​៣២​នាក់ និង​គោក្របី​ងាប់​៤២​ក្បាល និង​ខូចខាត​ផ្ទះសម្បែង​ធ្ងន់ធ្ងរ​ជិត​៤០០​ខ្នង ក្នុង​រយៈពេល​មួយ​ខែ គឺ​ខែឧសភា ឆ្នាំ​២០១៩​នេះ បើ​យោង​តាម​របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ។

របាយការណ៍​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ឲ្យ​ដឹង​ទៀត​ថា​៖ ការ​ទទួល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ក្នុង​ខែឧសភា​កើត​មាន​ចំនួន​៨៨​លើក នៅ​រាជធានី​ខេត្ត ទូ​ទាំង​ប្រទេស ចំណែក​ការ​ខូចខាត​មានផ្ទះ​រលំ និង​ខូច​ធ្ងន់ធ្ងរ ៣៩០​ខ្នង​, របើក​ដំបូល និង​ខូចខាត​មធ្យម​ចំនួន​៣,៣៨៥​ខ្នង​, របើក​ដំបូល​សាលារៀន និង​ទីចាត់ការ​២៤​អគារ​, របើក​ដំបូល​រោង​ម៉ាស៊ីនកិនស្រូវ​៥ , អគារ​រដ្ឋបាល​៦, ព្រះ​វិហារ និង​សាលាឆាន់​៤, ប្រជាពលរដ្ឋ​រង​គ្រោះ​ស្លាប់​១​ម្នាក់ និង​របួស​៣០​នាក់​។

ចំពោះ​មនុស្ស​រង​គ្រោះ​ដោយសារ​រន្ទះបាញ់​បាន​ស្លាប់​៣១​នាក់ (​ស្រី​១៣) របួស​២៥​នាក់ ងាប់​គោក្របី​៤២​ក្បាល និង​ខូចខាត​ផ្ទះ​៤​ខ្នង ។ ដោយឡែក​ជំងឺឆ្លង​ក្នុង​រយៈពេល​៤​ខែ​កន្លង​មក​មាន ជំងឺគ្រុនឈាម​បាន​កើត​មាន​ប្រមាណ​៨,០០០​ករណី និង​មាន​រង​គ្រោះ​ស្លាប់​ចំនួន​១០​នាក់ នៅ​ទូ​ទាំង​ប្រទេស ដែល​ស្ថិត​ក្នុង​កម្រិត​កើនឡើង​មួយ​ធៀប​នឹង​ឆ្នាំ​កន្លង​មក ហើយ​ក្នុង​នេះ​ក្រសួងសុខាភិបាល​បាន​ចេញ​សេចក្តី​ក្រើនរំលឹក​ស្តី​ពី​វិធានការ ការពារ​ជំងឺគ្រុនឈាម ក្នុង​ខែមីនា ដោយសារ​មានការ​សន្និដ្ឋាន​ថា ជំងឺគ្រុនឈាម​នឹង​មានការ​កើនឡើង​ក្នុងឆ្នាំនេះ ។

ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​បាន​កើត​មាន​ពី​អំឡុង​ខែមីនា និង​ខែមេសា​កន្លង​មក​នៅ​ក្នុង​ឃុំ​សោម​ធំ ស្រុក​អូ​រយ៉ា​ដាវ ខេត្ត​រតនគីរី បណ្តាល​ឲ្យ​ជ្រូក​ងាប់ និង​កំទេច​ចោល​ប្រមាណ​១,០០០​ក្បាល មាន​សភាព​ស្ងប់ស្ងាត់ បន្ទាប់​ពី​ក្រសួង​ជំនាញ បាន​ចេញ​ប្រកាស​កំណត់​តំបន់​ផ្ទុះ​ជំងឺ ដោយ​ការ​ចាត់វិធានការ​ទប់ស្កាត់​ចលនា​ជ្រូក និង​ផលិតផល​មាន​ដើម​កំណើត​ពី​សត្វ​ជ្រូក​ចេញពី​ខេត្ត និង​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​បន្ត ។

ទន្ទឹម​នេះ​ដែរ​រង​គ្រោះ​ដោយ​អគ្គិភ័យ​ក្នុង​ខែឧសភា​បាន​កើត​មាន​ចំនួន​៦៥​លើក នៅ​រាជធានី​-​ខេត្ត​ចំនួន​២១ មានការ​ខូចខាត​ដោយ​ឆេះ​ផ្ទះ​ចំនួន​៥៨​ខ្នង​, តូប​លក់ដូរ​៧៣, រោងចក្រ​០២​កន្លែង , ស្ថានីយប្រេងឥន្ធនៈ​០២​កន្លែង , សា​ឡង់​ដឹក​ប្រេង ១, ព្រៃរនាម​៤០​ហិ​កតា , ចំការ​កៅស៊ូ និង​ប្រេងខ្យល់​១២​ហិ​កតា , ឆេះ​ខូច​រថយន្ត​៩​គ្រឿង​, ម៉ូតូ​៩​គ្រឿង​, ស្រូវ​០២​តោន និង​ប្រេងឥន្ធនៈ​៣៦​ម៉ឺន​លី​ត្រ ។

គួរ​បញ្ជាក់​ផង​ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ជុំវិញ​បញ្ហា​អាកាសធាតុ​នៅ​កម្ពុជា ដោយ​បញ្ជាក់​ថា ចាប់ពី​ថ្ងៃ​ទី​០៥ ដល់ ១១ ខែមិថុនា ឆ្នាំ​២០១៩ នៅ​កម្ពុជា​ភ្លៀង​នឹង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ កន្លែង​ខ្លះ​អាច​ខ្លាំង​ជា​លក្ខណៈ​ឡូ​កាល់ ។ ក្រសួង​ធនធាន​ទឹកបាន​បញ្ជាក់​ថា នៅ​ឆ្នាំ​២០១៩ ជា​ឆ្នាំ El Nino ដែល​កម្ពុជា​បាន​នឹង​កំពុង​ទទួល​នូវ​ឥទ្ធិពល​នេះ ហើយ​រហូត​មក​ដល់​ពេល​នេះ ឥទ្ធិពល​នេះ​មិន​ទាន់​បញ្ចប់​នៅឡើយ​ទេ គ្រាន់តែ​ឥទ្ធិពល​មានការ​ថមថយ​ចុះ​បន្តិច​ប៉ុណ្ណោះ ។ ជាមួយ​គ្នា​នេះ​ក្រសួង​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ