ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ភ្នំ​ព្រះ​ធាតុ​ផ្សព្វផ្សាយធម៌​ព្រះពុទ្ធ​មុនគេ​នៅ​កម្ពុជា ?

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ «​វត្ត​ភ្នំ​ព្រះ​ធាតុ​» ស្ថិត​នៅ​លើ​ភ្នំ​មួយ​ឈ្មោះ​ភ្នំ​ព្រះ​ធាតុ មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ ទាក់ទង​ដល់​ការ​ផ្សព្វផ្សាយ​ធម៌​ព្រះពុទ្ធ​សាសនា​មុនគេ​បង្អស់​នៅ​កម្ពុជា និង​ជ្រោយ​ឥណ្ឌូចិន ។ នេះ​ជា​ការ​អះអាង​របស់ គណៈកម្មការ​វត្ត​ភ្នំ​ព្រះ​ធាតុ…

ខេត្តកំពង់ឆ្នាំង ៖ «​វត្ត​ភ្នំ​ព្រះ​ធាតុ​» ស្ថិត​នៅ​លើ​ភ្នំ​មួយ​ឈ្មោះ​ភ្នំ​ព្រះ​ធាតុ មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ ទាក់ទង​ដល់​ការ​ផ្សព្វផ្សាយ​ធម៌​ព្រះពុទ្ធ​សាសនា​មុនគេ​បង្អស់​នៅ​កម្ពុជា និង​ជ្រោយ​ឥណ្ឌូចិន ។ នេះ​ជា​ការ​អះអាង​របស់ គណៈកម្មការ​វត្ត​ភ្នំ​ព្រះ​ធាតុ ដែល​បាន​ផ្តល់​កិច្ច​សម្ភាសន៍ ជាមួយ​ភ្នាក់ងារ​កោះសន្តិភាព កាលពី​ពេល ថ្មី​ៗ​កន្លង​ទៅ​នេះ ។

ដោយសារ​តែ​ទីតាំង​ភ្នំ​ព្រះ​ធាតុ មាន​ប្រវត្តិ​យូរលង់​ណាស់​មក​ហើយ និង​ចង់​ឲ្យ​តំបន់​មួយ​នេះ​ក្លាយជា​តំបន់​ទេសចរណ៍​ដ៏​លេចធ្លោ​ផង​នោះ គណៈ​កម្ម​វត្ត និង​ព្រះ​គ្រូ​ចៅអធិការ​បាន​អំពាវនាវ ដល់​ពុទ្ធបរិស័ទ និង​អ្នកទេសចរ​អញ្ជើញ​ទៅ​ចូលរួម​បច្ច័យ​កសាង​វត្ត និង​បែ​បន់​តាម​ជំនឿ រួម​ទាំង​ទស្សនា​កម្សាន្ត​ទីតាំង​ដែល​មាន​ប្រវត្តិ យ៉ាង​ចំណាស់​មួយ​នេះ ។ ភ្នំ​ព្រះ​ធាតុ ស្ថិត​ក្នុងភូមិ​ច្រក​កូវ ឃុំ​ពាម ស្រុក​សាមគ្គី​មាន​ជ័យ មាន​ចម្ងាយ​ជាង​៣០​គីឡូម៉ែត្រ ពី​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ផ្លូវបំបែក​ផ្សារ​ត្រាច ស្រុក​កំពង់ត្រឡាច​។

តាម​ការ​និទាន​របស់​លោកតា ប៊ុ​ន សា​រិ​ទ្ធ ហៅ​តា​សម្បត្តិ អនុប្រធាន​គណៈកម្មការ​វត្ត​ឱ្យ​ដឹង​ថា ទីតាំង​វត្ត​ភ្នំ​ព្រះ​ធាតុ​កើត​តាំងពី​សម័យ​បុរាណកាល​មក​ម្ល៉េះ ព្រោះ​នៅ​លើ​ភ្នំ​នេះ​បាន​បន្សល់​ទុក​គ្រឹះ​ប្រាសាទបុរាណ​មួយ​ដែល​អាច​បញ្ជាក់​ថា ទីតាំង​ភ្នំ​នេះ​បាន​កើត​មុន​សម័យ​អង្គរ​៤-៥​រយ​ឆ្នាំ គឺ​តាំងពី​សម័យ​គោក​ធ្លក​មក​ម្ល៉េះ ។

កាលសម័យ​នោះ​គ្មាន​ការ​គោរព​ព្រះពុទ្ធ​សាស​សនា​ទេ តែ​ពេល​ដែល​ព្រះបាទ​កោ​ណ្ឌ​ញ និង​ព្រះ​នាង​លីវ យី យាង​មក​គ្រប់គ្រង​ដែនដី ព្រះ​អង្គ​បាន​ចាត់​ឲ្យ​និមន្ត​ភិក្ខុ​២ អង្គ គឺ​ភិក្ខុ​សោ​នរៈ​ថេ និង​ភិក្ខុ​អុតរៈ​ថេ ពី​ប្រទេស​ឥណ្ឌា ដើម្បី​យក​ផ្សព្វផ្សាយ​សាសនា​ព្រះ​ពុ​ទ្ឋ មុនគេ​បង្អស់​នៅ​ជ្រោយ​ឥណ្ឌូចិន ។

កាល​ណោះ​ភិក្ខុ​ទាំង​២​អង្គ បាន​និមន្ត​តាម​សំពៅ​មក​ចាប់​ទី​ស្នាក់​នៅ​ដើម្បី​ផ្សព្វផ្សាយ​ធម៌​ព្រះ​ពុ​ទ្ឋ​មុនគេ គឺ​លើ​ភ្នំ​ព្រះ​ធាតុ​នេះឯង ។ កាលពី​ជំនាន់​នោះ​ស្រុក​យើង​មាន​ផ្ទៃ​ទឹកធំ​ល្វឹងល្វើយ មិនសូវ​មាន​ដី​ទេ ដោយ​ហេតុ​នេះ​ហើយ​ទើប​នៅ​ក្បែរ និង​លើ​ភ្នំ​នេះ មាន​បន្សល់​ទុក​ស្លាកស្នាម និង​ឈ្មោះ​ខ្លះ​ពាក់​ព​ន្ឋ័​នឹង​ប្រវត្តិសាស្ត្រ ដូច​ជា​ឈ្មោះ​គោក​សំពៅ , ដានជើង​តា​ព្រេង​, ល្អាង​អុកគូទ និង​ហាត់​ចំបាប់​ជាដើម ។

លោកតា​សម្បត្តិ​បញ្ជាក់​ថា​នៅ​ទីតាំង​វត្ត​ភ្នំ​ព្រះ​ធាតុ​មាន​បារមី​សក្តិ​សិ​ទ្ឋិ​ណាស់ អ្នក​ដែល​បាន​ទៅ​បែ​បន់​តែង​សម្រេច​បំណង ហើយ​ទៅ​លា​មាត់ លាបំណន់ មិនសូវ​លស់​ថ្ងៃ​ទេ ។ ខ្លះ​បន់​ឲ្យ​កូន​បាន​ទៅ​ប្រទេស​ក្រៅ ខ្លះ​បន់​លក់​ដី​ដាច់ ខ្លះ​បន់​ឲ្យ​កូន​ប្រឡង​ជាប់ និង​បន់​ឲ្យ​ជា​ពី​ជម្ងឺ ផ្សេង​ៗ​ជាដើម ។ អ្នក​ដែល​បន់​បាន​សម្រេច​តាម​បំណង​តែង​ទៅ​ថ្វាយ​តង្វាយ មាន​ដូច​ជា​ស៊ីម៉ង់ត៍ ដែក ឬ​បច្ច័យ សម្រាប់​កសាង​វត្ត ។ «​ចាប់តាំងពី​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រះ​នាម​តែម ម៉ាំ គ្រប់គ្រង​មក​មានការ​រីក​ចម្រើន​ច្រើន​ក្នុង​វត្ត ដោយ​អ្នក​បែ​បន់ បាន​សក្តិ​សិ​ទ្ឋិ យក​តង្វាយ​មក​ថ្វាយ​ដើម្បី កសាង​វត្ត គឺ​ពុ​ទ្ឋ​បរិស័ទ​មាន​ជំនឿ​លើ​ព្រះ​គ្រូ​ចៅអធិការ​វត្ត ហើយ​បាន​ចូល​រូ​ម​បច្ច័យ​កសាង​ជាដើម ។

ដូច្នេះ​ហើយ​ពុ​ទ្ឋ​បរិស័ទ និង​ភ្ញៀវ​ទេសចរ​អញ្ជើញ​ចូល​ទៅ​បែ​បន់​សុំ​សេចក្តី​ប្រាថ្នា អ្វីមួយ​តាម​ចំណង់ចិត្ត និង​ទស្សនា​កម្សាន្ត ព្រមទាំង​ចូលរួម​តាម​ស​ទ្ឋា​ជ្រះថ្លា ក្នុង​ការ​កសាង​វត្ត ក៏​ដូច​ជា​ធ្វើ​ឱ្យ​ទីកន្លែង​មាន​ប្រវត្តិ​យូរលង់​នេះ​បាន​ស្ថិត​ស្ថិរ​យូ​អង្វែង​តរៀង​ទៅ​» ។

ជុំវិញ​ការ​លើក​ឡើង​ពី​ប្រវត្តិ​វត្ត​ភ្នំ​ព្រះ​ធាតុ​នោះ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង លោក​សុខ ធួ​ក បញ្ជាក់​ថា «​នេះ​គ្រាន់តែ​ជា​រឿងនិទាន មិនមែន​ជា​ប្រវត្តិសាស្ត្រ​កត់ត្រា យើង​មិន​ឱ្យ​គាត់​ខុស​ទេ ព្រោះ​ជា​រឿងនិទាន​ដែល​និទាន​ត​គ្នា ។ ប៉ុន្តែ​ក៏​អាច​ត្រូវ​ខ្លះ​ដែរ តាម​ប្រវត្តិ​ព្រះសង្ឃ​មាន​មុនគេ​បង្អស់ គឺ​នៅ​លើ​វត្ត​ភ្នំ​ព្រះ​ធាតុ​នេះឯង ប៉ុន្តែ​លើ​ភ្នំ​នេះ​គ្មាន​អក្សរ​ចារិក​ណា បាន​សរសេរ​បញ្ជាក់​ពី​ប្រវត្តិ​ឲ្យ​អ្នក​ជំនាន់​ក្រោយ​បានដឹង​នោះ​ទេ​»៕ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ