ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប ផ្ទៀងផ្ទាត់​លទ្ធផលបោះ​ឆ្នោត​ឡើង​វិញ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) បាន​ធ្វើការ​ផ្ទៀងផ្ទាត់​លទ្ធផល​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ឡើង​វិញ…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​) បាន​ធ្វើការ​ផ្ទៀងផ្ទាត់​លទ្ធផល​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ឡើង​វិញ មុន​ចេញផ្សាយ​លទ្ធផល បណ្តោះអាសន្ន នៅថ្ងៃ​ទី​៣១ ខែឧសភា និង​ឈាន​ទៅ​ប្រកាស​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ។
លោក នុ​ត សុខុម អនុប្រធាន គ​.​ជ​.​ប បានថ្លែងប្រាប់​អ្នក​សារព័ត៌មាន​បែប​នេះ កាលពី​ថ្ងៃ​ទី៣០ ខែឧសភា ពេល​គណៈកម្មការ​ជំនាញ​របស់ គ​.​ជ​.​ប កំពុងធ្វើការ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ ដោយ​មានការ​ចូលរួម​ពី​តំណាង​គណបក្ស​នយោបាយ អ្នក​សង្កេតការណ៍​ជាតិ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ ។

លោក​បន្ត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់​ឡើង​វិញ​នេះ​ដើម្បី​បញ្ជាក់​ពី​ភាព​ត្រឹមត្រូវ​នូវ​លទ្ធផល​បណ្តោះអាសន្ន​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៣ ដែល​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការ​បោះ​ឆ្នោត​បាន​បញ្ជូន​មក​ដល់ គ​.​ជ​.​ប ។ លោក នុ​ត សុខុម ថ្លែង​ទៀត​ថា រយៈពេល​២​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត និង​ថ្ងៃ​បិទ​ផ្សាយ​លទ្ធផល​បណ្តោះ អាសន្ន​នៃ​ការ​បោះ​ឆ្នោត​នៅ​ការិយាល័យ​បោះ​ឆ្នោត​ពាក់ព័ន្ធ គឺ​គណៈកម្មការ​រាជធានី ខេត្ត រៀបចំ​ការ​បោះ​ឆ្នោតទាំង​២៥ ក៏​ដូច​ជា គ​.​ជ​.​ប ពុំ​បាន​ទទួល​ពាក្យបណ្តឹង​ណាមួយ​ឡើយ ខណៈ​ដំណើរការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣ ដែល​បាន​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន គ្មាន​ការ​រាំងស្ទះ គ្មាន​អំពើ​ហិង្សា គ្មាន​ការ​គំរាមកំហែង ស្ថិត​ក្នុង​បរិយាកាស​សន្តិសុខ និង​សណ្តាប់ធ្នាប់​ល្អ ។

លោក ឆុំ ចាន់​ថន តំណាង​គណបក្ស​យុវជន​កម្ពុជា បាន​គាំទ្រ​ចំពោះ​ការ​ត្រួតពិនិត្យ ផ្ទៀងផ្ទាត់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី​៣​នេះ ដោយ​លោក​ថ្លែង​ថា ជា ការ​បង្ហាញ​ពី​ភាព​ត្រឹមត្រូវ តម្លាភាព និង​អ​ព្យាក្រឹ​ត​ភាព​របស់ គ​.​ជ​.​ប បើ​ទោះបីជា​គណបក្ស​ខ្លួន​ពុំ​បាន​ទទួល​បាន​សំឡេង​ក្នុង​ការ​ទទួល​បាន​អាសនៈ​ជា​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សម្រាប់​អាណត្តិ​ទី​៣​នេះ​ក៏​ដោយ ។ លោក ជា អៀង តំណាង​អង្គការ​សង្គម​សុ​ី វិល ដែល​ចូលរួម​ឃ្លាំមើល​ដំណើរការ​ត្រួតពិនិត្យផ្ទៀងផ្ទាត់​ លទ្ធផល​ឡើង​វិញ​នេះ កត់​សម្គាល់ថា សំឡេង​ឆ្នោត​នៅ​តាម​មណ្ឌលបោះឆ្នោត​ដែល​ធ្វើការ​ផ្ទៀងផ្ទាត់​ឡើង​វិញ​នេះ មិន​មានការ​ប្រែប្រួល​ផ្ទុយ​ពី​លទ្ធផល​ដែល​ត្រូវ​បាន​ប្រកាស​បឋម​នោះ​ឡើយ ។

យោង​តាម​លទ្ធផល​បឋម​របស់ គ​.​ជ​.​ប ដែល​ចេញផ្សាយ​កាលពី​យប់​ថ្ងៃ​ទី​២៦ ខែឧសភា បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា​អាច​គ្រប់គ្រង​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ទាំង​៥៥៩​អាសនៈ និង​សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ទាំង​៣.៥៥៥​អាសនៈ ខណៈ​គណបក្ស​នយោបាយ​៦​ទៀត ដែល​ចូលរួម​ប្រកួត​នៅ​តាម​មណ្ឌល​ទាំង​២៥​រាជធានី ខេត្ត និង​ក្រុង ស្រុក ខណ្ឌ សរុប​២០៣ ទទួល​បាន​សំឡេង​ឆ្នោត​មិន​គ្រប់​ចំនួន​ដើម្បី​ទទួល​បាន​អាសនៈ​ទេ ។

គួរ​រំឭក​ថា គណបក្ស​នយោបាយ​ដែល​ចូល រួមការ​បោះ​ឆ្នោត​អ​សកល​នេះ កាលពី​ថ្ងៃ​ទី​២៦ ខែឧសភា ឆ្នាំ​២០១៩ មាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សញ្ជាតិ​កម្ពុជា គណបក្ស​ហ្វុ​៊​នស៊ិ​ន​ប៉ិច គណបក្ស​ខ្មែរ​រួបរួម​ជាតិ គណបក្ស​យុវជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​ខ្មែរ​សាធារណរដ្ឋ ។ ទោះបីជា​យ៉ាងណា​គេ​ដឹង​ថា បើ​តាម​លទ្ធផល​សំ​ឡេ​ឆ្នោត​ង​បណ្តោះអាសន្ន គឺ​មាន​តែ​គណបក្ស​ប្រជាជន​កម្ពុជា​ប៉ុណ្ណោះ ដែល​អាច​គ្រប់គ្រង​អាសនៈ​ទាំងអស់ ៕ (សម្រួលដោយ៖ ស្រីណា)