ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​តៃ​វ៉ាន់​នាំ​គ្រឿង​ញៀន​ជាប់​គុក​៧​ឆ្នាំ​ និង​ពិន័យ​១៥លាន​រៀល

15 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ បុរស​ជន​ជាតិ​ចិន​តៃ​វ៉ាន់​ម្នាក់​ដែល​បាន​លាក់​ទុក​​គ្រឿង​ញៀន​ប្រភេទ​ហេរ៉ូ​អីុន​ទម្ងន់​ជាង​៩០​ក្រាម​ ​បំណង​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា​ឆ្លង​ដែន​ទៅ​កោះ​តៃ​វ៉ាន់​នោះ​ បាន​ត្រូវ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​លើក​យក​មក​ប្រកាស​សាល​ក្រម​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១១ ដោយ​សម្រេច​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នា​គារ​រយៈ​ពេល​៧​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​១៥​លាន​រៀល ​ពី​បទ​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​។ បុរស​ជន​ជាតិ​ចិន​តៃ​វ៉ាន់​រូប​នេះ​ឈ្មោះ​KUO DAYU (ឃូ ដា​យូ​) ហៅ YEFFEREY អាយុ​៤៣​ឆ្នាំ បាន​ត្រូវ​សមត្ថ​កិច្ច​គយ​ប្រចាំ​ច្រក​ទ្វារ​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ​ភ្នំពេញ​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១០​។ បន្ទាប់​ពី​ការ​ឃាត់​ខ្លួន​រួច​មក​ ខាង​គយ​ប្រចាំ​ការ​នៅ​ច្រក​ទ្វារ​ព្រលាន​យន្ត​ហោះ​សហ​ការ​ជាមួយ​ប៉ូលិស​ប្រឆាំង​គ្រឿង​ញៀន​ បាន​ដក​ហូត​វត្ថុ​តាង​គ្រឿង​ញៀន​ប្រភេទ​ហេរ៉ូ​អីុន​៣​កញ្ចប់​តូចមាន​​ទម្ងន់​សរុប​៩៩,៥ក្រាម​ និង​សំភារ​មួយ​ចំនួន​ទៀត​នៅ​ក្នុង​វ៉ាលីស។

ក្រោយ​ពី​ការ​ឃាត់​ខ្លួន​ និង​ដក​ហូត​វត្ថុ​តាង​រួច​មក​ ប៉ូលិស​ប្រឆាំង​គ្រឿង​ញៀន​ក៏​បាន​នាំ​ខ្លួន​បុរស​ជន​ជាតិ​តៃ​វ៉ាន់​រូប​នេះ​​ទៅ​កាន់​មន្ទីរ​​ប្រឆាំង​គ្រឿង​ញៀន​ដើម្បី​សាក​សួរ​​ពី​ករណី​លាក់​ទុក​គ្រឿង​​ញៀន​នៅ​ក្នុង​វ៉ា​លី​ស។ លុះ​មក​ដល់​ថ្ងៃ​ទី​៣ ខែ​កញ្ញា​ ឆ្នាំ​២០១០ ប៉ូលិស​បាន​រៀប​ចំ​កសាង​សំណុំ​រឿង​ និង​បញ្ជូន​​ជន​ជាប់​ចោទ​ ព្រម​ទាំង​វត្ថុ​តាង​ទៅ​សាលា​ដំបូង​​ដើម្បី​ចាត់​ការ​តាម​ច្បាប់​។​ រយៈ​ពេល​ជិត​៦​ខែ​ក្រោយ​មក ​ពោល​គឺ​នៅ​ថ្ងៃ​ទី​១០ ខែ​មីនា ឆ្នាំ​​២០១១ សាលា​ដំបូង​​រាជ​ធានី​ភ្នំពេញ​​បាន​លើក​យក​រឿង​ក្តី​នេះ​មក​បើក​សវនា​ការ​ជំនុំ​ជម្រះ​ដោយ​មានការ​ចូល​រួម​ពី​លោក​ឌុច គឹម​សន ប្រធាន​ក្រុម​​ប្រឹក្សា​ជំនុំ​ជម្រះ ​​លោក​សេង នាង លោក​តែ​ សំអាង ជា​សមា​ជិក​ និងលោក​ជេត ខេមរា ជា​តំណាង​អយ្យ​ការ​។​
ដោយ​ឆ្លើយ​តាម​រយៈ​អ្នក​បក​ប្រែ បុរស​​ឈ្មោះ KUO DAYU បាន​បដិ​សេធ​ថា ខ្លួន​មិន​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​ប្រកាន់​ទេ ពោល​គឺ​ក្នុងអំឡុង​ពេល​ដែល​ខ្លួន​ស្នាក់​នៅក្នុង​​សណ្ឋា​គារ​មាន​មនុស្ស​បាន​ចេញ​ចូល​ក្នុង​បន្ទប់​នោះ​ ដោយ​ពេល​នោះ​ខ្លួន​មាន​ជម្លោះ​ជាមួយ​ឈ្មោះ​ថាន់ ហើយ​ប្រហែល​ជា​ឈ្មោះ​នេះ​បាន​ប្រើ​ល្បិច​យក​គ្រឿង​ញៀន​ទុក​ក្នុង​វ៉ា​លីស ៕