ខេត្តក្រចេះ ៖ យុវជនម្នាក់ស្លាប់ភ្លាមៗក្រោយត្រូវដើមឈើបាក់សង្កត់លើ ពេលកំពុងជិះម៉ូតូម្នាក់ឯងលើផ្លូវជាតិ ខណៈក៏កំពុងធ្លាក់ភ្លៀងលាយដោយខ្យល់បក់យ៉ាងខ្លាំង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៦ ឧសភា កន្លងមក ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៧ ។
សេចក្តីរាយការណ៍ឱ្យដឹងថា ជនរងគ្រោះខាងលើ មានឈ្មោះ ហេង ស៊ីលិញ អាយុ២៦ឆ្នាំ រស់នៅភូមិកន្ទួតឃុំកន្ទួត ស្រុកចិត្របុរី។ ដើមឈើដែលបាក់សង្កត់លើជនរងគ្រោះ គឺជាដើមសង្កែដុះតាមចិញ្ចើមផ្លូវ ។
នគរបាលមូលដ្ឋានស្រុកចិត្របុរីបាននិយាយថា មេឃមានភ្លៀងលាយខ្យល់បក់បោកខ្លាំង ហើយជនរងគ្រោះ បានជិះម៉ូតូឆ្ពោះទៅផ្ទះ ។ លុះជិះមកចំណុចកើតហេតុ ក៏ត្រូវដើមសង្កែមួយដើមបាក់សង្កត់ពីលើជនរងគ្រោះ បណ្តាលឱ្យដួលម៉ូតូតែម្តង ។
ករណីនេះ ត្រូវគេចាត់ទុកថា ជាបាតុភូតធម្មជាតិមួយដ៏អាក្រក់ ដែលបានបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សរហូតស្លាប់ នាដើមរដូវធ្លាក់ភ្លៀងនេះ ។ ក្រៅពីនោះ ក៏នៅមានគ្រោះដោយរន្ទះបាញ់មនុស្ស និងសត្វទៀតផង ។ ដូច្នេះ សូមបងប្អូនមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពខ្លួនឱ្យបានខ្ពស់បំផុត ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ