ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះលាន់ធរណី…ខណៈត្រាក់ទ័រកំពុងព្យួរលើ​ដី​​អតីត​សមរភូមិក្តៅ​សម័យ​សង្គ្រាម

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ត្រាក់ទ័រ​១​គ្រឿង ខណៈ​កំពុង​បើក​ភ្ជួរ​ដីស្រែ​មួយ​កន្លែង​បាន​កិន​មីនតោន​១​គ្រាប់ បណ្ដាល​ឲ្យ​ផ្ទុះ​លាន់​កក្រើក​មេឃ ចំណែក​ត្រាក់ទ័រ​បាន​ប៉ើង​ខ្ទាត​ចេញពី​ស្រែ​ និង​ដាច់​ជា​បំណែក​ហោះហើរ​ឡើង​លើ​រប៉ាត់រប៉ាយ​ចម្ងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ​ជុំវិញ​កន្លែង​កើតហេតុ ។ រីឯ​បុរស​អ្នកបើកបរ​បាន​រង​របួស​យ៉ាង​ធ្ងន់ និង​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​គ្លីនិក​ដើម្បី​សង្គ្រោះ​ភ្លាម​ៗ…

ខេត្តកណ្តាល ៖ ត្រាក់ទ័រ​១​គ្រឿង ខណៈ​កំពុង​បើក​ភ្ជួរ​ដីស្រែ​មួយ​កន្លែង​បាន​កិន​មីនតោន​១​គ្រាប់ បណ្ដាល​ឲ្យ​ផ្ទុះ​លាន់​កក្រើក​មេឃ ចំណែក​ត្រាក់ទ័រ​បាន​ប៉ើង​ខ្ទាត​ចេញពី​ស្រែ​ និង​ដាច់​ជា​បំណែក​ហោះហើរ​ឡើង​លើ​រប៉ាត់រប៉ាយ​ចម្ងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ​ជុំវិញ​កន្លែង​កើតហេតុ ។ រីឯ​បុរស​អ្នកបើកបរ​បាន​រង​របួស​យ៉ាង​ធ្ងន់ និង​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​គ្លីនិក​ដើម្បី​សង្គ្រោះ​ភ្លាម​ៗ ប៉ុន្តែ​ដោយសារ​ស្ថានភាព​របួស​ធ្ងន់​ពេក​ ទើប​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ទៀត ។ អ្នក​ភូមិ​បាន​ប្រាប់​ថា តំបន់​នោះ​គឺជា​អតីត​សមរភូមិ​ក្ដៅ​ក្នុង​សម័យ​សង្គ្រាម​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ ហើយ​ក៏​ស្ថិត​នៅ​ជិត​អតីត​បន្ទាយ​លោក​សេនា​ប្រមុខ លន់ ន​ល់ ដែរ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោងប្រមាណ​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា នៅ​វាល
ស្រែ​ខាងជើង​វត្ត​សិម្ពលី ស្ថិត​ក្នុងភូមិ​ចំការ​ជោរ ឃុំ​ពើក ស្រុក​អង្គស្នួល ។ បុរស​រង​គ្រោះ​ឈ្មោះ ធី ទី អាយុ​៣៣​ឆ្នាំ មុខរបរ​បើក​ត្រាក់ទ័រ​ស៊ីឈ្នួល​ភ្ជួរ​ដីស្រែ មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​ខ្ទឹម ឃុំ​ព្រាល ស្រុក​កញ្ជ្រាច​ខេត្តព្រៃវែង ។ នេះ​ជា​លើក​ដំបូង​ហើយ ដែល​វត្តមាន​មីនតោន​បាន​កម្ទេច​ត្រាក់ទ័រ​នៅ​តំបន់​ខាងលើ និង​បង្ក​ការ​រង​របួស​ដល់​អ្នកបើកបរ ។ កន្លង​មក ព័ត៌មាន​ពី​ការ​កិន​មីនតោន​ឬ​ដើរ​ជាន់​មីន​នោះ មាន​តែ​នៅ​ខេត្ត​ភាគ​ខាងលិច​ប៉ុណ្ណោះ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ត្រូវបាន​អ្នក​ភូមិ​ជា​ច្រើន​នាក់​ជួល​ឲ្យ​ភ្ជួរ​ដី​ត្រៀម​ធ្វើស្រែ ហើយ​នៅ​មុន​កើតហេតុ​គាត់​បាន​ចាប់ផ្ដើម​ភ្ជួរ​ដីស្រែ​ឲ្យ​លោកយាយ​ម្នាក់​ឈ្មោះ ទេព សំ​អុល អាយុ​៧១​ឆ្នាំ ។ នៅ​ពេល​ភ្ជួរ​ហើយ​ស្រែ​១​ទំហំ​ជាង​២០​អា ក៏​ចុះ​ទៅ​ភ្ជួរស្រែ​១​ទៀត​ដែល​មាន​ទំហំ​ជាង​៣​អា និង​បាន​ភ្ជួរ​ជិត​រួច​ទៅ​ហើយ​នៅ​សល់​តែ​បន្តិច​ប៉ុណ្ណោះ ជា​អកុសល​ស្រាប់តែ​កង់​ក្រោយ​ត្រាក់ទ័រ​បាន​កិន​ចំ​មីនតោន​១​គ្រាប់​ដែល​កប់​ក្នុង​ដីស្រែ​នោះ បណ្ដាល​ឲ្យ​ផ្ទុះ​លាន់​កក្រើក​មេឃ​តែ​ម្ដង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ឃើញ​ទិ​ដ្ឋភាព​បែប​នេះ អ្នក​ភូមិ​បាន​នាំ​គ្នារ​ត់ទៅ​មើល ឃើញ​បុរស​អ្នកបើកបរ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៥​ម៉ែត្រ​ពី​ត្រាក់ទ័រ រង​របួស​ធ្ងន់ធ្ងរ​ដោយ​ដាច់​សាច់​ភ្លៅ​ខាងស្ដាំ​និង​ម្រាមជើង​ស្ដាំ ព្រមទាំង​រយះ​ដៃស្ដាំ ។ ចំណែក​ត្រាក់ទ័រ​រង​ការ​ខូចខាត​យ៉ាងដំណំ ដោយ​ដាច់​កង់​ក្រោយ​ខាងស្ដាំ និង​តួ​ខាងស្ដាំ​ជា​បំណែក​ៗ​តែ​ម្ដង ។

បន្ទាប់​មក កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​បាន​ហៅ​រថយន្ត​ពេទ្យ​ទៅ​ដឹក​បុរស​រង​គ្រោះ​ទៅកាន់​គ្លីនិក​មួយ​ដើម្បី​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ដោយសារ​តែ​របួសធ្ងន់​ពេក ទើប​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​វិញ ។ ជាមួយ​នេះ បាន​ទាក់ទង​ទៅ​ក្រុម​គ្រ​សារ​ជន​រង​គ្រោះ​នៅ​ឯ​ខេត្ត ព្រៃវែង​ដើម្បី​បានដឹង និង​ទៅ​មើលថែ​ជន​រង​គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ។ នៅ​ពេល​ផ្ទុះ​មីនតោន​នោះ បុរស​២​នាក់​ដែល​ស្ថិត​នៅ​ជិត​នោះ​ដែរ​មានសំណាង​ខ្លាំង​ណាស់ ដែល​បំណែក​ត្រាក់ទ័រ​និង​គ្រាប់​ហោះ​ពេញ​មេឃ​តែ​មិន​ត្រូវ​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់ ។

អ្នក​ភូមិ​និយាយ​ថា តំបន់​នោះ​សម្បូរ​គ្រាប់​ណាស់ ព្រោះ​កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៥ ទីនោះ​គឺជា​អតីត​សមរភូមិ​ក្ដៅ​ជា​ទីលានប្រយុទ្ធ​គ្នា​សុ​ី​សាច់​ហុតឈាម​រវាង​កង ទ័ព​លោក​សេនាប្រមុខ
លន់ ន​ល់ និង​កងទ័ព​ខ្មែរក្រហម ។ នៅ​ពេល​នោះ​ក៏​មាន​ប្រើ​កាំភ្លើង​គ្រប់​ប្រភេទ តាំងពី​កាំភ្លើង​ដៃ​រហូត​
ដក់​កាំភ្លើង​ផ្លោង ជា​ពិសេស​មាន​ទាំង​រថក្រោះ​រាប់​សិប​គ្រឿង​ថែម​ទៀត​ផង ។ សូ​ម្បី​តែ​វត្ត​សិម្ពលី​ដែល​ស្ថិត​
នៅ​ជិត​នោះ​ក៏​រង​ការ​ខ្ទេចខ្ទាំ​ដែរ មិនតែប៉ុណ្ណោះ ទីនោះ​ស្ថិត​នៅ​ជិត​អតីត​បន្ទាយ​ទ័ព លន់ ន​ល់ មួយ​ឈ្មោះ​ថា​បន្ទាយ​ព្រាប​នា​ជំនាន់​នោះ​ផង​ដែរ ។

ដូច្នេះ ក្រៅពី​ការ​ប្រយុទ្ធ​ក៏​មានការ​ដាក់​មីនតោន​ដើម្បី​ប្រឆាំង​នឹង​រថក្រោះ​ដែរ ហើយ​ការ​ផ្ទុះ​បង្ក​គ្រោះថ្នាក់​នា​ពេល​នេះ សង្ស័យ​ថា​ជា​គ្រាប់​មីនតោន​ដែល​បន្សល់​កាលពី​អំឡុង​សង្គ្រាម​កាលពី​ជាង​៤០​ឆ្នាំ​មុន​នោះ​។ ប៉ុន្តែ​អ្វី​ដែល​ពួក​គាត់ងឿងឆ្ងល់​នោះ គឺ​កាលពីមុន​ដីស្រែ​នោះ​មាន​ស្ថាន ភាព​ខ្ពស់​ដូច​ដី​ទួល ទើបតែ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ម្ចាស់​បាន​ជួល​គ្រឿងចក្រ​កាយ​ដី​ជម្រៅ​ប្រហែល​កន្លះ​ម៉ែត្រ​ដើម្បី​ឲ្យ​ទឹក​ដក់​ធ្វើ​ស្រ​បា​នែ​ល្អ ហើយ​ពេល​នោះ​មិន​មាន​កិន​មីន​ផ្ទុះ​សោះ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ស្រុក​អង្គ ស្នួល និង​នគរបាល​ប៉ុស្តិ៍​ពើក បាន​ទៅ​កាន់​ទីនោះ​រួច​រាយការណ៍​ជូន​ថ្នាក់លើ​និង​អង្គភាព​កម្ចាត់​មីន​សុ​ី​ម៉ាក់ ដើម្បី​ទៅ​ពិនិត្យ​ជាក់ស្ដែង ព្រមទាំង​រុករក​ក្រែង​មាន​គ្រាប់​មិន​ទាន់​ផ្ទុះ​នៅ​ជិត​នោះ​ទៀត ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ