ថៃ​កាត់​បន្ថយ​គោលដៅ​នាំ​ចេញពី​៨% មក​ស្មើនឹង​៣%


ប្រទេស​ថៃ ៖ ភ្នាក់ងារ​សារព័ត៌មាន Bangkok Post បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​កន្លង​មក​ថា រដ្ឋាភិបាល​ថៃ​បាន​កាត់​បន្ថយ​គោលដៅ​នាំ​ចេញពី ៨%​មក​ស្មើ ៣%​សម្រាប់​ឆ្នាំ​នេះ​ព្រោះតែ​ការ​អន់​ថយ​សេដ្ឋកិច្ច​ជុំវិញ​ពិភពលោក ការ​តានតឹង​ឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន និង​ភាព​មិន​ប្រាកដប្រជា​ផ្នែក​នយោបាយ​ក្នុង​ទ្វីប​អ៊ឺ​រ៉ុ​ប​។

យោង​ទៅ​តាម​លោក​ឧប្បនាយករដ្ឋមន្ត្រី Somkid Jatusripitak បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​អាច​នឹង​ស្មើ ២៦០​ប៊ី​លាន​ដុល្លារ​ក្នុងឆ្នាំនេះ ដែល​ទាប​ជាង​ការ​ព្យាករណ៍​មុន​ដែល​ស្មើ ២៧០​ប៊ី​លាន​ដុល្លារ​។

លោក​បាន​និយាយ​ថា “​ក្រៅពី​ការ​អន់​ថយ​នៃ​តម្រូវការ​ពិភពលោក​ហើយ សង្គ្រាម​ពាណិជ្ជកម្ម​បាន​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ការ​នាំ​ចេញ​ជា​ពិសេស​គ្រឿង​អេ​ឡិច​ត្រូ​ណិ​ច យានយន្ត សម្លៀក​បំពាក់ ជ័រកៅស៊ូ​និង​​ប្លា​ស្ទិ​ច​ដែល​ទាក់ទិន​នឹង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​អា​មេ​រិ​ក​និង​ប្រទេស​ចិន​។​”

យោង​តាម​របាយការណ៍​របស់​ក្រសួង ពាណិជ្ជកម្ម​ថ្មី​បាន​ឲ្យ​ដឹង​ថា ការ​នាំ​ចេញ​បាន​ធ្លាក់​ចុះ ១.៩% មក​ស្មើ ៨០.៥​ប៊ី​លាន​ដុល្លារ​កាលពី​៤​ខែ​ដំបូង​នា​ឆ្នាំ​នេះ ខណៈ​ដែល​ការ​នាំ​ចូល​បាន​ធ្លាក់​ចុះ ១.១% មក​ស្មើ ៨០​ប៊ី​លាន​ដុល្លារ​ផង​ដែរ ធ្វើ​ឲ្យ​ប្រទេស​ថៃ​មាន​អតិរេក​ពាណិជ្ជកម្ម ៥៥០​លាន​ដុល្លារ​។

ក្រសួង​នេះ​បាន​ធ្លាប់​ឲ្យ​ដឹង​ថា​និន្នាការ​នៃ​ការ​នាំ​ចេញ​របស់​ប្រទេស​ថៃ​ស្រប​ទៅ​នឹង​ស្ថាន​ការ​ជុំវិញ​ពិភព​លោក និង​ប្រទេស​អាស៊ី​ដទៃ​ដែរ​ដែល​មានការ​អន់​ថយ​ការ​នាំ​ចេញ​ព្រោះតែ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កាន់តែ​តានតឹង​ឡើង​។ លោក Somkid បាន​បន្ថែម​ថា ការ​នាំ​ចេញ​ត្រូវ​តែ​ផ្តោត​សំខាន់​លើ​ទីផ្សារ​ដែល​មាន​សក្តានុពល​ផ្សេង​ៗ​ដូច​ជា​ឥ​ណ្ឯា ខណៈ​ដែល​ការ​លូតលាស់​សេដ្ឋកិច្ច​អាច​នឹង​ស្មើ​៧%​ក្នុង
ឆ្នាំ​​នេះ​។

ក្រសួងពាណិជ្ជកម្ម​ត្រូវ​តែ​សហការ​ជាមួយនឹង​គណៈកម្មាធិការ​វិនិយោគ និង​អាជ្ញាធរ​ទេសចរណ៍​ប្រចាំ​ប្រទេស​ថៃ​ដើម្បី​លើក​ស្ទួយ​ដល់​ការ​វិនិយោគ និង​វិស័យ​ទេសចរណ៍ ជំរុញ​ដល់​សេដ្ឋកិច្ច ខណៈ​ដែល​បន្ត​ការ​គាំទ្រ​ដល់​កសិករ​ដើម្បី​បង្កើន​ប្រសិទ្ធិ​ភាព និង​គុណភាព​ផលិតផល​។

លោក Somkid បាន​បន្ត​ថា ការ​អភិវឌ្ឍន៍​គួរតែ​ផ្តោត​សំខាន់​លើ​បច្ចេកវិទ្យា​និង​ការ​បង្កើត​ថ្មី​ខណៈ​ដែល​ការ​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​ណិ​ចនឹង​ក្លាយជា​ឧបករណ៍​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ដល់​តម្លៃ​កសិផល​។

រដ្ឋាភិបាល​ថៃ​ក៏​សន្យា​ថា​នឹង​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​ផ្នែក​ដឹក​ជញ្ជូន និង​ធ្វើ​ឲ្យ​ដំណើរការ​ពន្ធ​កាន់តែ​ប្រសើរ​ឡើង​ផង​ដែរ ព្រមទាំង​ជំរុញ​ដល់​ការ​ប្រើប្រាស់​រូបិយ​វត្ថុ​ក្នុងស្រុក​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយនឹង​កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា និង​វៀតណាម​ជាដើម ៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ