ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់បង់​ដែនដី​កម្ពុជា​ក្រោម​ត្រូវ​អ្នកនយោបាយ​ធ្វើ​អាជីវកម្ម​កេង​ចំណេញ​ខាង​នយោបាយ​បោក​ប្រជាជន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥ​សាន បាន​លើក​ឡើង​ថា ការ​បាត់បង់​ដែនដី​កម្ពុជា​ក្រោម ត្រូវ​បាន​អ្នកនយោបាយ​យក​មក​ធ្វើ​អាជីវកម្ម​កេង​ចំណេញ​ខាង​នយោបាយ​បោកប្រាស់​ប្រជាជន ។…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥ​សាន បាន​លើក​ឡើង​ថា ការ​បាត់បង់​ដែនដី​កម្ពុជា​ក្រោម ត្រូវ​បាន​អ្នកនយោបាយ​យក​មក​ធ្វើ​អាជីវកម្ម​កេង​ចំណេញ​ខាង​នយោបាយ​បោកប្រាស់​ប្រជាជន ។ អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​បាន​លើក​ឡើង នៅ​ថ្ងៃ​ទី​២ ខែមិថុនា ឆ្នាំ​២០១៩ ខណៈ​ដែល​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៩ គឺជា​ខួប​៧០​ឆ្នាំ នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ។

លោក​បញ្ជាក់​ថា «​នេះ គឺជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​ដែល​បាន​បន្សល់​ទុក​ឲ្យ​កូន​ខ្មែរ​ចង​ចាំ និង​ទុកជា​បទ​ពិសោធន៍​ដែល​គួរ​ជៀសវាង​កុំ​ឲ្យ​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ដ៏​ជូរ​ចត់​នេះ​អាច​កើត​ឡើងជា​ថ្មី នៅ​ពេល​ប​ច្ចប្ប​ន្ន និង​តទៅ​អនាគត​ទៀត ។ នៅ​ឆ្នាំ​១៩៣៩ អាណានិគមនិយម​បារាំង​បាន​ផ្ទេរ​ការ​គ្រប់គ្រង​រដ្ឋបាល​លើ​កោះត្រល់ ទៅ​ឲ្យ​រដ្ឋបាល​កូសាំងស៊ីន​» ។ លោក​សុខ ឥ​សាន​ក៏​បាន​រំ​ឮ​កថា នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​១៩៤៩ អាណានិគមនិយម​បារាំង​បាន​ប្រគល់​ដែនដី​កម្ពុជា​ក្រោម​ទាំងមូល ដែល​រួម​ទាំង​កោះត្រល់​ផង ទៅ​ឲ្យ​ស្តេច​បាវ​ដាយ​នៃ​ប្រទេស​អណ្ណាម បន្ទាប់​ពី​មានការ​អនុម័ត​របស់​សភា កូសាំងស៊ីន និង​សភា​នៃ​សហភាព​បារាំង និង​សេចក្តីសម្រេច​របស់​លោក​ប្រធានាធិបតី​បារាំង​ផង រួច​មក​ដោយ​គ្មាន​ការ​តវ៉ា ណាមួយ​ពី​អាជ្ញាធរ​កម្ពុជា​ឡើយ ។

លោក​បន្ត​ថា​ទោះបី​សម្តេចព្រះ​នរោត្តម​សីហ​នុ​ដែល​បាន​ធ្វើ​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​ពី​អាណានិគមនិយម​បារាំង​ក៏​ព្រះ​អង្គ​មិន​បាន​ទាមទារ​ទឹកដី​កម្ពុជា​ក្រោម រួម​ទាំង​កោះត្រល់​ផង​មក​ឲ្យ​កម្ពុជា​វិញ​ដែរ គឺ​ទាមទារ​តែ​ដែនដី​កម្ពុជា សព្វថ្ងៃ​ដែល​មាន​ក្រឡា​ផ្ទៃ​១៨១ ០៣៥​គីឡូ​ម៉ែត្រការ៉េ​ប៉ុណ្ណោះ ។ លោក​បាន​គូសបញ្ជាក់​ថា​៖« ការ​បាត់បង់​ដែនដី​កម្ពុជា​ក្រោម គឺជា​ការ​បាត់បង់​ដ៏​គួរ​ឲ្យ​សោកស្តាយ​ជាទី​បំផុត តែ​ហួស​ពី​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន ក្នុង​ការ​ទាមទារ​មក​ឲ្យ​ប្រជាជាតិ​កម្ពុជា​វិញ គ្រាន់តែ​បាន​ចាត់​ទុក​ថា ជា​ផលវិបាក​នៃ​ប្រវត្តិសាស្ត្រ​ប៉ុណ្ណោះ​» ។

លោក​បាន​បន្ត​ថា ការ​បាត់បង់​ដែនដី​កម្ពុជា​ក្រោម​ត្រូវ​បាន​អ្នកនយោបាយ​យក​មក​ធ្វើ​អាជីវកម្ម​កេង​ចំណេញ​ខាង​នយោបាយ​បោកប្រាស់​ប្រជាជន​ដាក់​កំហុស​ទៅ​លើ​គណបក្ស​នយោបាយ​ជា​គូប្រកួត ដើម្បី​មហិច្ឆតា​ចង់បាន​សន្លឹក​ឆ្នោត ។ សួរ​ថា អ្នក​ដែល​លើក​បញ្ហា​ទាមទារ​យក​ដែនដី​កម្ពុជា​ក្រោម​មក​វិញ​មានបាន​ទាមទារ ដែរ​ប្ញ​ទេ ? បាន​តែ​ស្រែក​ដាក់​កំហុស​លើ​គេឯង តែ​ខ្លួន​អត់​បាន​ធ្វើ​អ្វី​ទាំងអស់ ទោះបី​អ្នកខ្លះ​មាន​សញ្ជាតិ​ជា​បារាំង និង​កំពុង​រស់​ប្រទេស​បារាំង​ក៏​ដោយ​ក៏​មិន​ព្ញ ហើបមាត់​ប្តឹង​បារាំង​ដែល​បាន​យក​ដែនដី​កម្ពុជា​ក្រោម​ទៅ​ឲ្យ​វៀតណាម​ដែរ ។

ដូច្នេះ គួរ​ខ្មែរ​គ្រប់​រូប​បញ្ឈប់​នូវ​បញ្ហា​លាប​ពណ៌​ដាក់​កំហុស​ឲ្យ​គ្នា ចំពោះ​អ្វី​ដែល​ជា​កាក សំណល់​នៃ​ប្រវត្តិសាស្ត្រ​មក​ធ្វើ​បច្ចុប្បន្នភាព​នយោបាយ​វាយប្រហារ​គ្នា​ដែល​នាំ​ឲ្យ​បែកបាក់ សាមគ្គីភាព​ផ្ទៃក្នុង​ខ្មែរ​នោះ​ឡើយ ។ លោក​បន្ថែម​ថា គួរ​នាំ​គ្នា​យក​បទ​ពិសោធន៍​ប្រវត្តិសាស្ត្រ​មក​រៀនសូត្រ ដើម្បី​ជៀសវាង​កុំ​ឲ្យ​កើត​មាន​ឡើងជា​ថ្មី ហើយ​រួបរួម​គ្នា​ជា​ធ្លុង​មួយ​ការពារ​កសាង និង​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​មានការ​រីក​ចម្រើន​តាម​ឲ្យ​ទាន់ បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​វិញ​ជា​ការ​ល្អ​ប្រសើរ​សម​ស្រប​តាម​សំណូមពរ​ចង់បាន​របស់​ប្រជាជន​កម្ពុជា​។

សូម​ជម្រាប់​នៅ​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ​សហគមន​ខ្មែរ​កម្ពុជា​ក្រោម នឹង​រៀបចំ​ពិធី​រំលឹក​ខួប​៧០​ឆ្នាំ នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ។ សហគមន៍​បាន​លើក​ឡើង​ថា ខ្ញុំ​សូម​គោរព​អញ្ជើញ​ប្រជាពលរដ្ឋ​ខ្មែរ​ចូលរួម​បុណ្យ ៤​មិថុនា ថ្ងៃ​ឈឺចាប់​របស់​ខ្មែរ​យើង​ដែល​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម​ដោយ​បារាំង​សេះ​បានកា​ត់ទៅ​ឲ្យ​យួន​គ្រប់គ្រង​ដោយ​ឯក​ភាគី គ្មាន​សួរ​ខ្មែរ​សូ​ម្បី​តែ​មួយ​មាត់ ។ ប្រភព​បាន​បន្ត​ថា កម្មវិធី​បុណ្យ​របស់​យើង​មានច្បាប់​អនុញ្ញាតិ​ពី​សាលាក្រុង​ត្រឹមត្រូវ ជា​ពិសេស​មាន​ព្រះរាជ​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​ជីវិត​តម្កល់​លើ​ត្បួ​ង​នៃ​យើង​ចូលរួម​ផង​ដែរ ដូច្នេះ​សូម​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ចូលរួម​ដោយ​សេរី ដោយ​ពុំ​មានការ​ភ័យ​ខ្លាច​ឡើយ ពីព្រោះ​នេះ​ជា​រឿង​ជាតិ​ទាំងមូល​មិនមែន​ជា​រឿង​របស់​បក្ស​ណាមួយ​ឡើយ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ