ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​កម្ពុជា​ត្រូវ​ផ្តោត​លើ​ចំណុច​សំខាន់​អ្វីខ្លះ​ដើម្បី​សម្រេច​នូវ​មហិច្ឆតា​ជា​ប្រទេស មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​?

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​លាតត្រដាង​នូវ​មហិច្ឆតា​ប្រែក្លាយ​កម្ពុជា​ឲ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​-​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​ដែល​មាន​កម្រិត​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។ មហិច្ឆតា​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល​មួយ​នេះ​គឺ​ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់ ក៏​ប៉ុន្តែ​មាន​សំណួរ​ជា​ច្រើន​បាន​លើក​ឡើង​ថា​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​គោលដៅ​សំខាន់​ទាំងនេះ តើ​កម្ពុជា​ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់ ឬ​ធ្វើការ​អភិវឌ្ឍ​លើ​ផ្នែក​អាទិភាព​សំខាន់​ៗ​អ្វីខ្លះ…

ខេត្តសៀមរាប ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​លាតត្រដាង​នូវ​មហិច្ឆតា​ប្រែក្លាយ​កម្ពុជា​ឲ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​-​កម្រិត​ខ្ពស់​នៅ​ឆ្នាំ ២០៣០ និង​ជា​ប្រទេស​ដែល​មាន​កម្រិត​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ។ មហិច្ឆតា​ដ៏​ធំធេង​របស់​រាជរដ្ឋាភិបាល​មួយ​នេះ​គឺ​ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់ ក៏​ប៉ុន្តែ​មាន​សំណួរ​ជា​ច្រើន​បាន​លើក​ឡើង​ថា​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​នូវ​គោលដៅ​សំខាន់​ទាំងនេះ តើ​កម្ពុជា​ត្រូវ​ផ្តោត​ការ​យកចិត្តទុកដាក់ ឬ​ធ្វើការ​អភិវឌ្ឍ​លើ​ផ្នែក​អាទិភាព​សំខាន់​ៗ​អ្វីខ្លះ ឱ្យ​ស្រប​ទៅ​បរិបទ​បច្ចុប្បន្ន​ដែល​កម្ពុជា​មាន​ទាំង​បញ្ហា​ប្រឈម​និង​ឱកាស​នេះ?

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ខាងលើ បើ​តាម​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក​បណ្ឌិត អុ​ិ​ត សំ​ហេង បាន​ថ្លែង​ទទួលស្គាល់​នៅ​ក្នុង​ពិធី​បើក​កិច្ច​សន្ទនា​ជាន់ខ្ពស់​ថ្នាក់​ជាតិ​ស្តី​ពី «​អនាគត​នៃ​ការងារ​សម្រាប់​កម្ពុជា​» នៅ​សណ្ឋាគារ​ទ្បឺ​រ៉ូ​យ៉ា​ល់​កាលពី​ថ្ងៃ​ទី​២៧ ខែឧសភា ម្សិលមិញ​ថា កម្ពុជា​ពិតជា​កំពុង​ជួប​ប្រទះ​នូវ​បញ្ហា​ភាព​មិន​ស៊ីគ្នា​នៃ​ជំនាញ និង​ការ​ផ្គត់ផ្គង់​ជំនាញ​មិន​គ្រប់គ្រាន់ ដោយសារ​តែ​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​នៅ​មាន​កម្រិត និង​មិន​ទាន់​អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​កម្លាំង​ពលកម្ម​ដែល​កំពុង​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់រហ័ស​។ ជាង​នេះ​កា​រវិ​វត្ត​បច្ចេកវិទ្យា​ក្នុង​ដំណាក់កាល​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ នឹង​បណ្តាល​ឱ្យ​មានការ​បាត់បង់​ការងារ ហើយ​ក៏​បង្កើត​ឱ្យ​មាន​ប្រភេទ​ការងារ​ថ្មី​ៗ​។ ប៉ុន្តែ អ្នក​ដែល​បាត់បង់​ការងារ​ក្នុង​ដំណាក់កាល​វិ​វត្ត​នេះ នឹង​មិន​អាច​ស្វែងរក​ការងារ​បាន​នោះ​ទេ ប្រសិនបើ​ពួក​គេ​មិន​ទទួល​បានការ​បណ្តុះបណ្តាល​ជំនាញ​ទ្បើ​ង​វិញ និង​បង្កើន​សមត្ថភាព​ជំនាញ​។

លោក​បណ្ឌិត​បាន​មាន​ប្រសាសន៍​បន្ត​ថា « យើង​មិន​មាន​ជម្រើស​អ្វី​ក្រៅពី​បង្កើន​សមត្ថភាព​ជំនាញ​ដល់​កម្លាំង​ពលកម្ម​, បង្កើន​ផលិតភាព​, បង្រួម​គម្លាត​ភាព​មិន​ស៊ីគ្នា​នៃ​ជំនាញ​, ពង្រឹង​សេវា​ព័ត៌មាន​ទីផ្សារ​ការងារ និង​សេវា​រក​ការងារ​ឱ្យធ្វើ​, បង្កើន​គុណភាព​អប់រំ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ទិស​ដៅ​ដើម្បី​ចាប់​យក​អត្ថប្រយោជន៍​ជា​អតិបរមា និង​កាត់​បន្ថយ​ផល​ប៉ះពាល់​អវិជ្ជមាន​នៃ​ការ​ប្រែប្រួល​ពិភព​ការងារ និង​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជំនាញ​នា​ពេល​អនាគត​»​។

តាម​លោក​រដ្ឋមន្ត្រី ដោយ​យល់​ឃើញ​អំពី​បញ្ហា​ប្រឈម​ខាងលើ និង​សក្តានុពល​ផ្នែក​ប្រជាសាស្ត្រ​របស់​កម្ពុជា រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ សំដៅ​ធានា​កំណើនសេដ្ឋកិច្ច​ខ្ពស់​និង​ប្រកបដោយ​ចីរភាព តាម​រយៈ​ការ​ទាញ​យក​ប្រយោជន៍​ពី​កាលានុវត្តភាព​នៅ​ក្នុង​តំបន់ ចាប់​យក​បច្ចេកវិទ្យា​ថ្មី​ៗ និង​ចាប់​យក​ឱកាស ក៏​ដូច​ជា​ជម្នះ​រាល់​ផល​អវិជ្ជមាន​នៃ​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ ព្រមទាំង​លើកកម្ពស់​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។

លោក​បណ្ឌិត អុ​ិ​ត សំ​ហេង បាន​បញ្ជាក់​បន្ថែម​ថា «​ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ឋានៈ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០ ដោយ​ផ្តោត​ជា​ពិសេស​លើ​អាទិភាព​ដូច​ខាងក្រោម ៖ ១) – ការ​អភិវឌ្ឍ​ធនធានមនុស្ស រួម​មាន ការ​ពង្រឹងគុណភាព​វិស័យ​អប់រំ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស ការ​លើកកម្ពស់​សេវា​សុខភាព​សាធារណៈ​និង​អាហារូបត្ថម្ភ និង​ការ​ពង្រឹង​សមភាព​យេ​ន​ឌ័​រ​និង​ការ​គាំពារ​សង្គម​។ ២)- ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច រួម​មាន ការ​កែ​លម្អ​ប្រព័ន្ធ​ទ្បូ​ជី​ស្ទីក ការ​លើកកម្ពស់​កា​រត​ភ្ជាប់​ផ្នែក​ដឹក​ជញ្ជូន ថាមពល​និង​ឌី​ជី​ថ​ល ការ​អភិវឌ្ឍ​ប្រភព​កំណើនសេដ្ឋកិច្ច​គន្លឹះ​និង​ថ្មី​ៗ ការ​រៀបចំ​ខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​និង​ការ​ឆ្លើយ​តប​នឹង​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤ និង​ការ​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​និង​ធនាគារ​។ ៣) – ការ​អភិ​ឌ្ឍ​វិស័យ​ឯកជន​និង​ការងារ រួម​មាន ការ​អភិវឌ្ឍ​ទីផ្សារ​ការងារ ការ​លើក​ស្ទួយ​សហគ្រាស​ធុន​តូច​និង​មធ្យម និង​សហគ្រិនភាព ការ​រៀបចំ​និង​អនុវត្ត​ភាព​ជា​ដៃគូ​វិស័យ​សាធារណៈ​និង​ឯកជន និង​ការ​ពង្រឹង​ការ​ប្រកួតប្រជែង​»​។

បើ​តាម​លោក​រដ្ឋមន្ត្រី ក្រៅពី​ផ្តោត​ការ​យកចិត្តទុកដាក់​ទៅ​លើ​ចំណុច​អាទិភាព​សំខាន់​ទាំង​៣​ខាងលើ​នេះ និង​ឱ្យ​ស្រប​តាម គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥ រាជរដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ដាក់​ចេញ​ជា​គោលនយោបាយ​សំខាន់​ៗ ក្នុង​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ លោក​បណ្ឌិត​បាន​បន្ត​ថា គោលនយោបាយ​ជាតិ​ស្តី​ពីមុខ​របរ​និង​ការងារ ឆ្នាំ​២០១៥-២០២៥ សំដៅ​បង្កើន​ឱកាស​ការងារ​សមរម្យ និង​លើកកម្ពស់​ផលិតភាព​ការងារ ជំរុញ​ការ​អភិវឌ្ឍ​ជំនាញ​និង​ធនធានមនុស្ស ព្រមទាំង​ពង្រឹង​អភិបាលកិច្ច​ទីផ្សារ​ការងារ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម និង​ការ​ផ្លាស់​ប្តូរ​នៃ​និម្មាបនកម្ម​សេដ្ឋកិច្ច ទាំង​ក្នុង​ប្រទេស តំបន់ និង​សកលលោក សំដៅ​សម្រេច​បាន​នូវ​គោលបំណង​៖ ១) – បង្កើន​ឱកាស​ការងារ​សមរម្យ និង​មាន​ផលិតភាព​ការងារ​ខ្ពស់​, ២) – លើកកម្ពស់​ការ​អភិវឌ្ឍ​ជំនាញ​និង​ធនធានមនុស្ស និង​៣) – ពង្រឹង​អភិបាលកិច្ច​ទីផ្សារ​ការងារ​។

លោក​បាន​បន្ថែម​ទៀត​ថា គោលនយោបាយ​ជាតិ​ស្តី​ពី​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំ​២០១៧-២០២៥ មាន​ចក្ខុវិស័យ​លើកកម្ពស់​ជីវភាព​រស់នៅ សេចក្តី​ថ្លៃថ្នូរ​របស់​ប្រជាពលរដ្ឋ បង្កើន​បាន​នូវ​កម្លាំង​ពលកម្ម​ឬ​ធនធានមនុស្ស​កម្ពុជា​ប្រកបដោយ​ចំណេះដឹង សមត្ថភាព ជំនាញ ឥរិយាបថ​ការងារ សីលធម៌​វិជ្ជាជីវៈ​ផលិតភាព​ខ្ពស់ និង​មាន​លក្ខណៈ​ប្រកួតប្រជែង​សម្រាប់​ការងារ​ពេញ​មួយ​ជីវិត និង​មាន​គោលបំណង​ចំនួន​៤ គឺ ១) – ពង្រឹងគុណភាព​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, ២) – បង្កើន​លទ្ធភាព​ទទួល​បានការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, ៣) – លើក​ទឹក ចិត្ត​ភា ព​ជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន និង ៤-)​អភិបាលកិច្ច​នៃ​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈ​។

បន្ថែម​លើស​ពី​នេះ នៅ​ដើមឆ្នាំ​២០១៩ នេះ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​បន្ត​ដាក់​ចេញ​នូវ ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឆ្នាំ​២០១៩-២០២៣ ដែល​បាន​កំណត់​នូវ​យុទ្ធសាស្ត្រ​គន្លឹះ​ចំនួន​៥ ដែល​ក្នុង​នោះ​យុទ្ធសាស្ត្រ​ទី​២​គឺ «​ការ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​» ដើម្បី​កសាង​បាន​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់​, គំនិត​ច្នៃប្រឌិត និង​ភាព​ប្រកួតប្រជែង​ខ្ពស់​ដែល​គាំទ្រ​ដល់​ការ​ធ្វើ​ពិពិធ​កម្ម​ឧស្សាហកម្ម​៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ