ខេត្តកណ្ដាល ៖ ទំនាស់ពាក្យសម្តីគ្នារឿងមេម៉ូរីបង្កឱ្យមានអំពើហិង្សាកើតឡើង បណ្តាលឲ្យបុរសម្នាក់រងរបួសឈាមស្រោចពេញខ្លួន ហើយជនដៃដល់បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ ។
ហេតុការណ៍ខាងលើនេះបានកើតឡើងវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចរោងចាំចំការ ស្ថិតក្នុងភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ឃ្លាំង ថា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ ។ ជនសង្ស័យឈ្មោះ ចន ភ័ត្រា ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិត្នោតញី ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មុខរបរកសិករ រត់គេចខ្លួនបាត់ ។
តាមប្រភពពីសាក្សីបានអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានដើរទៅអង្គុយលេងនៅរោងចាំចំការរបស់ឈ្មោះបុល ណារិន ភេទប្រុស អាយុ២៣ឆ្នាំ អង្គុយបានមួយសន្ទុះ ស្រាប់តែជនសង្ស័យបានដើរមកអង្គុយលេងដែរ ហើយក៏សួរទៅជនរងគ្រោះថា «អ្ហែងខ្ចីមេម៉ូរីរបស់អញ…យកមកឲ្យអញវិញភ្លាម» ។
តាមប្រភពដដែលបានបន្តថា ពេលនោះអ្នកទាំងពីរក៏ជជែកគ្នា ហើយទាស់ពាក្យសំដីគ្នាបន្តិចបន្តួចសោះស្រាប់តែជនសង្ស័យបានទាញកាំបិតទៅកាប់ជនរងគ្រោះពីក្រោយចំក្បាល បណ្តាលឲ្យរងរបួសហូរឈាមពេញខ្លួន ហើយជនសង្ស័យបានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ទៅ ។ ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យឃុំតាលន់ដើម្បីព្យាបាល។
ក្រោយកើតហេតុ កម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ