ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រាក់ទ័រ​ភ្ជួរ​ដី​ប៉ះ​ចំ​មីនតោន​ផ្ទុះ​យ៉ាង​កក្រើក​ផ្អើល​ស្រុក​អង្គស្នួល (មានវីដេអូ)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ត្រាក់ទ័រ​មួយ​គ្រឿង​ខណៈ​កំពុង​បើក​ភ្ជួរ​ដីស្រែ​មួយ​កន្លែង​បាន​ប៉ះ​ចំ​មីនតោន​១​គ្រាប់ បណ្ដាល​ឲ្យ​ផ្ទុះ​លាន់​កក្រើក​មេឃ​តែ​ម្ដង ពេល​នោះ​ត្រាក់ទ័រ​ខាងលើ​បាន​ប៉ើង​ខ្ទាត​ចេញពី​ស្រែ និង​ដាច់​បំណែក​ហោះហើរ​ឡើង​លើ​រប៉ាត់រប៉ាយ​មាន​ចម្ងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ​ជុំវិញ​កន្លែង​កើតហេតុ ចំណែកឯ​អ្នកបើកបរ​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​គ្លីនិក​ឯក​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ដោយសារ​តែ​ស្ថានភាព​របួសធ្ងន់​ពេក​ទើប​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។…

ខេត្តកណ្ដាល ៖ ត្រាក់ទ័រ​មួយ​គ្រឿង​ខណៈ​កំពុង​បើក​ភ្ជួរ​ដីស្រែ​មួយ​កន្លែង​បាន​ប៉ះ​ចំ​មីនតោន​១​គ្រាប់ បណ្ដាល​ឲ្យ​ផ្ទុះ​លាន់​កក្រើក​មេឃ​តែ​ម្ដង ពេល​នោះ​ត្រាក់ទ័រ​ខាងលើ​បាន​ប៉ើង​ខ្ទាត​ចេញពី​ស្រែ និង​ដាច់​បំណែក​ហោះហើរ​ឡើង​លើ​រប៉ាត់រប៉ាយ​មាន​ចម្ងាយ​ប្រមាណ​ជាង​១០០​ម៉ែត្រ​ជុំវិញ​កន្លែង​កើតហេតុ ចំណែកឯ​អ្នកបើកបរ​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ និង​ត្រូវ​បាន​នគរបាល​បញ្ជូន​ទៅ​កាន់​គ្លីនិក​ឯក​ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ដែរ ប៉ុន្តែ​ដោយសារ​តែ​ស្ថានភាព​របួសធ្ងន់​ពេក​ទើប​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

ចំណុច​កើតហេតុ​ខាងលើ​នេះ​ត្រូវ​បាន​អ្នក​ភូមិ​បាន​ប្រាប់​ថា តំបន់​នោះ​គឺជា​អតីត​សមរភូមិ​ក្ដៅ​នៃ​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​ល​ន់នល់​និង​កងទ័ព​ខ្មែរក្រហម​នា​អំឡុង​ទស​វត្ស​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​១៩៧៥ ហើយ​ក៏​ស្ថិត​នៅ​ជិត​អតីត​បន្ទាយ​កងទ័ព​លោក​សេនាប្រមុខ​ល​ន់នល់​ទៀត​ផង​។

ហេតុការណ៍​ខាងលើ​បាន​បង្ក​ការ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៩ នៅ​ចំណុច​វាលស្រែ​ខាងជើង​វត្ត​សម្ពលី ស្ថិត​នៅ​ក្នុងភូមិ​ចំការ​ជោ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្ដាល​។

ជន​រង​គ្រោះ​ឈ្មោះ​ធី ទី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​បើក​ត្រាក់ទ័រ​ស៊ីឈ្នួល​ភ្ជួរ​ដីស្រែ មាន​ទីលំនៅ​​ក្នុងភូមិ​ត្រពាំង​ខ្ទឹម ឃុំ​ព្រាល ស្រុក​កញ្ជ្រាច ខេត្តព្រៃវែង​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ត្រូវ​បាន​អ្នក​ភូមិ​ជា​ច្រើន​នាក់​ជួល​ឲ្យ​ភ្ជួរ​ដី​ដើម្បី​ធ្វើស្រែ ហើយ​នៅ​មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ចាប់ផ្ដើម​ភ្ជួរ​ដីស្រែ​ឲ្យ​លោកយាយ​ម្នាក់​ឈ្មោះ​ទេព សំ​អុល អាយុ​៧១​ឆ្នាំ ដោយ​ភ្ជួរស្រែ​មួយ​កន្លែង​មាន​ទំហំ​ជាង​២០​អា បន្ទាប់​មក​បុរស​នោះ​ក៏​បាន​ចុះ​ទៅ​ភ្ជួរស្រែ​១​ទៀត​ដែល​មាន​ទំហំ​ជាង​៣​អា​ប៉ុណ្ណោះ​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ថា ពេល​នោះ​បុរស​រង​គ្រោះ​បាន​ភ្ជួរ​ដី​ជិត​រួច​ទៅ​ហើយ​នៅ​សល់​បន្តិច​ប៉ុណ្ណោះ​ជា​អកុសល​ស្រាប់តែ​កង់​ក្រោយ​ត្រាក់ទ័រ​បាន​កិន​ចំ​មីនតោន​១​គ្រាប់​កប់​ក្នុង​ដីស្រែ​នោះ បណ្ដាល​ឲ្យ​ផ្ទុះ​លាន់​កក្រើក​មេឃ​តែ​ម្ដង ហើយ​ត្រាក់ទ័រ​នោះ​បាន​ប៉ើង​ខ្ទាត​ចេញពី​ក្នុង​ស្រែ ព្រមទាំង​ដាច់​បំណែក​តូច​ធំ​ហោះហើរ​រប៉ាត់រប៉ាយ​ធ្លាក់​ចម្ងាយ​ប្រមាណ​ជា​១០០​ម៉ែត្រ​ជុំវិញ​កន្លែង​កើតហេតុ​ថែម​ទៀត​ផង​។

តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ឃើញ​ហេតុការណ៍​បែប​នេះ អ្នក​ភូមិ​បាន​នាំ​គ្នារ​ត់ទៅ​មើលឃើញ​ជន​រង​គ្រោះ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​៥​ម៉ែត្រ​ពី​ត្រាក់ទ័រ និង​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ដោយ​ដាច់​សាច់​ភ្លៅ​ខាងស្ដាំ និង​ម្រាមជើង​ស្ដាំ ព្រមទាំង​រយះ​ដៃស្ដាំ ចំណែក​ត្រាក់ទ័រ​វិញ​រង​ការ​ខូចខាត​យ៉ាងដំណំ ដោយ​ដាច់​កង់​ក្រោយ​ខាងស្ដាំ និង​តួ​ខាងស្ដាំ​ជា​បំណែក​ៗ​តែ​ម្ដង​។

ក្រោយ​កើតហេតុ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​បាន​ហៅ​រថយន្ត​ពេទ្យ​ទៅ​ដឹក​យក​បុរស​រង​គ្រោះ​ទៅ​កាន់​គ្លីនិក​ឯកជន​មួយ​ដើម្បី​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ដោយសារ​តែ​របួសធ្ងន់​ពេក​ទើប​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​វិញ ព្រមទាំង​ទំនាក់ទំនង​ទៅ​កាន់​ក្រុម​គ្រ​សារ​ជន​រង​គ្រោះ​នៅ​ឯ​ខេត្តព្រៃវែង​ដើម្បី​ឱ្យ​ដឹង និង​ទៅ​មើលថែ​ជន​រង​គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ ។ ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ