ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធីជួបជុំគូស្វាមីភរិយា500គូ…

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ ពិធី​ប្រសិទ្ធពរ​ជ័យសិរី​សួស្ដី​ជ័យ​មង្គលជូន​ដល់​គូ​ស្វាមីភរិយា ត្រូវបាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​សន្តិភាព​សាកលប្រចាំ​តំបន់​ឥណ្ឌូចិន (UPF) និង​អង្គការ​សហព័ន្ធសន្តិភាព​សកល​កម្ពុជា សហការ​ជាមួយ​រដ្ឋបាល​ខេត្ត ។ ពិធី​នេះ​ពិតជា​កម្រ​មាន​ធ្វើ​នៅ​តាម​ខេត្ត​ផ្សេង​ទៀត​ណាស់ ក្រៅពី​ខេត្តបន្ទាយមានជ័យ…

​ខេត្តបន្ទាយមានជ័យ ៖ ពិធី​ប្រសិទ្ធពរ​ជ័យសិរី​សួស្ដី​ជ័យ​មង្គលជូន​ដល់​គូ​ស្វាមីភរិយា ត្រូវបាន​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​សន្តិភាព​សាកលប្រចាំ​តំបន់​ឥណ្ឌូចិន (UPF) និង​អង្គការ​សហព័ន្ធសន្តិភាព​សកល​កម្ពុជា សហការ​ជាមួយ​រដ្ឋបាល​ខេត្ត ។ ពិធី​នេះ​ពិតជា​កម្រ​មាន​ធ្វើ​នៅ​តាម​ខេត្ត​ផ្សេង​ទៀត​ណាស់ ក្រៅពី​ខេត្តបន្ទាយមានជ័យ ។

នៅ​ក្នុង​ការ​ប្រារព្ធ​ធ្វើ​លើក​នេះ មានការ​ចូលរួម​ពី​សំណាក់​អស់លោក លោកស្រី​ជា​គូ​ស្វាមីភរិយា​ជាង​៥០០​គូ ដោយ​មានការ​ចូលរួម​ពី​សំណា​ក់​ភ្ញៀវ​ជាតិ​-​អន្តរជាតិ បណ្តា​តំណាង​សាសនា មួយ​ចំនួន ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៨ ខែឧសភា នៅ​ក្នុង​បុរី​ចិន​ខ្មៅ ស្ថិត​ក្នុងភូមិ​ក្បាល​ស្ពាន សង្កាត់​ព្រះ​ពន្លា ក្រុង​សិរី​សោភ័ណ ។

លោក ហា​ជី​មិ សៃ​តុ នាយក UPF ប្រចាំ​តំបន់​ឥណ្ឌូចិន មាន​ប្រសាសន៍​ថា ក្នុង​នាម​លោក​ជានា​យក UPF ពិតជា​មាន​ក្តី​រីករាយ​នៅ​ពេល​ឃើញ​បងប្អូន​កម្ពុជា​ស្រឡាញ់​គ្នា និង​មាន​ភាព​រួសរាយ​រាក់ទាក់ ។ លោក​បន្ត​ថា លោក​ពិតជា​កោតសរសើរ​ដល់​គូ​ស្វាមីភរិយា ដែល​បាន​ចាប់ដៃ​គ្នា​កសាង​សុភមង្គល​គ្រួសារ បាន​ពុះពារ​គ្រប់​បែប​យ៉ាង ឆ្លងកាត់​រាល់​ឧបសគ្គ ដោយ​ខ្លះ​ស្ទើរតែ​មួយ​ជីវិត​បាន​ចាប់ដៃ​គ្នា​កសាង​គ្រួសារ​ស្មោះ​មួយ​នឹង​មួយ ។ នេះ​ពិតជា​ប្រពៃណី​ដ៏​ផូរផង់​របស់​កម្ពុជា ។

លោក​បន្ត​ទៀត​ថា កម្ពុជា​ជា​ប្រទេស​គំរូ​ដែល​គូ​ស្វាមីភរិយា​ស្រឡាញ់​ស្មោះស្ម័គ្រ​គ្នា​មួយ​នឹង​មួយ ។ លោក​ក៏​បាន​ជូនពរ​ដល់​គូ​ស្វាមីភរិយា ដែល​បាន​ចូលរួម​ឲ្យ​ទទួល​បាន​សុភមង្គល ទទួល​បាន​សុខភាព​ល្អ និង​ធ្វើ​ជា​គ្រួសារ​គំរូ​សម្រាប់​ខេត្ត ក៏​ដូច​ជា​ប្រទេស​កម្ពុជា ។

ថ្លែង​ក្នុង​ឱកាស​នោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត បាន​ថ្លែង​ការ​គាំទ្រ​និង​លើកទឹកចិត្ត​យ៉ាង​សប្បាយ​រីក​រាយ​ចំពោះ​សហព័ន្ធ​សន្តិភាព​សាកល​កម្ពុជា រួម​ជាមួយ​ដៃគូ​ដែល​បាន​រៀបចំ​កម្មវិធី​នេះ​ឡើង ព្រោះ​មិន​ត្រឹមតែ​ផ្ដល់​សារ​ប្រយោជន៍​ដល់​ការ​អភិវឌ្ឍ សីលធម៌​នៅ​ក្នុង​គ្រួសារ និង​សង្គម​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​រួមចំណែក​ក្នុង​ការ​ផ្សារ​ភ្ជាប់​បណ្ដាញ​ទំនាក់ទំនង​កាន់តែ​ជិត​ស្និទ្ធ​រវាង​បងប្អូន ឪពុក​ម្ដាយ ជីដូន​ជីតា ញាតិ​សន្តាន​ដើម្បី​ពង្រឹង​សាមគ្គីភាព​ក្នុង​សង្គម លើកកម្ពស់​គុណធម៌ ការ​ដឹងគុណ ពង្រឹង​សេចក្តី​ស្រឡាញ់​ស្មោះ​ត្រង់ ព្រមទាំង​បង្ហាត់បង្រៀន​មនុស្ស​ឲ្យ​រស់នៅ​ប្រកបដោយ​ក្រមសីលធម៌​ខ្ពស់ និង​ចេះ​ជួយ​អ្នក​ដទៃ ។

ជាមួយ​នេះ បាន​បញ្ជាក់​ពី​ការ​ចូលរួម​លើកស្ទួយ​មនសិការ​ស្នេហា ការពារ​សន្តិភាព សីលធម៌ កាយសម្បទា សុខភាព ស្មារតី​ទទួលខុសត្រូវ ដោយ​គ្មាន​ការ​រើសអើង​ខាង​យេ​ន​ឌ័​រ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ និង​ផែនការ​យុទ្ធសាស្ត្រ នារីរតនៈ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវ​ឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណ​ភាព​សមត្ថភាព និង​គុណធម៌ ដែល​ជា​កត្តា​ពង្រីក​សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​ការ​ប្រជែង​របស់​ប្រទេស​នៅ​ក្នុង​តំបន់ ទាំង​សម្រាប់​អនាគត​ស្របតាម​ចក្ខុវិស័យ​ដ៏​វែង​ឆ្ងាយ​របស់​រាជរដ្ឋាភិបាល ។

លោក​អភិបាលខេត្ត​បន្ត​ថា នេះ​ជា​ការ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព សមត្ថ​ភាព​ និង​គុណធម៌ តាម​រយៈ​ការអនុវត្ត​វិធានការ​ចម្រុះ​ប្រទាក់ក្រឡា​គ្នា​ជាមួយរដ្ឋាភិបាល​កម្ពុជា គួប​ផ្សំ​ជា​មួយ​សមិទ្ធផល​សម្រេចកន្លង​ទៅ​របស់​រាជរដ្ឋាភិបាល ផ្អែក​លើ​សក្តា​នុពល​ដ៏​ធំធេង​របស់​កម្ពុជា ព្រម​ជាមួយ​ឆន្ទៈ​ដ៏​មោះមុត និង​ទេព​កោសល្យ​របស់​ពលរដ្ឋ​កម្ពុជា និងការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេចតេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ។

ជាមួយ​គ្នា​នេះ លោក​អភិបាលខេត្ត​បាន​លើក​ឡេ​ី​ង​ថា ថ្ងៃនេះ​មាន​បងប្អូន​គូ​ស្វាមីភរិយា ជា​ច្រេ​ី​ន​គូ រួម​នឹង​តំណាង​សាសនា​នានា​នៅ​ក្នុង​ខេត្ត ដោយ​បើក​ទូលាយ​ក្នុង​ការ​ជួបជុំ​គ្នា​នា​ពេលនេះ ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ សាសនា ពូជសាសន៍ ពណ៌​សម្បុរ​ឡើយ គឺ​ដើម្បី​ទទួលយក​ភាព​សុខដុមរមនា​ក្នុង​សង្គម​គ្រួសារ​ខ្មែរ ៕​ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ