ខេត្តឧត្តរមានជ័យ ៖ ជនជាប្តីដែលជាឃាតករ ត្រូវសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋាននគរបាលស្រុក សាកសួរ ជននេះក៏បានឆ្លើយសារភាពថា «រូបគេបានប្រើប្រាស់សារធាតុញៀន កាលពី២ថ្ងៃមុន ទើបចិត្តដាច់ហ៊ានកាប់់ប្រពន្ធបែបនេះ» ។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចំណែកសពស្ត្រីរងគ្រោះ សមត្ថកិច្ចបានប្រគល់ទៅឱ្យសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ។
គួររំលឹកថា ស្ត្រីម្នាក់បានដួលស្លាប់យ៉ាងអាណោចអាធ័មបំផុត នៅក្នុងថ្លុកឈាមចោលកូនប្រុសជាទីស្រឡាញ់ដោយសារត្រូវបុរសជាប្តី ដែលបែកថ្នាំកាប់នឹងកាំបិតខ្វែវចំនួន៤កាំបិត កាលពីវេលាម៉ោងប្រមាណ១ និង៣០នាទីរសៀលថ្ងៃទី២៧ ខែឧសភា នៅភូមិស្រែក្រសាំង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ។
ស្ត្រីរងគ្រោះដែលត្រូវប្តីកាប់ស្លាប់នេះ ឈ្មោះម៉ាប់ ស្រីមុំ អាយុ២៥ឆ្នាំ ឯប្តីដែលជាឃាតករបាតដៃប្រឡាក់ឈាមឈ្មោះ អង រ័ត្ន អាយុ២៧ឆ្នាំ ។ ប្តី-ប្រពន្ធនេះជាកសិករ មានកូនប្រុសម្នាក់ទើបមានអាយុ៤ឆ្នាំ មកស្នាក់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ និងមានទីលំនៅក្នុងភូមិដំណាក់ថ្មី ឃុំតាគង់ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។ ក្រោយពីកាប់ប្រពន្ធស្លាប់ ជននេះក៏ត្រូវបានអ្នកភូមិព័ទ្ធចាប់ខ្លួន ប្រគល់ទៅឱ្យអាវុធហត្ថស្រុកត្រពាំងប្រាសាទភ្លាមៗដែរ ។
មន្ត្រីនគរបាលស្រុកត្រពាំងប្រាសាទបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីករណីហិង្សានេះភ្លាម សមត្ថកិច្ចបានទៅដល់ធ្វើការពិនិត្យសពស្ត្រីរងគ្រោះឃើញមានស្នាមកាប់ចំនួន៤កន្លែង គឺត្រចៀកខាង
ស្តាំ ស្មាខាងស្តាំ កញ្ចឹងកនិងដើមដោះទាំងសងខាង ។
ប្រសិនបើការកាប់ប្រហារប្រពន្ធមិនញញើតដៃ ដោយសារតែការប្រើសារធាតុញៀនហួសកម្រិត(បែកថ្នាំ) ក៏ជាប្រកាសអាសន្ន សម្រាប់ក្រុមគ្រួសារអ្នកប្រើសារធាតុញៀនទាំងឡាយ គប្បីមានការប្រុងប្រយ័ត្ន ព្រោះឧទាហរណ៍ជាក់ស្តែង បានកើតមានច្រើនហើយ ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ