ខេត្តសៀមរាប ៖ ក្លឹបខារ៉ាអូខេយីហោ «វ៉នឌើរ» ស្ថិតនៅតាមដងវិថីលោកតាណើយកណ្ដាលក្រុងទេសចរណ៍ប្រវត្ដិសាស្ដ្រសៀមរាបមានភាគហ៊ុនរួមគ្នារវាងជនជាតិខ្មែរ-បារាំង-ជប៉ុន ត្រូវបានសមត្ថកិច្ចនគរបាលបើកប្រតិបត្ដិការឆ្មក់ចូលបង្ក្រាបនៅពេលរាត្រីដែលមានភ្លើងចម្រុះពណ៌ ព្រោះតែជាប់ពាក់ពន្ធ័លួចបំពួនបម្រើសេវាកម្មផ្លូវភេទដោយបានចាប់ប្រមូលនារីបម្រើសេវាចំនួន៧២នាក់ និងមេការស្រីប្រុសចំនួន៩នាក់ផ្សេងទៀត ។
ប្រតិបត្ដិការនេះធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២២ មីនា ក្រោមការដឹកនាំកម្លាំងផ្ទាល់ដោយលោកទី សុវិនថាល់ ព្រះរាជអាជា្ញអមសាលាដំបូងខេត្ដសៀមរាប និង មានការចូលរួមដោយលោកវរសេនីយ៍ឯក អ៊ុំ អមរា ស្នងការរងនគរបាលខេត្ដ លោកវរសេនីយ៍ទោ ស៊ុន ប៊ុនថង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន លោកវរសេនីយ៍ត្រី សឿន សេន នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកម្លាំងក្រោមឱវាទប្រមាណជាង៣០នាក់ផ្សេងទៀត ។
លោកវរសេនីយ៍ទោ ស៊ុន ប៊ុនថង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានថ្លែងប្រាប់កាលពីព្រឹកថ្ងៃទី២៣ មីនាថា នៅក្នុងប្រតិបត្ដិការបង្ក្រាបទៅលើក្លឹបខារ៉ាអូខេ វ៉នឌើរ ដែលមានលួចលាក់បម្រើសេវាផ្លូវភេទហ្នឹង យើងបានប្រមូលនារីបម្រើសេវាចំនួន៧២នាក់ បញ្ជូនទៅឱ្យខាងមន្ទីរសង្គមកិច្ចធ្វើការអប់រំកែប្រែ ក្នុងនោះបានរកឃើញនារីចំនួន១២ទៅ១៥នាក់មានអាយុក្រោម១៨ឆ្នាំ។
លោកបានបន្ដថា ក្រៅពីនោះ នៅមានមនុស្សប្រុស-ស្រីចំនួន៩នាក់ផ្សេងទៀតដែលជាមេការ និងអ្នកគិតលុយក្នុងក្លឹបនោះក៏ត្រូវបានចាប់ឃាត់ខ្លួនជាបណ្ដោះអាសន្នដើម្បីសួរនាំដែរ។ ឆ្លងតាមការសាកសួរនិងឯកសារគិតលុយឃើញថា ក្លឹបខារ៉ាអូខេ«វ៉នឌើរ»នេះពិតជា មានអាជា្ញប័ណ្ណឱ្យបើកត្រឹមត្រូវ ប៉ុន្ដែគេឆ្លៀតលួចបំពានបម្រើសេវាផ្លូវភេទនៅក្នុងនោះថែមទៀត គឺនៅខាងក្រោមបម្រើសេវាខារ៉ាអូខេ តែនៅខាងលើមានបើកជាបន្ទប់សម្រាប់ជួលឱ្យភ្ញៀវរួមសិចជាមួយនារីបម្រើ ដែលអាចចាត់ទុកបានថាជាអំពើសញ្ចារកម្ម។
ស្រដៀងគ្នាដែរ លោកវរសេនីយ៍ឯកអ៊ុំ អមរា ស្នងការរងនគរបាលខេត្ដទទួលបន្ទុក បង្ក្រាបបទល្មើស ដែលបានបញ្ជាផ្ទាល់ទៅលើកម្លាំងប្រតិបត្ដិការបានមានប្រសាសន៍ប្រាប់ថា ការបង្ក្រាបទៅលើក្លឹបខារ៉ាអូខេយីហោ «វ៉នឌើរ» ដែលឆ្លៀតបើកបម្រើសេវាផ្លូវភេទនេះ គឺជាការបង្ក្រាបមានទ្រង់ទ្រាយធំជាងគេទៅលើករណីពាក់ពន្ធ័អំពើសញ្ចារកម្មនៅក្នុងតំបន់ទេសចរណ៍ប្រវតិ្តសាស្ដ្រសៀមរាបក្នុងឆ្នាំនេះ បន្ទាប់ពីការបង្ក្រាបទៅលើក្លឹបខារ៉ាអូខេយីហោ «ស៊ីស្កាយអិនអិន» របស់ថៅកែជនជាតិកូរ៉េ កាលពីឆ្នាំ២០០៩ ។
លោកវរសេនីយ៍បានបញ្ជាក់បន្ថែមថា យើងបានទទួលដំណឹងជាយូរមកហើយថាទីនេះមានបម្រើសេវាផ្លូវភេទបន្ថែមពីលើសេវាខារ៉ាអូខេ ប៉ុន្ដែដោយសារតែពុំមានភស្ដុតាងគ្រប់គ្រាន់ ទើបយើងមិនអាចបើកការបង្ក្រាបបានភ្លាមៗ។ ក្រោយពីយើងបានដាក់បណ្ដាញបង្កប់ហើយច្បាមយកភស្ដុតាងគ្រប់គ្រាន់អំពីសកម្មភាព ប្រព្រឹត្តអំពើសញ្ចារកម្មនៅក្នុងដៃ ទើបយើងបើកប្រតិបត្ដិការក្របួចឱ្យជាប់តែម្ដង ។
រហូតមកទល់រសៀលថ្ងៃទី២៣ មីនា បន្ទាប់ពីប្រតិបត្ដិការបង្ក្រាបបានបញ្ចប់ទៅ គេនៅមិនទាន់ដឹងពីឈ្មោះថៅកែធំរបស់ក្លឹបខារ៉ាអូខេ «វ៉នឌើរ» នោះនៅឡើយទេ ហើយក៏មិនទាន់ដឹងថា មានមនុស្សពាក់ពន្ធ័ក្នុងករណីនេះប៉ុន្មាននាក់ត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនខ្លួនទៅសាលាដំបូង ដើម្បីចាត់ការទៅតាមនីតិវិធីដែរ ព្រោះការស៊ើបសួរនៅមិនទាន់បានបញ្ចប់។ លោកវរសេនីយ៍ត្រីស៊ុន ប៊ុនថង បានបន្ថែមថា យើងនៅមិនទាន់ដឹងថាអ្នកណាមួយពិតប្រាកដជាថៅកែក្លឹបនេះនៅឡើយ គ្រាន់តែដឹងថាក្លឹបខារ៉ាអូខេ «វ៉នឌើរ» នេះមានម្ចាស់ភាគហ៊ុនចំនួនបីរួមគ្នា គឺជនជាតិខ្មែរ-បារាំង-ជប៉ុន ដែលទើបតែបន្ដដំណើរការពីក្លឹបមុនឈ្មោះអ៊ិចអូបានតែប៉ុន្មានខែប៉ុណ្ណោះ ។
សូមបញ្ជាក់ផងដែរថា ក្លឹបខារ៉ាអូខេ«វ៉នឌើរ»ដែលបានបង្ក្រាបនេះ ស្ថិតនៅតាមបណ្ដោយវិថី«លោកតាណើយ»ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាបអាចចាត់ទុកបានថា ជាក្លឹបធំមហិមាមួយក្នុងចំណោមក្លឹបខារ៉ាអូខេជាច្រើនទៀតនៅកណ្ដាលក្រុងទេសចរណ៍សៀមរាប។ ក្លឹបនេះមានកម្ពស់ពីរជាន់មានពន្លេចភ្លើងពណ៌រាត្រីយ៉ាងល្អឆើតឆាយគួរឱ្យលង់ចិត្ដ គឺជាន់ផ្ទាល់ដី និងជាន់ទី១ រៀបជាបន្ទប់ខារ៉ាអូខេគួរឱ្យទាក់ទាញ ដោយឡែកជាន់ទី២ រៀបជាបន្ទប់ឡេមសម្រាប់ជួលឱ្យភ្ញៀវដែលមកច្រៀងអាចរួមសិចបាននៅពេលត្រូវការ ។ ពេលប្រតិបត្ដិការបង្ក្រាបសមត្ថកិច្ចបានធ្វើការឆែកឆេរនៅតាមបន្ទប់បានរកឃើញដៃគូកំពុងរួមសិចចំនួនពីរគូ និងស្រោមការពារច្រើន និងមិនទាន់ប្រើរួចមួយចំនួនទៀត។
លោកទី សុវិនថាល់ ព្រះរាជអាជា្ញអមសាលាដំបូងខេត្ដសៀមរាបដែលដឹកនាំកម្លាំងក្នុងប្រតិបត្ដិការឆ្មក់ចូលបង្ក្រាបក្លឹបខារ៉ាអូខេ យីហោ«វ៉នឌើរ »បានមានប្រសាសន៍ថា ឆ្លងតាមការឆែកឆេរអស់ជាច្រើនម៉ោង សមត្ថកិច្ចបានរកឃើញភស្ដុតាងគ្រប់គ្រាន់សម្រាប់បើកការចោទប្រកាន់ទៅតាមផ្លូវច្បាប់ គឺមានដៃគូកំពុងរួមភេទចំនួនពីរគូ ត្រូវបានចាប់ឃាត់ខ្លួននៅក្នុងបន្ទប់នៃអគារខារ៉ាអូខេនេះ ហើយពួកគេបានសារភាពថា ពិតជាបានរួមភេទមែន ។
លោកបានបន្ដថា ករណីនេះមិនអាចដោះស្រាយក្រៅប្រព័ន្ធច្បាប់បានទេ។ មន្ដ្រីនគរបាលយុត្ដិធម៌ត្រូវតែរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការទៅតាមច្បាប់ស្ដីពីការ បង្ក្រាបអំពើជួញដូរមនុស្ស និងអំពើអាជីវកម្មផ្លូវភេទ គឺច្បាប់ត្រូវតែអនុវត្ដឱ្យស្មើភាពគ្នា មិនថាអ្នកមាន អ្នកក្រ អ្នកមានអំណាចទេ ។ អ្នកណាក៏ដោយឱ្យតែប្រព្រឹត្តខុស ត្រូវតែយកច្បាប់មកវិនិច្ឆ័យ ។
ខេត្ដសៀមរាបត្រូវបានចាត់ទុកថាជាតំបន់ ប៉ូលនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជាដោយសារតែខេត្ដនេះសំបូរទៅដោយរមណីយដ្ឋានវប្បធម៌ប្រវត្ដិសាស្ដ្រធម្មជាតិ និងប្រាង្គប្រាសាទដ៏សំបូរបែប ពិសេសប្រាសាទអង្គរវត្ដជាបេតិកភណ្ឌពិភពលោក ដែលផ្ដល់ឱកាសសម្រាប់កម្ពុជាផ្សព្វផ្សាយនូវវប្បធម៌និងប្រពៃណីទំលៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្លួនឱ្យប្រទេសលើពិភពលោកបានស្គាល់ តាមរយៈភ្ញៀវទេសចររាប់លាននាក់ក្នុងមួយឆ្នាំៗ។ ទន្ទឹមនោះគេនៅតែសង្កេតឃើញមានភាពអសកម្មមួយចំនួនបានធ្វើការគំរាមកំហែងទៅលើខេត្ដមួយនេះមិនចេះចប់មិនចេះហើយ ក្នុងនោះដូចជាបញ្ហាចោរឆក់ជាដើម ។ ជាពិសេសបញ្ហាជួញដូរផ្លូវភេទធ្វើឱ្យសមត្ថកិច្ចជំនាញមានការលំបាកលំបិនយ៉ាងខ្លាំងក្នុងការលុបបំបាត់។ ការបង្ក្រាបទៅលើក្លឹបខារ៉ាអូខេ«វ៉នឌើរ»នេះសង្ឃឹមថា វានឹងក្លាយជាចំណុចចាប់ផ្ដើមនៃការលុបបំបាត់នូវសកម្មភាពដូចគ្នានេះនៅតាមក្លឹបផ្សេងៗទៀត ដើម្បីបញ្ចៀសឱ្យបាននូវទេសចរណ៍ផ្លូវភេទសម្រាប់ព្រះរាជាណាចក្រកម្ពុជាដែលមានប្រពៃណីដ៏ល្អត្រចះត្រចង់ ៕







ចែករំលែកព័តមាននេះ