ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និសីទ​សន្តិសុខ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​របស់​​អង្គការ​គយ​ពិភពលោក ស្តី​ពី “​គំនិត​ផ្តួចផ្តើម​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​”

4 ឆ្នាំ មុន
  • ភ្នំពេញ

គណៈប្រតិភូ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​ដោយ​ឯកឧត្តម​​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​អញ្ជើញ​ទៅ​ចូលរួម​សន្និសីទ​សន្តិសុខ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​របស់​អង្គការ​គយ​ពិភពលោក…

គណៈប្រតិភូ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​ដោយ​ឯកឧត្តម​​បណ្ឌិត គុណ ញឹ​ម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​អញ្ជើញ​ទៅ​ចូលរួម​សន្និសីទ​សន្តិសុខ​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​របស់​អង្គការ​គយ​ពិភពលោក ស្តី​ពី “​គំនិត​ផ្តួចផ្តើម​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​” ចាប់ពី​ថ្ងៃ​ទី​២៨ ដល់​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៩ នៅ​ទីក្រុង​ក្យូ​តូ ប្រទេស​ជប៉ុន ដោយ​មានការ​ចូលរួម​ពី​គណៈប្រតិភូ​គយ​នៃ​ប្រទេស​ជា​សមាជិក​របស់​អង្គការ​គយ​ពិភពលោក​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ព្រមទាំង​តំណាង​គយ​សហរដ្ឋអាមេរិក​, ចក្រភព​អង់គ្លេស អង្គការ​គយ​ពិភពលោក និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ដូច​ជា UNOCT (UN Office for Counter Terrorism), UNODC, IATA, INTERPOL ជាដើម​។

សន្និសីទ​នេះ​ប្រព្រឹត្ត​ទៅ​ក្រោម​អ​ធីប​តី​ភាព​របស់​លោក Kunio Mikuriya អគ្គលេខាធិការ​នៃ​អង្គការ​គយ​ពិភពលោក និង លោក Motoya Nakae អគ្គនាយក​គយ​នៃ​រដ្ឋបាល​គយ​ជប៉ុន​។ ក្នុង​សុន្ទរកថា​បើក លោក Kunio Mikuriya បាន​លើក​ឡើង​ពី​ការ​វិវត្តន៍​គំនិត​ផ្ដួចផ្ដើម​សន្តិសុខ​របស់ WCO ដែល​បាន​ចាប់ផ្តើម​ពី​កម្មវិធី​ក្រប​ខណ្ឌ​ស្តង់ដា​សន្តិសុខ​នៃ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ពាណិជ្ជកម្ម​អន្តរជាតិ​, កម្មវិធី​សន្តិ​សុខ​ជាស​កល​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវ​សមុទ្រ ផ្លូវអាកាស និង​ផ្លូវគោក​។ លោក​ក៏​បាន​លើក​ឡើង​បន្ថែម​អំពី​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​នៃ​អង្គការសហប្រជាជាតិ និង​កិច្ចប្រជុំ G7 ដែល​បាន​អនុម័ត​កម្មវិធី​ពង្រឹង​សន្តិសុខ និង​ប្រឆាំង​ភេរវកម្ម​នៅ​ក្នុង​ពិភពលោក ហើយ​អង្គការ​គយ​ពិភពលោក​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អនុវត្ត​សេចក្ដីសម្រេច និង​កម្មវិធី​ទាំងនោះ​។

ជាក់ស្ដែង នៅ​ឆ្នាំ​២០១៧ ដោយ​មានការ​ឧបត្ថម្ភ​មូលនិធិ​ដោយ​រដ្ឋាភិបាល​ជប៉ុន (​ប្រមាណ​៧.២៥ លាន​ដុល្លារ​សហរដ្ឋអាមេរិក​) អង្គការ​គយ​ពិភពលោក​បាន​ចាប់ផ្តើម​អនុវត្ត​គម្រោង “​សន្តិសុខ​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​” ដោយ​បាន​ផ្ដល់​ការ​ហ្វឹកហ្វឺន បំពាក់​ឧបករណ៍ និង​ការ​កសាង​សមត្ថភាព​ដល់​រដ្ឋបាល​គយ​ចូលរួម​ក្នុង​គម្រោង​នេះ​។ លោក​ក៏​បាន​សន្និដ្ឋាន​ថា គម្រោង​សន្តិសុខ​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​របស់​អង្គការ​គយ​ពិភពលោក អាច​ទទួល​បាន​ជោគជ័យ​ទៅ​បាន ទាល់តែ​មានការ​ចូលរួម​យ៉ាង​សកម្ម​របស់​រដ្ឋបាល​គយ​នៅ​ក្នុង​តំបន់​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក និង​ស្ថាប័ន​អន្តរជាតិ​ពាក់ព័ន្ធ​ផង​ដែរ​។

ទន្ទឹម​នេះ លោក Motoya Nakae អគ្គនាយក​គយ​ជប៉ុន ក៏​បាន​ថ្លែង​សុន្ទរកថា ស្វាគមន៍​អ្នកចូលរួម​ទាំង​អស់ និង​សម្តែង​អំណរ​គុណ​ចំពោះ WCO ដែល​បាន​សហការ​រៀបចំ​សន្និសីទ​ដ៏​មាន​សារសំខាន់​នេះ​ឡើង ដើម្បី​បូក​សរុប​លទ្ធផល​ការ​អនុវត្ត​គម្រោង​ផង និង​ចែករំលែក និង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​ក្នុង​ការ​អនុ​វត្ត​គម្រោង “​សន្តិសុខ​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​” នេះ​ផង ។ លោក​បាន​លើក​ឡើង​ថា តួនាទី​របស់​គយ​ក្នុង​ការ​ពង្រឹង​សន្តិសុខ និង​ប្រឆាំង​ភេរវកម្ម​កាន់តែ​លេចធ្លោ ហើយ​ត្រូវ​បន្ត​ពង្រឹង និង​ពង្រីក​តួនាទី​នេះ​ថែម​ទៀត​ដើម្បី​ឆ្លើយ​តប​នឹង​ការ​មិន​ថយ​ចុះ​នៃ​អំពើ​ភរ​វ​កម្ម​។

លោក​បន្ត​ថា ប្រទេស​ជប៉ុន​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​អន្តរជាតិ និង​ព្រឹត្តិការណ៍​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​កិច្ចប្រជុំ G20 នៅ​ខែមិថុនា​ខាង​មុខ​នេះ និង​កីឡា​អូ​ឡាំ​ពិ​ក នៅ​ទីក្រុង​តូ​ក្យូ ក្នុង​ឆ្នាំ​២០២០ ហើយ​បាន​គូសបញ្ជាក់​ថា​សន្និសីទ​ស្ដី​ពី​សន្តិសុខ​នេះ គឺជា​ឱកាស​ដ៏​ប្រសើរ​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​រដ្ឋបាល​គយ និង​អង្គការ​អន្តរជាតិ​ពាក់ព័ន្ធ​ក្នុង​ការ​ទប់ស្កាត់​, ប្រយុទ្ធ​ប្រឆាំង​អំពើ​ភេរវកម្ម និង​ការពារ​សន្តិសុខ​នៅ​ក្នុង​ប្រទេស និង​សកលលោក ។

អង្គ​សន្និសីទ​បាន​ស្ដាប់​បទ​បង្ហាញ និង​ពិភាក្សា​យ៉ាង​ផុសផុល​លើ​ប្រធានបទ​សំខាន់​ៗ​មួយ​ចំនួន ដូច​ជា​៖ ១) បរិយាកាស​សន្តិសុខ​ជាស​កល ២) ការ​គម្រាមកំហែង​សន្តិសុខ និង​តួនាទី​របស់​រដ្ឋបាល​គយ ៣) ការ​តាមដាន និង​ផ្លាស់​ប្ដូរ​ព​ត៌​មាន​សម្ងាត់​នៃ​សកម្មភាព​របស់​ភេរវ​ករ ៤)​ការ​បំបែក​នូវ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​គ្រឿង​បន្សំ​អាវុធ​/​គ្រឿង​បំផ្ទុះ​បម្រើ​សកម្មភាព​ភេរវកម្ម ៥)​ការ​គ្រប់គ្រង​និង​ត្រួតពិនិត្យ​ព្រំដែន​ដើម្បី​ពង្រឹង​សន្តិ​សុខ និង ៦)​ចក្ខុវិស័យ​សម្រាប់​អនាគត​នៃ​តួនាទី​របស់​គយ​ក្នុង​ការ​ពង្រឹង​សន្តិសុខ និង​ប្រឆាំង​ភរ​វ​កម្ម ជាដើម ។

ឯកឧត្តម គុណ ញឹ​ម បាន​ធ្វើ​បទ​បង្ហាញ​អំពី​លទ្ធផល និង​បទ​ពិសោធន៍​នៃ​ការ​អនុវត្ត​គម្រោង “​សន្តិសុខ​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​” ដោយ​រដ្ឋបាល​គយ​កម្ពុជា ។ ឯកឧត្តម​បាន​លើក​ឡើង​ថា ក្នុង​បរិបទ​នៃ​ការ​គម្រាម​កំហែង​ជាស​កល​ដោយ​អំពើ​ភរ​វ​កម្ម រដ្ឋបាល​គយ​កម្ពុជា​មិន​ត្រឹមតែ​ខិតខំ​ប្រមូល​ចំណូល​ពន្ធ និង​អាករ​ចូល​ថវិកាជាតិ​តែ​ប៉ុណ្ណោះ​ទេ​, ការងារ​សន្តិសុខ​ក៏​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​សរសរ​ស្ដម​ទាំង​បួន​នៃ​យុទ្ធ​សាស្ត្រ​កែទម្រង់ និង​ទំនើប​កម្ម​គយ​ឆ្នាំ​២០១៩-២០២៣ របស់​គយ​កម្ពុជា​ផង​ដែរ ហើយ​ការ​ចូលរួម​អនុវត្ត​គម្រោង “​សន្តិសុខ​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​” ក៏​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​កម្មវិធី​ការងារ “​ពង្រឹង​សន្តិសុខ​” របស់​គយ​កម្ពុជា ដែល​ការងារ​នេះ​តម្រូវ​ឲ្យ​មាន​កិច្ច​សហប្រតិបត្តិការ​ទាំង​ក្នុង​ក្រប​ខណ្ឌ​ជាតិ តំបន់ និង​អន្តរជាតិ ។

ទន្ទឹម​នេះ ឯកឧត្តម​ក៏​បាន​លើក​ឡើង​អំពី​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​សំអាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេ​វរ​កម្ម ។ ជាក់ស្ដែង​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ ’​យុទ្ធសាស្ត្រ​ជាតិ​ស្ដី​ពី​ការ​ប្រឆាំង​ការ​សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ២០១៩-២០២៣” ដែល​ក្នុង​នោះ​មាន​ការ​ងារ​ជា​ច្រើន​ត្រូវ​អនុវត្ត​ដោយ​រដ្ឋបាល​គយ​កម្ពុជា ។ ឯកឧត្តម​ក៏​បាន​បញ្ជាក់​ថា ក្នុង​នាម​ជា​សមាជិក​អង្គការ​គយ​ពិភពលោក កម្ពុជា​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​បន្ត​ចូលរួម​ក្នុង​កម្មវិធី​សន្តិសុខ​អន្តរជាតិ​នានា ក្នុង​បរិបទ​នៃ​ការ​ទប់ស្កាត់ និង​ប្រឆាំង​ភេរវកម្ម ដើម្បី​ពង្រឹង​សន្តិសុខ​ជាតិ តំបន់ និង​ពិភពលោក ។

គួរ​បញ្ជាក់​ថា ក្រោម​គម្រោង “​សន្តិសុខ​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​” ក្រៅពី​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ពាក់ព័ន្ធ​នឹង​ការ​ទប់ស្កាត់​អំពើ​ភេរវកម្ម រដ្ឋបាល​គយ​កម្ពុជា​ក៏​បាន​ទទួល​ឧបករណ៍​/​សម្ភារៈ​មួយ​ចំនួន​ពី​អង្គការ​គយ​ពិភពលោក ហើយ​ឧបករណ៍​/​សម្ភារៈ​ទាំងនោះ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​មាត់ច្រក​សំខាន់​ៗ​មួយ​ចំនួន​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ